កាលពីថ្ងៃច័ន្ទ កូនស្រីរបស់អ្នកនយោបាយគណបក្សកាន់អំណាចប្រចាំខេត្តសៀមរាប ដែលបានបើករថយន្តទំនើបក្នុងល្បឿនលឿន ហើយបានបុកនិស្សិតស្រីឆ្នើមម្នាក់បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ កាលពីខែមីនា ត្រូវបានដោះលែងឲ្យមានសេរីភាពបន្ទាប់ពីជាប់ឃុំខ្លួនក្នុងពន្ធនាគារចំនួនពីរខែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៦ ខែមីនា នាងយិន ម៉ាណា វ័យ១៦ឆ្នាំ បានបើករថយន្តទំនើបម៉ាក Range Rover ក្នុងល្បឿនលឿនទៅបុកនិស្សិតស្រីឆ្នើម ឌុំ រីដា ដែលជិះម៉ូតូម៉ាក គុប បណ្តាលឲ្យនាងបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ។ តុលាការបានចាប់ឃុំខ្លួន នាងយិន ម៉ាណា តាំងពីថ្ងៃទី២៩ ខែមីនា កន្លងទៅនេះ បន្ទាប់ពីក្រុមគ្រួសារ ឌុំ រីដា ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ទាមទារសំណងចំនួន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
កាលពីពាក់កណ្តាលខែឧសភានេះ តុលាការរាជធានីភ្នំពេញបានសម្រេចសាលក្រមផ្តន្ទាទោសនាងយិន ម៉ាណា ឱ្យជាប់ពន្ធនាគារ១ឆ្នាំ អនុវត្តព្យួរទោសសាកល្បងបីឆ្នាំ និងហាមកាន់ចង្កូតយានយន្តបើកបរលើផ្លូវសាធារណៈ។
ក្រុមគ្រួសារ នាងឌុំ រីដា វ័យ២៣ ដែលជានិស្សិតស្រីឆ្នើមផ្នែកវិទ្យាសាស្ត្រនយោបាយ បង្ហាញពីការអស់សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌បន្តទៀត។
នាងឌុំ វណ្ណេត ដែលជាបងស្រីរបស់ជនរងគ្រោះ បានប្រាប់ វីអូអេ ថា៖
«និយាយទៅខ្ញុំឈប់ទាមទារអីហើយបង និយាយទៅឲ្យច្បាប់គេអ្នកកាត់ទោសម៉េច ឲ្យវាតាមហ្នឹងអ៊ីចឹងទៅ»។
នាងវណ្ណេត បានបន្ថែមប្រាប់វីអូអេថា៖
«និយាយទៅ ខ្ញុំអត់ចង់បន្តរឿងទៅតទៀតអ៊ីចឹងហ្នឹងណាបង ថាម៉េចតាមហ្នឹងអ៊ីចឹងទៅ ព្រោះអត់ចង់ឲ្យរឿងវានៅតទៀត ឲ្យវាស្ងប់តាមត្រឹមប៉ុណ្ណឹងចឹងទៅ ព្រោះអត់ចង់ឲ្យគ្រួសារម៉ែគាត់ពិបាក នៅរឿងរ៉ាវហ្នឹងទៀតគាត់ពិបាក»។
លោក សុខ អួង នៃក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ដែលទើបបានបង្កើតក្នុងពេលថ្មីៗនេះ និងជាមេធាវីការពារឲ្យម្តាយកញ្ញាឌុំ រីដា ឈ្មោះ ផាត់ ពៅ បាននិយាយប្រាប់វីអូអេតាមទូរសព្ទថា លោកមិនមានសិទ្ធិបកស្រាយពីការសម្រេចរបស់តុលាការនេះឡើយ។ ប៉ុន្តែលោកនឹងគោរពតាមការសម្រេចចិត្តរបស់ក្រុមគ្រួសារជនរងគ្រោះ។
លោកបាននិយាយថា៖
«ករណីហ្នឹងបើសិនជាលោកស្រីផាត់ ពៅ គាត់ចង់ប្តឹងឧទ្ទរណ៍ឬយ៉ាងណា គាត់នឹងប្រាប់ខ្ញុំ នៅក្នុងអំឡុងពេល៣០ថ្ងៃ គិតពីថ្ងៃ១៧ ខែឧសភា ២០១៩ហ្នឹងទៅណាបង ព្រោះតុលាការគេបើកសិទ្ធិឲ្យភាគីប្តឹងឧទ្ទរណ៍»។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានប្រាប់ វីអូអេ ថា ការអនុវត្តច្បាប់របស់តុលាការគឺមានភាពមិនប្រក្រតី ដោយសារតែជនបង្កដែលមានទ្រព្យសម្បត្តិតែងតែត្រូវបានសម្រួលទោសទាន់។
លោកបាននិយាយប្រាប់ វីអូអេ ថា៖
«និយាយទៅធ្វើឲ្យគេមើលឃើញថាយុត្តិធម៌និងឥទ្ធិពលគ្រួសារ ឬក៏អ្នកដែលមានប្រាក់ហ្នឹងគឺជាស្តង់ដារនៃការអនុវត្តច្បាប់មួយ។ ហើយសម្រាប់ប្រជាពលរដ្ឋសាមញ្ញពួកគាត់ប្រឈមនឹង បើសិនជាពួកគាត់មានកំហុសគាត់ប្រឈមមុខនឹងការទទួលទោសហ្នឹងនៅក្នុងស្តង់ដារមួយផ្សេងទៀត»។
ទោះយ៉ាងណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផានណា មិនបានបញ្ជាក់ច្បាស់លាស់ពីហេតុផលដែលតុលាការសម្រេចដោះលែងនាង យិន ម៉ាណា ឡើយ។
លោកបានឆ្លើយប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិកថា៖
«តុលាការបានជំនុំជម្រះនិងសម្រេចដោយសាលក្រមផ្តន្ទាទោសដាក់គុកចំនួន១២ខែ ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន ២ ខែ ហើយទោសនៅសល់ត្រូវព្យួរ»។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានទេរហូតដល់ល្ងាចថ្ងៃពុធនេះ៕