ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា៖ ​កូដកម្ម​នាំ​ឲ្យ​ខាត​បង់​១៥​លាន​ដុល្លារ


សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ដែល​តំណាង​ឲ្យ​រោងចក្រ​នាំ​ចេញ​សម្លៀក​បំពាក់​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ទាមទារ​ឱ្យ​មាន​ការ​សង​សំណង​សម្រាប់​ការ​ខាត​បង់​ទឹក​ប្រាក់​ជាង​១៥​លាន​ដុល្លារ​អាមេរិក​ដោយ​សារ​ការ​ធ្វើ​កូដកម្ម​និង​បាតុ​កម្ម​របស់​កម្មករ​កាល​ពី​សប្តាហ៍​មុន។​ ប៉ុន្តែ​សហជីព​បាន​បដិសេធ​ការ​សង​សំណង​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​ការ​ខាតបង់​គឺ​ជារឿង​របស់​ក្រុមហ៊ុន។​ កម្មករ​ធ្វើ​កូដកម្ម​ត្រឹមត្រូវ​តាម​ច្បាប់។

មន្ត្រី​សមាគម​កាត់ដេរ​នៅ​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ឧស្សាហ​កម្ម​សម្លៀក​បំពាក់​និង​ស្បែក​ជើង​យ៉ាងតិច​៣០​រោងចក្រ​បាន​ខាត​បង់​ទឹក​ប្រាក់​ជាង​១៥​លាន​ដុល្លារ​អាមេរិក​ ​ដោយសារ​ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នូល​កាល​ពី​សប្តាហ៍​មុន។

កម្មករ​ច្រើនរាប់​ម៉ឺន​នាក់​ ដែល​បាន​ដឹកនាំ​ដោយ​សហ​ភាព​ការងារ​កម្ពុជា​និង​សម្ព័ន្ធ​សហ​ព័ន្ធ​សហជីព​ការងារ​កម្ពុជា​ ​បាន​ធ្វើ​កូដ​កម្ម ​និង​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦​ខែ​សីហា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ​រោងចក្រ​ចំនួន​៣០នៅ​ក្នុង​ឧស្សាហ​កម្ម​សម្លៀក​បំពាក់​និង​ស្បែកជើង​បាន​ទទួល​រង​ការ​ខាតបង់​ទឹកប្រាក់​ជាង​១៥​លានដុល្លារ​អាមេរិកនៅ​ក្នុង​អំឡុង​ពេល​កម្មករ​ធ្វើ​កូដ​កម្ម ​និង​បាតុកម្ម​រយៈ​ពេល​បួន​ថ្ងៃ​នោះ។

លោក​ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ GMAC​ ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​រហូត​មក​ដល់​ពេល​នេះ​ ​ការ​ខាតបង់​ទាំង​នេះ​ត្រូវ​បាន​ប៉ាន់ស្មាន់​ដោយ​ផ្អែក​ទៅ​លើ​ការ​ខាតបង់​ផ្នែក​ផលិត​កម្ម​ ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ និង​តម្លៃដោយសារ​ធ្វើការ​ចាត់ចែង​ទំនិញ​ដាក់​ផ្សេងៗ​គ្នា​សម្រាប់​ការ​ផ្ញើ​គំរូ​ទំនិញ​ ​ការ​ដឹក​ទំនិញ​តាម​យន្តហោះ​ ​ព្រមទាំង​ការ​ចុះ​តម្លៃ​លក់​ ​ដោយ​អ្នក​ទិញ​ដោយសារ​ការ​ផ្ញើ​ចេញ​ទៅ​យឺត។

«យើង​ខាត​បង់​យ៉ាងតិច​១៥​លាន​ដុល្លារ​អាមេរិក​ ​ហើយ​នេះ​គឺ​ជា​ការ​ខាតបង់​ផ្នែក​ផលិត​កម្ម​ ​តម្លៃ​ដឹក​ជញ្ជូន​ ​ការ​ខាតបង់​ផ្នែក​ជំនឿ​ទុក​ចិត្ត ​និង​អ្នក​ទិញ​លុប​ចោល​ការ​បញ្ជា​ទិញ»។

