ពួកអ្នកជំនាញនិយាយថា ចលាចលដែលបន្តមានឡើងក្នុងតំបន់អាហ្វ្រិកខាងជើងនិងភូមិភាគមជ្ឈឹមបូព៌ាគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ខាងនយោបាយនៅក្នុងប្រទេសនានាដូចជាប្រទេសអាហ្វហ្កានីស្ថានដែលជាទីកន្លែងកងទ័ពបរទេសមានកំណត់ពេលដកចេញនៅឆ្នាំ២០១៤។ ពួកគេនិយាយថា ព្រមពេលជាមួយនឹងការផ្ទេរកិច្ចការសន្តិសុខទៅឲ្យកងទ័ពអាហ្វហ្កានីស្ថានហើយនិងធ្វើឲ្យប្រសើរដល់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍អន្តរជាតិក៏គួរតែជួយប្រទេសអាហ្វហ្កានីស្ថានក្នុងការស្ថាបនាគណបក្សនយោបាយដែលមិនពុករលួយនិងមានប្រសិទ្ធិភាព នៅមុនពេលការបោះឆ្នោតលើកក្រោយ។
លោក Alvaro De Vasconcelos នៃវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខរបស់សហភាពអឺរ៉ុប (European Union Institute for Security Studies) និយាយថា បដិវត្តន៍នាពេលថ្មីៗនេះក្នុងប្រទេសទុយនីស៊ីបានបង្ហាញដល់ពិភពលោកថាការអភិវឌ្ឍសេដ្ឋកិច្ចតែមួយមុខ មិនអាចធ្វើឲ្យមានស្ថិរភាពនៅក្នុងប្រទេសនានាដូចជាប្រទេសអាហ្វហ្កានីស្ថាន។ តែការធ្វើកំណែទម្រង់នយោបាយជាការចាំបាច់។
«ការអភិវឌ្ឍសេដ្ឋកិច្ចដោយមិនមានប្រជាធិបតេយ្យូបនីយកម្មនយោបាយដោយមិនមានការផ្លាស់ប្តូរនយោបាយនឹងមិនបានធ្វើឲ្យមានផ្លាស់ប្តូរអ្វីៗទេ»។
លោកមានប្រសាសន៍បន្តទៀតថា សន្តិភាពប្រកបដោយចីរភាពមួយ នឹងតម្រូវឲ្យមានដំណោះស្រាយខាងនយោបាយ ជាជាងរចនាសម្ព័ន្ធនយោបាយដែលមាននាពេលបច្ចុប្បន្នក្នុងទីក្រុងកាប៊ុល។
លោកស្រី Zahra Bahman ជាទីប្រឹក្សាទីក្រុងកាប៊ុលនិយាយថា ការជំរុញឲ្យពួកអ្នកប្រយុទ្ធតាលីបាន់បានទម្លាក់អាវុធនិងចូលរួមជាមួយរដ្ឋាភិបាល នឹងមិនអាចសន្និដ្ឋានថាជាប្រជាធិបតេយ្យូបនីយកម្មអាហ្វហ្កានីស្ថានបានទេ។
លោកស្រីមានប្រសាសន៍បន្តទៀតថា ប្រជាធិបតេយ្យអាចនាំឲ្យមានការផ្សះផ្សាជាមួយក្រុមនិយមផ្លូវកណ្តាលរបស់ពួកតាលីបាន់បាន ក៏ប៉ុន្តែការផ្សះផ្សាមិនអាចធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យបានទេ។ លោកស្រី និយាយថា សេចក្តីត្រូវការសព្វថ្ងៃនេះ គឺបង្កើតសេចក្តីក្លាហាននិងមនសិការខាងនយោបាយក្នុងចំណោមប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន។
«ក្នុងរយៈពេលបីបួនឆ្នាំបន្ទាប់ទៀតនេះ យើងត្រូវការឲ្យមានគណបក្សនយោបាយដឹកនាំដោយប្រជាពលរដ្ឋដែលមានប្រវត្តិមិនពុករលួយនិងស្អាតស្អំដែលមានសមត្ថភាពទាក់ទាញការទុកចិត្តពីយុវជនក្មេងៗ មនុស្សដែលអាចឈ្នះការបោះឆ្នោតដោយមិនមានការសូកប៉ាន់ ដោយមិនមានការគាំទ្រពីកាំភ្លើង។ នេះជាការទទួលខុសត្រូវដ៏ធំមួយ»។
ហើយលោកស្រីមានប្រសាសន៍បន្តទៀតថា ការទទួលខុសត្រូវនេះ ជាចម្បងត្រូវធ្លាក់ទៅលើប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន។
ក៏ប៉ុន្តែ លោក Alvaro de Vasconcelos និយាយថា ទោះបីនេះជាការទទួលខុសត្រូវដ៏សំខាន់របស់ប្រជាពលរដ្ឋអាហ្វហ្កានីស្ថានក៏ដោយ សហគមន៍អន្តរជាតិក៏អាចជួយជ្រោមជ្រែងដំណើរការនយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថានដែរ។លោកបានរ៉ាយរ៉ាប់ដោយយោងទៅតាមឧទាហរណ៍នៃប្រទេសព័រទុយហ្គាល់ជាមាតុភូមិរបស់លោក ដែលលោកនិយាយថា ពលរដ្ឋអាល្លឺម៉ង់បានជួយក្នុងការបង្កើតគណបក្សនយោបាយថ្មី៣ដើម្បីប្រកួតប្រជែងជាមួយគណបក្សកុម្មុយនិស្តក្រោយពីបដិវត្តន៍ឆ្នាំ១៩៧៤។
«ហើយឥឡូវនេះ មិត្តភក្តិរបស់យើងនៅក្នុងប្រទេសអេហ្ស៊ីបកំពុងសុំយើងឲ្យធ្វើដូចគ្នានៅក្នុងប្រទេសអេហ្ស៊ីប។ ក្នុងប្រទេសទុយនីស៊ី វាជាករណីដូចគ្នា។ ក្នុងប្រទេសអេហ្ស៊ីប ពួកគេនិយាយថា យើងមានគណបក្ស Muslim Brotherhood តែមួយ ដូច្នេះយើងត្រូវការគណបក្សនយោបាយ យើងត្រូវការគណបក្សនយោបាយច្រើន។ តើអ្នកអាចជួយយើងបានទេ?»
អ្នកវិភាគនិយាយថា ដើម្បីធ្វើឲ្យសម្រេចគោលដៅដែលប្រទេសអាហ្វហ្កានីស្ថានមានស្ថិរភាពមួយនៅឆ្នាំ២០១៤ អង្គការអូតង់និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនអាចព្រងើយកន្តើយពីសារៈសំខាន់នៃអន្តរកាលនយោបាយមួយក្នុងប្រទេសអាហ្វហ្កានីស្ថានបានទេ ដោយអមទៅជាមួយសំណើសន្តិសុខនិងការផ្លាស់ប្តូរខាងសេដ្ឋកិច្ច។
ប្រែសម្រួលដោយ ជឹង ប៉ូជីន