ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​សាស្រ្តាចារ្យ​ដែល​ត្រូវ​ហ្វូង​មហាជន​វាយប្រហារ​ប្តឹង​ទាមទារ​ឲ្យ​ដាក់​ទោស​ជនល្មើស​និង​ទារ​សំណង


បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សាស្រ្តាចារ្យ​សាកល​វិទ្យាល័យ​មួយ​រូប​ បាន​រងរបួស​ជា​ទម្ងន់ ក្រោយពី​មហាជន​មួយ​ចំនួន​បាន​ព្រួត​គ្នា​វាយ​ បន្ទាប់ពី​បុរស​ម្នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់។(រូបភាពដកស្រង់ពីហ្វេសប៊ុក)
បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សាស្រ្តាចារ្យ​សាកល​វិទ្យាល័យ​មួយ​រូប​ បាន​រងរបួស​ជា​ទម្ងន់ ក្រោយពី​មហាជន​មួយ​ចំនួន​បាន​ព្រួត​គ្នា​វាយ​ បន្ទាប់ពី​បុរស​ម្នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់។(រូបភាពដកស្រង់ពីហ្វេសប៊ុក)

ក្រុម​គ្រួសារ​សាស្រ្តាចារ្យ​ដែល​ត្រូវ​ហ្វូង​មហាជន​វាយប្រហារ​ពាក់ព័ន្ធ​នឹង​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​​យក​ទៅ​ដាក់​ទោស​ និង​​ទាមទារ​​សំណង​​​ជំងឺ​ចិត្ត​ចំនួន​៣សែន​ដុល្លារ។

បន្ទាប់ពីសាស្រ្តាចារ្យ​សាកល​វិទ្យាល័យ​មួយ​រូប​ ​បាន​រងការវាយ​ប្រហារ​យ៉ាង​ដំណំ​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ​ ​ដែល​បានចោទ​លោកថាបាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​បើក​រត់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ ​កូនស្រី​របស់​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាម​រយៈមេធាវី​នៅ​ថ្ងៃ​អង្គារ​នេះ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​ទាំងអស់​យក​ទៅ​ដាក់​ទោស​ និងទាមទារសំណង​ជំងឺ​ចិត្ត​ចំនួន​៣សែន​ដុល្លារ។

​បើតាម​លិខិត​ពីរ​ច្បាប់​ដែល​ ​VOA​ ​ទទួល​បាននា​រសៀល​ថ្ងៃអង្គារ​នេះ​ ​មួយ​គឺ​លិខិត​ផ្ទេរសិទ្ធិរបស់​កញ្ញា ​សារ៉េត​ ​សុផាធិតាពេជ្រ​ ​កូនស្រី​របស់​លោក​សាស្រ្តាចារ្យ​ ​ស៊ុយ សារ៉េត​ ​ទៅ​ឲ្យ​លោក​មេធាវី​ ​ឈី សម្បត្តិ​ ​ដើម្បី​ធ្វើ​ជា​តំណាង​របស់​លោក​ ​ស៊ុយ សារ៉េត​ ​និង​លិខិត​មួយ​ច្បាប់​ទៀត​គឺ​ជា​ពាក្យ​បណ្តឹង​របស់​លោក​មេធាវី​ ​ឈី សម្បត្តិ​ ​ជូន​លោក​ ​ជួន សុវណ្ណ​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ដោយ​ប្តឹង​ជន​បង្ក​មួយ​ក្រុមដែល​បាន​វាយ​ប្រហារ​លើ​លោក​សាស្រ្តាចារ្យ​ ​ស៊ុយ សារ៉េត។​ ​លិខិត​ទាំង​ពីរចេញ​នៅ​ថ្ងៃទី១២ ​ខែមីនា​ ឆ្នាំ​២០១៨​ដូចគ្នា។​

ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ ​ឈី សម្បត្តិ​ ​ជូន​លោក​ ​ជួន សុវណ្ណ​ ​មាន​យោងវីដេអូ​ ​និង​រូបថត​មួយ​ចំនួនដែល​បាន​បង្ហាញពី​សកម្មភាព​របស់​ក្រុម​ជនបង្ក​ ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១១​ ​ខែ​មីនា​ ​ទៅ​លើ​លោក ស៊ុយ សារ៉េត ។​

