អ្នកប្រើប្រាស់ហ្វេសប៊ុកនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសហ្វីលីពីន ត្រូវបានរងការបំពានលើឯកជនភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារមានចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើន និងប្រជាប្រិយភាពនៃកម្មវិធី app មួយដែលជាស្នូលនៃបញ្ហា។ នេះបើតាមការជឿជាក់របស់អ្នកវិភាគ។
បើតាមតួលេខផ្តល់ឲ្យដោយក្រុមហ៊ុនហ្វេសប៊ុក ទិន្នន័យនៃអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីនចំនួន ១.១៧៥.០០០ នាក់ត្រូវបានគេ «ចែកចាយមិនត្រឹមត្រូវ» ទៅឲ្យក្រុមហ៊ុនកំណត់លក្ខណៈអ្នកបោះឆ្នោតឈ្មោះ Cambridge Analytica ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ តួលេខប៉ាន់ប្រមាណនេះ ជាចំនួនខ្ពស់ជាងគេទីពីរសម្រាប់ប្រទេសមួយនេះ បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសឥណ្ឌូណេស៊ីនៅលំដាប់ទី៣ ដោយមានអ្នកប្រើប្រាស់ប្រមាណ ១.១០០.០០០ នាក់រងការបំពានខាងទិន្នន័យឯកជន ហើយប្រទេសវៀតណាមនៅលំដាប់ទី៩ ដោយមានចំនួនអ្នកប្រើប្រាស់ប៉ះពាល់ចំនួន ៤២៧.០០០នាក់។
លោក Renato Reyes អគ្គលេខាធិការនៃអង្គការសម្ព័ន្ធ Bagong Alyansang Makabaya សម្រាប់បុព្វហេតុសង្គមក្នុងទីក្រុងម៉ានីល ថ្លែងថា ពលរដ្ឋហ្វីលីពីនក៏ចូលចិត្តលេងល្បែងទាយ quiz តាមកម្មវិធីទូរស័ព្ទ app ដែលត្រូវគេចែកចាយយ៉ាងឆាប់រហ័ស ដោយសារ app នេះមានការបង្ហាញលទ្ធផល។ កម្មវិធី app នេះត្រូវគេសង្ស័យថាជាប្រភពមួយនៃទិន្នន័យរបស់ក្រុមហ៊ុន Cambridge Analytica។
នៅប្រទេសវៀតណាម បើតាមការប៉ាន់ស្មានរបស់សារព័ត៌មាន VnExpress International មានពលរដ្ឋ ៦៤លាននាក់ក្នុងចំណោមពលរដ្ឋវៀតណាមសរុប ៩២លាននាក់ ប្រើប្រាស់ហ្វេសប៊ុក។ អ្នកជំនាញខាងបច្ចេកវិទ្យាថា យុវជនចូលចិត្តប្រើប្រាស់ហ្វេសប៊ុកដើម្បីបង្អួតពីនេះពីនោះ។ អ្នកប្រើប្រាស់នៅឥណ្ឌូណេស៊ីចូលចិត្តប្រើប្រាស់ហ្វេសប៊ុកដើម្បីធ្វើទំនាក់ទំនងដោយឥតគិតថ្លៃរវាងកោះទាំង១៣.០០០កោះរបស់ប្រទេសនេះ ដែលកោះខ្លះមានភាពក្រីក្រ។
មហាក្រុមហ៊ុនបណ្តាញសង្គមមានមូលដ្ឋាននៅតំបន់បច្ចេកវិទ្យា Silicon Valley នេះនិយាយថា ចាប់ពីថ្ងៃទី៩ ខែមេសា ខ្លួននឹងបន្ថែមតំណភ្ជាប់ (link) នៅទំព័រដើម News Feed សម្រាប់ឲ្យអ្នកប្រើប្រាស់អាចដឹងថាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេណាខ្លះត្រូវបានផ្តល់ឲ្យ app មួយណា។
លោក Reyes បញ្ជាក់ថា៖ «ខ្ញុំគិតថា យើងស្ថិតនៅក្នុងស្ថានភាពមួយដែលអាចទាមទារការពន្យល់ដោយផ្ទាល់ពីមន្ត្រីនៅក្រុមហ៊ុនហ្វេសប៊ុក បើគិតអំពីថាយើងជាប្រទេសលំដាប់ទី២ដែលរងការបំពានទិន្នន័យនេះ»។
ហេតុអ្វីប៉ះអាស៊ីអាគ្នេយ៍?
ក្រុមហ៊ុនហ្វេសប៊ុកថា ទិន្នន័យពីអ្នកប្រើប្រាស់ចំនួន៨៧លាននាក់នៅទូទាំងពិភពលោកត្រូវបានចែកចាយមិនត្រឹមត្រូវ ដោយក្រុមហ៊ុន Cambridge Analytica។
តំបន់អាស៊ីអាគ្នេយ៍រងប៉ះពាល់ខាងទិន្នន័យនេះ ដោយសារការកើនចំនួនទូរស័ព្ទដៃ«ធូរថ្លៃ» បាននាំឲ្យមានការទទួលព័ត៌មានតាមមធ្យោបាយបណ្តាញសង្គមកាន់តែច្រើន។ នេះបើតាមប្រសាសន៍របស់អ្នកស្រី Athina Karatzogianni សាស្ត្រាចារ្យរងខាងប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនង និងសង្គមវិទ្យានៅសាកលវិទ្យាល័យ Leicester ក្នុងចក្រភពអង់គ្លេស។
ការចែកចាយលក់ទូរស័ព្ទទំនើប smartphone នៅបណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍មានចំនួនប្រមាណ១០០លានគ្រឿងកាលពីឆ្នាំមុន បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ IDC។
លោក Lam Nguyen ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន IDC ថ្លែងថា នៅផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ ពលរដ្ឋប្រើប្រាស់ហ្វេសប៊ុកជាមធ្យោបាយងាយស្រួលនិងឥតគិតថ្លៃសម្រាប់ធ្វើការចែកចាយព័ត៌មាន និងរូបថតជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដែលនៅឆ្ងាយ។
ការចែកចាយតាម App នៅហ្វីលីពីន.
លោក Reyes ថា ជនជាតិហ្វីលីពីនបារម្ភថា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambridge Analytica បានសំយោគព័ត៌មានពីកម្មវិធី quiz ទាយអត្តចរឹត ដើម្បីកំណត់ចិត្តសាស្ត្រអ្នកបោះឆ្នោត និងកំណត់ពួកគេទុកជាគោលដៅសម្រាប់យុទ្ធនាការនយោបាយ។ លោកថា ក្រុមហ៊ុននេះប្រហែលបានយកការបោះឆ្នោតនៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៦ ជា«មន្ទីរពិសោធន៍»សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០១៦។
ក្រុមហ៊ុន Cambridge Analytica និយាយថា ក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ GSR «បានផ្តល់ទិន្នន័យ»ពីអ្នកប្រើប្រាស់មិនលើសពី៣០លាននាក់ ហើយថាមិនមានទិន្នន័យណាមួយត្រូវបានប្រើក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ទេ។ អង្គការលោក Reyes បានប្តឹងក្រុមហ៊ុន GSR។
លោក Reyes ថ្លែងថា៖ «ការប្រើទិន្នន័យផ្ទាល់ខ្លួន ដើម្បីឲ្យមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោត ពិតជារឿងគួរឲ្យបារម្ភ»។
គណៈកម្មការជាតិហ្វីលីពីនផ្នែកឯកជនភាព កាលពីថ្ងៃសុក្រ បានទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុកផ្តល់ព័ត៌មានចុងក្រោយទាក់ទងនឹងការធានាទប់ទល់នឹងហានិភ័យផ្សេងៗទៀត។ គណៈកម្មការនេះនិយាយថា រាល់ទិន្នន័យដែលត្រូវបែកធ្លាយ គឺមានប្រភពចេញពីការប្រើប្រាស់ app ទាយបុគ្គលិកលក្ខណៈរបស់លោក Aleksandr Kogan ចិត្តវិទូនៅសាកលវិទ្យាល័យ Cambridge។
ទំហំការប្រើប្រាស់ហ្វេសប៊ុកនៅវៀតណាម
នៅប្រទេសវៀតណាម ហ្វេសប៊ុកចាប់រីកចម្រើនកាលពី១១ឆ្នាំមុន ស្របពេលមានការកើនឡើងនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងរួមទាំងការទទួលបានព័ត៌មានអំពីផលិតផលនិងសេវាកម្មបរទេស។
មនុស្សជាច្រើនប្រើប្រាស់ហ្វេសប៊ុក ដើម្បីបង្អួតបង្ហាញពីរូបថតធ្វើដំណើរ នេះបើតាមនាង Phuong Hong ប្រធានខាងទំនាក់ទំនងនៃក្រុមហ៊ុនបង្កើត app មួយមានមូលដ្ឋាននៅទីក្រុងហូជីមិញ។ នាងថា ការបង្ហោះដំណឹងជាសាធារណៈ ធ្វើឲ្យគេងាយទាញស្រួលទិន្នន័យ។
នាងថ្លែងថា៖ «នៅវៀតណាម ប្រជាជនមានចិត្តទូលាយបើកចំហ ហើយពួកគេមិនសូវបានដឹងអំពីផលប៉ះពាល់នៃព័ត៌មានទាំងឡាយដែលពួកគេបានបង្ហោះនៅតាមបណ្តាញសង្គម»។
នាងបន្ថែមថា៖ «មានតែអ្នកចេះដឹងច្រើន បានដឹងរួចទៅហើយអំពីផលប៉ះពាល់ ហើយព្យាយាមរក្សាឯកជនភាពដោយខ្លួនឯងផ្ទាល់ ប៉ុន្តែយុវជនភាគច្រើនដែលមានវ័យ១៤ទៅ២៥ឆ្នាំ និងសូម្បីអ្នកអាយុលើសអាយុពី២៥ ទៅ៤០ ពួកគេគ្រាន់តែទៅកាន់គេហទំព័រនោះ បង្កើតគណនីរួច ធ្វើតាមការណែនាំរបស់ហ្វេសប៊ុក។
លោក Nugyen ថ្លែងថា អ្នកប្រើប្រាស់នៅវៀតណាមប្រហែលអាចចាំបាន ពេលមានការបំពានលើទិន្នន័យឯកជន កាលពី៤ឆ្នាំមុន ដែលបាននាំឲ្យមានការបញ្ជូនទិន្នន័យបន្តដល់អ្នកធ្វើពាណិជ្ជកម្ម។
លោកថា៖ «នៅពេលករណី (Cambridge Analytica) បែកធ្លាយមកនេះ ខ្ញុំគិតថា អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននៅប្រទេសវៀតណាម មានអារម្មណ៍ធម្មតា។ ដូច្នេះនៅពេលមានរឿងនេះ គិតថាឆ្ងល់ ព្រោះយើងបានដឹងពីមុនមកហើយថាមានការបំពានទិន្នន័យហ្វេសប៊ុក។
សារព័ត៌មាន VnExpress International ថា មន្ត្រីវៀតណាមផ្នែកសន្តិសុខជាតិនិងនយោបាយការបរទេស កាលពីសប្តាហ៍មុន បានជួបប្រជុំដើម្បិពិភាក្សាអំពី«សន្តិសុខអ៊ីនធឺណិត» ដោយសំដៅទៅលើហ្វេសប៊ុក។
នៅឥណ្ឌូណេស៊ី ហ្វេសប៊ុកនិយាយពី«ការបំពាន»
នៅប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីសារគមនាគមន៍បានជួបជាមួយប្រធានផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុនហ្វេសប៊ុកប្រចាំឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែមេសា ដើម្បីពិភាក្សាអំពីរាល់«ការបំពាន»ទិន្នន័យអ្នកប្រើប្រាស់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសារគមនាគមន៍និងព័ត៌មានវិទ្យា តាមគេហទំព័ររបស់ខ្លួន។
អ្នកប្រើប្រាស់ហ្វេសប៊ុកនៅឥណ្ឌូណេស៊ីបានកើនរហូតដល់១៣០លាននាក់នៅខែមករា ដែលចំនួននេះស្មើនឹង៦ភាគរយនៃចំនួនសរុបនៃអ្នកប្រើប្រាស់ហ្វេសប៊ុកទូទាំងពិភពលោក៕