សេចក្តី​ថ្លែង​ការណ៍​នេះ​ ​បាន​បន្ថែម​ថា​ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​តំណាង​រោងចក្រ​ នាំ​ចេញ​សម្លៀក​បំពាក់​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ​គាំទ្រ​សមាជិក​របស់​ខ្លួន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ស្វែងរក​យុត្តិធម៌​ ​និង​សំណង​សម្រាប់​ការ​ខូចខាត​ ​ហើយ​យើង​នឹង​បន្ត​ការពារ​អត្ថ​ប្រយោជន៍ ​និង​ អនាគត​នៃ​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ការ​ខាតបង់​១៥​លាន​ដុល្លារ​អាមេរិក​ គឺ​ជា​រឿង​របស់​ក្រុមហ៊ុន​ ​តែ​កម្មករ​ធ្វើ​កូដកម្ម​ត្រឹមត្រូវ​តាម​ច្បាប់។​ កម្មករ​ខាតបង់​ការ​មិន​បាន​ប្រាក់ឈ្នួល​ ​ការ​ខាត​កម្លាំង​ ​និង​ការ​ចំណាយ​ផ្សេងៗ។

សមាជិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​តំណាង​សហជីព​ ​និង​តំណាង​រដ្ឋា​ភិបាល​គ្រោងនឹង​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​សប្តាហ៍​ក្រោយ។

លោក​ខេន លូ​ អគ្គ​លេខាធិការ​ GMAC​ ​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​មិន​រៀបចំ​ប្រធាន​បទ​សម្រាប់​ការ​ចរចាជា​មួយ​តំណាង​កម្មករ​នៅ​សប្តាហ៍​ក្រោយ​នោះ​ទេ។

«យើង​នឹង​ទៅ​ចូលរួម​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ និង​ស្តាប់​ការ​ទាមទារ​ និង​សំណើ​របស់​សម្ព័ន្ធ​សហ​ព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា។ ​យើង​ត្រូវ​ការ​ដឹង​អំពី​អ្វី​ដែល​សហជីព​ចង់​លើក​ឡើង​សម្រាប់​សមាជិក​ របស់​ពួក​គេ។​ យើង​នឹង​ចាត់​វិធាន​ការ​ជំហាន​បន្ទាប់»។

កាល​ពី​ខែ​មិថុនា​ ​ក្រុម​ប្រឹក្សា​ការងារ​បាន​សម្រេច​បង្កើន​ប្រាក់​ឈ្នួល​កម្មករ​ពី​៥០​ដុល្លារ​អាមេរិក​ដល់ ៦១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ​រួម​ទាំង​ប្រាក់​ទ្រទ្រង់​សុខភាព​ប្រាំមួយ​ដុល្លារ​អាមេរិក​ផង។

លោក​អាត់ ធន​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​សហជីព​នឹង​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​២.៥០០​រៀល​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ក្នុង​មួយ​ថ្ងៃ​ ​ប្រាក់​បន្ថែម​១.៥០០​រៀល​លើ​ប្រាក់​បច្ចុប្បន្ន​ ​១.០០០​រៀល​សម្រាប់​ការ​ថែម​ម៉ោង​ ​ប្រាក់​អតីត​ភាព​ការងារ​៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ​ប្រាក់​រង្វាន់​ ១០​ដុល្លារ​អាមេរិក​សម្រាប់​កម្មករ​ធ្វើការ​ទៀងទាត់​ក្នុង​មួយខែ​ ​ ប្រាក់​១០​ដុល្លារ​អាមេរិក​សម្រាប់​ថ្លៃ​ធ្វើ​ ដំណើរ​ និង​ជួល​ផ្ទះ​ប្រចាំខែ ​និង​ប្រាក់​១០​ដុល្លារ​អាមេរិក​សម្រាប់​ទ្រទ្រង់​សុខភាព​ប្រចាំ​ខែ៕

XS
SM
MD
LG