ក្នុង​ពាក្យ​បណ្តឹង​នោះ​មាន​រៀបរាប់​ពី​សកម្មភាព​ផ្សេងៗ​ចាប់​តាំង​ពី​មុន​ពេល​កើត​ហេតុ​ ​និង​ក្រោយ​បញ្ចប់ការ​កើត​ហេតុ​នោះ​ ​ព្រមទាំង​បាន​បញ្ជាក់​ថា​ ​ក្នុង​វីដេអូ​ ​និង​រូបថត​ទាំង​នោះបាន​បង្ហាញ​ថា​ ក្រុម​ជន​បង្ក​បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ងមនុស្សឃាត​ ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ ​អំពើ​លួច​ ​និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិរបស់​អ្នកដទៃ​ដោយ​ចេតនា។​ ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ក៏​បាន​បញ្ជាក់​ថា​ ​ក្នុង​ការវាយ​ប្រហារ​នោះ​អាចធ្វើ​ឲ្យ​លោក​ ​ស៊ុយ សារ៉េត​ ​ប៉ះពាល់​ដល់​ជីវិត ខូចខាត​រថយន្ត​ស្ទើរ​ទាំង​ស្រុង​ ​ព្រមទាំង​បាត់បង់​ទូរសព្ទ​ដៃ​ ​និង​កាបូប​លុយ​ដែល​មាន​ប្រាក់​ប្រមាណ​ជា​ជិត​៣ពាន់​ដុល្លារ។​

ក្នុង​ពាក្យ​បណ្តឹង​ដដែល​នោះ​ត្រូវ​បាន​សរសេរ​ក្នុងន័យ​ដើម​ថា៖

«សំណូមពរ​សុំ​ស្រាវជ្រាវ​អំពី​សាវតារ​របស់​ក្រុម​ជនបង្ក​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ដែល​ខ្លួនបាន​ប្រព្រឹត្ត​ ស្រប​តាម​ច្បាប់​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ​សុំ​ទាមទារ​សំណង​ជួស​ជុល​ការ​ខូចខាត​ ថ្លៃថ្នាំ​ព្យាបាល​ ការ​ខាតបង់​ពេល​វេលា​ និង​សំណង​ជំងឺ​ចិត្ត​សរុប​ចំនួន ១,២០០,០០០,០០០​ ​(មួយពាន់​ពីរ​រយ​លាន) ​រៀល»។

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​កូនស្រី​ ​ក្រុមគ្រួសារ​របស់​លោក​សាស្រ្តាចារ្យ​ ​ស៊ុយ សារ៉េត​ ​ព្រមទាំង​លោកមេធាវី ​ឈី សម្បត្តិ​ បានទេ​ រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។​

​ចំណែក​លោក​ ​ជួន សុវណ្ណ​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​មិន​ទទួល​ទូរសព្ទ។​

យ៉ាងណា​ក៏​ដោយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​លោក​ ​ជួន សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​លិខិត​មួយ​ ​ដោយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​អនុវត្ត​ច្បាប់ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើហិង្សា​ទៅ​លើ​អ្នក​បើកបរ​ ​និង​យានយន្ដ។​ ​លិខិត​របស់​លោក ជួន សុវណ្ណ​ ​ដដែល​នោះ​បញ្ជាក់​ថា​ ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ប្រជាពលរដ្ឋ​អាច​ចូលរួម​ចាប់​ឃាត់ និង​ប្រគល់​ជូន​សមត្ថកិច្ច​ ​ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់។​

​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ​លោក​ ​ស៊ុយ សារ៉េត​ ​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សិល្បៈ​ ​មនុស្ស​សាស្រ្ត​ និង​ភាសា​ ​និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ​បាន​រង​ការវាយ​យ៉ាង​ដំណំ​ទៅ​លើក្បាល​ និង​មុខ​របស់​លោក​ បណ្តាល​ឲ្យឈាម​ស្រោច​ជោគជាំ​ទៅ​លើ​ខ្លួន​ ​បន្ទាប់ពី​លោក​រងការ​ចោទថា​ ​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​បើក​រត់។​ ក្រោយ​កើត​ហេតុ​ភ្លាមៗ​ ​លោក​ ស៊ុយ សារ៉េត ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាលក្នុង​មន្ទីរពេទ្យ​មួយ​ នៅ​ឯប្រទេស​វៀតណាម។​

ចំណែក​សមត្ថកិច្ច​បាន​ប្រកាស​តាម​ចាប់ជន​បង្ក​យក​ទៅ​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ​មិនទាន់​មាន​ការ​រាយការណ៍​ណា​មួយ​ពី​ការ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​លោក​ ​ស៊ុយ សារ៉េត​ ​បាន​នៅ​ឡើយ។​

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​និង​ការវិវត្ត​នៃ​សង្គម​លើក​ឡើង​ថា​ ​ការ​កើន​ឡើង​នៃ​ការវាយ​តប់​របស់​ក្រុម​មនុស្ស​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ​បាន​បង្ហាញ​ពី​ការ​ផុយ​ស្រួយ​នៃ​សន្តិភាព​ក្នុង​សង្គម​ខ្មែរ ​និង​ការ​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG