ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា​ យុវជន​កម្ពុជា​​​គួរ​ពង្រឹង​សមត្ថភាព​​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល


វាគ្មិន​កំពុង​ពិភាក្សាក្នុង​​កម្មវិធី​មួយ​ស្តី​ពី​​របៀប​វារៈ​ឌីជី​ថល​របស់​អាល្លឺម៉ង់​និង​កម្លាំង​ពលកម្ម​ឌីជីថល​របស់​កម្ពុជា ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ខណៈ​កម្ពុជា​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ឧស្សាហកម្ម​ ៤.០​ និង​សេដ្ឋកិច្ច​ឌីជីថល​ដែល​ជា​ទីផ្សារ​មួយ​ផ្តោត​លើ​បច្ចេក​វិទ្យា​ឌីជីថល​ អ្នក​ជំនាញ​បាន​ដាស់​តឿន​ឲ្យ​យុវជន​ខ្មែរ​​ពង្រឹង​ជំនាញ​ និង​ចំណេះ​ដឹង​ខ្លួន​ឯង​ ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា​នេះ​​សម្រាប់​ទីផ្សារ​នាពេល​អនាគត។

យុវជន​កម្ពុជា​នៅ​ខ្វះ​ជំនាញ​ជា​ច្រើន​ រួម​ទាំងភាសា​បរទេស​ ការ​ដោះ​ស្រាយ​បញ្ហា​ទំនាក់​ទំនង​ផ្ទាល់​មាត់ ​ការ​វិភាគ​ផ្សេងៗ​ និង​ការ​គ្រប់គ្រង​ព័ត៌មាន​លើ​ប្រព័ន្ធ​អនឡាញ​ជាដើម ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ឧស្សាហកម្ម​ ៤.០​ និង​សេដ្ឋកិច្ច​ឌីជីថល ​ដែល​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ។ ​នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល។​

ក្នុង​កម្មវិធី​មួយ​ស្តី​ពី​របៀប​វារៈ​ឌីជីថល​របស់​អាល្លឺម៉ង់​ និង​កម្លាំង​ពលកម្ម​ឌីជីថល​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មូលនិធី​ Konrad (KAS) ​នៅ​សប្តាហ៍​នេះ​ លោក ហេង ភក្តី​ នាយកវិទ្យាស្ថាន​ Enrich ​បាន​ថ្លែង​ថា​ យុវ​ជន​ត្រូវ​ប្រឹង​ប្រែង​រៀន​សូត្រ​ជំនាញ​ និង​ចំណេះ​ដឹង​ថ្មីៗ​ឲ្យ​បាន​ច្រើន​ដោយ​ខ្លួន​ឯង​ ដោយ​មិន​បាច់​ចាំ​មាន​ការ​ជួយ​ពី​ក្រុម​ហ៊ុន​ណា​មួយ​ ឬ​រដ្ឋាភិបាល​នោះ​ឡើយ។​

បន្ថែម​ពី​នេះ​លោក​បាន​និយាយ​ថា៖​

«ការ​យល់​ច្រឡំ​ថា​ ទាល់​តែ​អ្នក​ចង់​ធ្វើ​ការ​វិស័យ​ IT​ (ព័ត៌មាន​វិទ្យា)​ ​បាន​ទៅ​រៀន​ឌីជីថល​ ឥឡូវ​អ្នក​រៀន​កសិកម្ម​ក៏​ដោយ ​ក៏​ត្រូវ​រៀន​ឌីជីថល​ហ្នឹង​ដែរ​ ព្រោះ​អី​គេ​អាច​ប្រើ​បច្ចេកវិទ្យា ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​ឲ្យ​មាន productivity ​ផលិតភាព​ខ្ពស់។​ អ៊ីចឹង​វិស័យ​អី​ក៏​ត្រូវ​រៀន​ផ្នែក​ហ្នឹង​ដែរ»។

អ្នក​ស្រាវជ្រាវ​ដដែល​បាន​បន្ថែម​ថា៖​

«តែ​ Soft-skills​ (ជំនាញទន់)​ ក៏​សំខាន់​នៅ​ក្នុង​ Digital Economy​ (សេដ្ឋកិច្ច​ឌីជីថល)​ ដែរ​ ព្រោះ​យើង​ត្រូវ​រៀន​ធ្វើ​ការ​ជាមួយ​នឹងម៉ាស៊ីន​ថ្មី​ រៀន​ធ្វើការ​ជាមួយ​នឹង​បរិបទ​ការងារ​ថ្មី​ អ៊ីចឹង​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ក្នុង​ការ​គិតគេ​ហៅ​ថា​ Critical Thinking​ (ការ​ត្រិះរិះ​ពិចារណា)​ ហើយ​នឹង​ Teamwork​ (ការ​ងារ​ជា​ក្រុម)​ អាហ្នឹង​សុទ្ធ​តែ​សំខាន់​ទាំង​អស់»។​

លោក​ ហេង ភក្តី​ នាយក​វិទ្យាស្ថាន​ Enrich ​បាន​ថ្លែង​នៅ​ក្នុងកម្មវិធី​មួយ​ស្តី​ពីរបៀប​វារៈ​ឌីជី​ថល​របស់​អាល្លឺម៉ង់​និង​កម្លាំង​ពលកម្ម​ឌីជីថល​របស់​កម្ពុជា ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
លោក​ ហេង ភក្តី​ នាយក​វិទ្យាស្ថាន​ Enrich ​បាន​ថ្លែង​នៅ​ក្នុងកម្មវិធី​មួយ​ស្តី​ពីរបៀប​វារៈ​ឌីជី​ថល​របស់​អាល្លឺម៉ង់​និង​កម្លាំង​ពលកម្ម​ឌីជីថល​របស់​កម្ពុជា ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ការ​ស្រាវជ្រាវ​បែប​ស្ទង់មតិ​របស់​បុគ្គលិក​ក្រុម​ហ៊ុន ១០០ ​នាក់​ពី​ក្រុមហ៊ុន​ខុសៗ​គ្នា​ចំនួន​ ៦១​ ក្នុង​ប្រទេស​កម្ពុជា​របស់លោក ហេង ភក្តី ​ស្តីពី «ការ​រៀប​ចំ​កម្លាំង​ពលកម្ម​កម្ពុជា​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល»​ ​បានជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តោត​បន្ថែម​លើ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍ​ការ​គ្រប់គ្រង​ធុរកិច្ច​តាម​បែប​ឌីជីថល​ និង​បង្កើត​យុទ្ធ​សាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ដែល​ពាក់ព័ន្ធ​នេះ។

ក្នុង​សប្តាហ៍​នេះ​ផង​ដែរ​ ​សន្និសីទ​ថ្នាក់​ជាតិ​មួយ​ស្តីពីចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​ ក្រោម​ប្រធាន​បទ​ «ការ​ប្រែ​ក្លាយ​ផ្នែក​ឌីជីថលឆ្ពោះ​ទៅ​កាន់​ឧស្សាហ​កម្ម​៤.០» ក៏​ត្រូវ​បាន​ធ្វើ​ឡើង។​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​បាន​ចូលរួម​បើក​សន្និសីទ​នេះ​ ​បាន​លើក​ពី​ផល​ប្រយោជន៍​និង​ផល​ប៉ះពាល់​ផ្សេងៗ​ ដែល​នឹង​កើត​មាន​ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​នេះ។​

លោក ​ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​នោះ​ថា៖​

«វា​មាន​គុណសម្បត្តិ​របស់​វា​ ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេច​គុណវិបត្តិ​ដែល​ជា​បញ្ហា​ប្រឈមនៅ​ក្នុង​យុគ​សម័យ​ថ្មី​របស់​យើង​នេះ​ទេ បើ​អ្វី​ៗ​ត្រូវ​បាន​ធ្វើ​ជំនួស​ដោយ​គ្រឿង​យន្ត​ទៅ​ហើយ​នោះ។​ តើ​បញ្ហា​ការបាត់​បង់​ការងារ​ធ្វើ​របស់​មនុស្ស​វា​នឹង​ទៅ​ជា​អ្វី?»​

ឧស្សាហកម្ម​ ៤.០ គឺ​ជា​និន្នាការ​ស្វ័យប្រវត្តិ​កម្ម​ និង​ការ​ផ្លាស់ប្ដូរ​ទិន្នន័យ​នៅ​ក្នុង​បច្ចេកវិទ្យា​ផលិតកម្ម​ ​ឬ​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ផលិត​ ដោយ​ពឹង​ផ្អែក​ខ្លាំង​លើ​បច្ចេកវិទ្យា​ ជាជាង​កម្លាំង​មនុស្ស​ផ្ទាល់។

ការ​វិវឌ្ឍ​នៃ​កម្លាំង​ពល​កម្មឌីជីថល​ និង​ការ​បញ្រ្ចៀប​ចូល​នៃ​ការ​ប្រើ​ប្រាស់​មនុស្ស​យន្ត​ ឬ​ម៉ាស៊ីន​ជំនួស​ឲ្យ​កម្លាំង​មនុស្ស​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ទូទាំង​ពិភពលោក ហើយប្រទេស​ចំនួន​ ៥​ នៅ​ក្នុង​តំបន់អាស៊ាន​ និង​អាស៊ី​ប៉ាស៊ីហ្វិក ​ដែល​មាន​ប្រទេស​កម្ពុជា​ ដែល​នោះ​នឹង​មាន​ហានិភ័យ​ខ្ពស់ក្នុង​រយៈពេល​មួយ​ ឬ​ពីរ​ទសវត្សរ៍​ខាង​មុខ។ បើយោង​តាម​លោកស្រី​ Matsumoto Makiko​ អ្នក​ឯក​ទេស​ខាង​ការងារ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ អំឡុង​ពេល​អ្នក​ស្រី​ថ្លែង​នៅ​ក្នុង​ពិព័រណ៍​បច្ចេក​វិទ្យា​ថ្នាក់​ជាតិជាលើក​ដំបូង ​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៩ ​កាលពី​ពាក់​កណ្តាល​ខែ​មីនា​កន្លងទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

អ្នក​ស្រី​ ​Matsumoto Makiko​ បាន​ថ្លែង​ថា៖​

«សារៈសំខាន់​នោះ​គឺ​ប្រទេស​ទាំង​អស់​លើ​ពិភពលោក រួម​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ​នោះ​នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ផ្លាស់​ប្តូរ​បែប​បច្ចេកវិទ្យា​នេះ​នៅ​តាម​កន្លែង​ធ្វើការ»។​

អ្នក​ស្រី​បាន​បន្ត​ថា៖​

«វា​មាន​ហានិភ័យ​ក្នុង​ការ​បាត់បង់​ការងារ​ជាច្រើន​ ប៉ុន្តែ​ឱកាសការងារ​ថ្មីៗ​ក៏​នឹង​កើត​មាន​ឡើង​ដែរ​ គ្រាន់​តែ​យើង​មិនទាន់​ដឹង​ថា​ ការងារ​នោះ​មាន​បែប​បទ​យ៉ាង​ណា​ លក្ខខណ្ឌ​ការងារ​យ៉ាងណា​ កិច្ចសន្យា​ ឬ​ការ​បង់​ថ្លៃ​ឈ្នួល​យ៉ាង​ដូចម្តេច»។​

អ្នកស្រី Matsumoto Makiko​ អ្នក​ឯកទេស​ខាង​ការងារ​របស់​អង្គការពលកម្មអន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​ថ្លែង​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។ (ទុំ ម្លិះ/VOA)
អ្នកស្រី Matsumoto Makiko​ អ្នក​ឯកទេស​ខាង​ការងារ​របស់​អង្គការពលកម្មអន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​ថ្លែង​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។ (ទុំ ម្លិះ/VOA)

បច្ចុប្បន្ន​នេះ ​ក្រុម​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​បាន​ពឹង​លើ​បច្ចេក​វិទ្យា​កាន់​តែ​ខ្លាំង​ឡើងៗ​ដើម្បី​សម្រួល​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ ខណៈ​ដែល​ប្រទេស​នេះ​នៅមាន​ចំនួន​និស្សិត​តិច​តួច​ ដែល​សិក្សា​ជំនាញ​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​កសិកម្ម។​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ Tankred Schipanski​ អ្នក​ជំនាញ​ផ្នែក​នយោបាយ​ឌីជីថលមក​ពី​ប្រទេស​អាល្លឺម៉ង់​ ក៏​បាន​ប្រាប់​ VOA​ ដែរ​ថា​ ប្រទេស​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ហើយ​ ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ក្នុង​ការ​ពង្រឹង​ជំនាញ​បច្ចេក​វិទ្យា​របស់​យុវជន។​

លោក​បាន​និយាយ​ថា៖​

«ខ្ញុំ​គិតថា​ ប្រទេស​កម្ពុជា​កំពុង​ដើរ​លើ​គន្លង​មួយ​ត្រឹម​ត្រូវ​ហើយ​ ប៉ុន្តែ​គួរតែ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ជំនាញ​ឌីជីថល​នៅ​តាម​សាកល​វិទ្យាល័យ និង​នៅ​តាម​សាលា​នានា»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​៤៧,៩% នៃ​និយោជក​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​បុគ្គលិក ​ហើយ​ដែល​ក្នុង​នោះ​មាន ៥៣,១%​ បង្ក​ដោយ​ការ​មិន​មាន​ជំនាញ​ដែល​ចាំបាច់​ និង​បទ​ពិសោធន៍​ការងារ​ យោង​តាម​របាយ​ការណ៍​របស់​ទីភ្នាក់ងារ​មុខ​របរ​និង​ការងារ​ស្តី​ពី​កង្វះខាត​ជំនាញ​កាល​ពី​ឆ្នាំ​ ២០១៧។​

លើស​ពី​នេះ​ទៅទៀត​ តាម​របាយ​ការណ៍​ទស្សនៈ​វិស័យ​ការងារ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​ ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ដដែល​បាន​បង្ហាញ​ថា​ ឱកាស​ការងារ​ដែល​បាន​កើន​ឡើង​ខ្លាំង​នោះ​ គឺទាក់ទង​នឹង​កុំព្យូទ័រ​ ព័ត៌មាន​វិទ្យា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (MultiMedia)។​

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​ប្រឹងប្រែង​ជំរុញ និង​ពង្រីក​ចំណេះ​ដឹងជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ និង​ទំនាក់​ទំនង​ និង​វិស្វកម្ម​នេះ​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បានបង្កើត​សាលា​ជំនាន់​ថ្មី​នៅ​តាម​វិទ្យាល័យ​ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​ជ្រើស​រើស​យក​ និង​ដើម្បី​ពង្រឹងជំនាញ​វិទ្យាសាស្រ្ត​ តាំង​ពី​នៅ​វិទ្យាល័យ ​សហការ​ជា​មួយ​អង្គការ​ស្ទែម​កម្ពុជា​ធ្វើ​ពិព័រណ៌​បច្ចេកវិទ្យា​ និង​វិស្វកម្ម​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​ចំណាប់​អារម្មណ៍​ការងារ​ក្នុង​វិស័យ​នេះ​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឆ្នាំ​ ២០១៩​ ដែល​មាន​អ្នក​ចូល​រួម​ជា​ច្រើន​ម៉ឺន​នាក់៕

XS
SM
MD
LG