ទស្សនាវដ្តី Time Magazine បានជ្រើសរើសលោក Mark Zuckerberg អ្នកបង្កើតគេហទំព័រ Facebook ជាបុរសប្រចាំឆ្នាំរបស់ខ្លួនសំរាប់ឆ្នាំ២០១០ ឬ Person of the Year for 2010។ លោកZuckerberg អាយុ២៦ឆ្នាំ ជាមនុស្សក្មេងជាងគេបំផុតដែលត្រូវបានជ្រើសរើស ចាប់តាំងពីលោក Charles Lindberg អ្នកត្រួសត្រាយបើកបរយន្តហោះមក ដែលត្រូវបានជ្រើសនៅពេលលោកអាយុ២៥ឆ្នាំ នៅក្នុងឆ្នាំ១៩២៧។
លោក Jim Frederick បណ្ណាធិការនាយករបស់ទស្សនាវដ្តី Time Magazine និយាយថា លោកMark Zuckerberg មានលក្ខណៈ វិនិច្ឆ័យគ្រប់ទាំងអស់សំរាប់ទទួលកិត្តិយស។
«លក្ខណៈវិនិច្ឆ័យសំរាប់មនុស្សពិសេស ឬមនុស្សប្រចាំឆ្នាំ គឺជាមនុស្សដែលមានផលប៉ះពាល់ទៅលើការរស់នៅប្រចាំថ្ងៃខ្លាំងជាងគេបំផុត ឬមនុស្សដែលបានផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃនិងវប្បធម៌ ឬពត៌មានរបស់ពិភពលោក សំរាប់ឆ្នាំដែលកន្លងនោះ»។
អ្នកអានទស្សនាវដ្តី Time ជាច្រើនគាប់ចិត្តចង់ជ្រើសអ្នកបង្កើតគេហទំព័រ ‘Wikileaks’ គឺលោក Julian Assange ជាមនុស្សពិសេសសំរាប់ឆ្នាំនេះ ប៉ុន្តែនៅទីបញ្ចប់លោកចាញ់លោក Zuckerberg។ ក្រុមនយោបាយ Tea Party របស់សរអ និងប្រធានាធិបតីប្រទេស Afghanistan លោក Hamid Karzai ក៏ត្រូវបានជាប់ឈ្មោះនៅក្នុងការជ្រើសរើសដែរ។
ប៉ុន្តែ លោក Jim Frederick និយាយថាឥទ្ធិពលពាសពេញពិភពលោករបស់លោក Zuckerberg បានធ្វើឲ្យលោកទទួលការជ្រើសរើសកំពូល ។
«លោក Mark Zuckerberg បានកែប្រែដោយសំខាន់នូវវិធីទាក់ទងមិត្តភាពនៃមនុស្ស មិនគ្រាន់តែតាមប្រព័ន្ធ internetទេ ប៉ុន្តែតាមជីវិតពិត។ មានមនុស្ស៥រយលាននាក់នៅក្នុង Facebook, គឺថាមានមនុស្សម្នាក់ក្នុងមនុស្ស១០នាក់នៅលើពិភពលោក ដែលចំណាយពេលទាក់ទងគ្នាទៅវិញទៅមកតាម Facebook ដែលច្រើនជាងកន្លែងណាៗទាំងអស់នៅក្នុងប្រព័ន្ធ internet»។
នៅក្នុងទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោក លោក Zuckerberg ហៅថាការដែលគេដាក់ឲ្យលោកជាបុរសប្រចាំឆ្នាំនោះ ថាជា«កិត្តិយសដ៏ពិតប្រាកដមួយ» និងថាជាការទទួលស្គាល់នូវស្នាដៃរបស់ក្រុមលោក ដែលកំពុងធ្វើអ្វីមួយដែលមានមនុស្សច្រើនរយលាននាក់នៅពាសពេញពិភពលោកចង់ប្រើប្រាស់។
លោក Zuckerberg, មហាសេដ្ឋីក្មេងជាងគេបង្អស់ម្នាក់របស់ពិភពលោកត្រូវបានគេកាក់ស្មាន ថាមានប្រាក់ចំណូលសំរាប់ឆ្នាំ២០១០ច្រើនជាងពីរពាន់លានដុល្លារ។ នៅដើមឆ្នាំនេះ លោកបានសន្យាធ្វើបរិច្ចាគប្រាក់មួយរយលានដុល្លារទៅឲ្យប្រព័ន្ធសាលារៀនមួយនៅរដ្ឋ New Jersey។
រឿងរបស់លោកក៏បានក្លាយជាចំណងជើងនៃខ្សែភាពយន្តមានប្រជាប្រិយមួយមានឈ្មោះថា «The Social Network»នោះដែរ៕
ប្រែសម្រួលដោយ នុច សារីតា