ភ្នំពេញ៖ នៅក្នុងដីកាសន្និដ្ឋានស្ថាពរ ដែលបញ្ជូនទៅកាន់សហចៅក្រមស៊ើបអង្គេតកាលពីថ្ងៃច័ន្ទ សហព្រះរាជអាជ្ញាបានលើកឡើងថា ជនជាប់ចោទចំនួនបួននាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងតែរងចាំការកាត់ទោសនៅក្នុងសំណុំរឿង០០២ បានប្រព្រឹត្តិបទឧក្រិដ្ឋកម្ម ដែលជាប់ពាក់ព័ន្ឋទៅនឹងសហឧក្រិដ្ឋកម្មរួម ។
នួន ជា ខៀវ សំផន អៀង សារី និងអៀង ធិរិទ្ឋ គឺជាជនជាប់ចោទបួននាក់ នៅក្នុងចំណោមប្រាំនាក់នៅក្នុងសំណុំរឿង០០២នេះ ដែលត្រូវចោទប្រកាន់សម្រាប់ការទទួលខុសត្រូវរបស់ពួកគេនៅក្នុងការសម្លាប់រង្គាលប្រជាជនកម្ពុជាយ៉ាងតិច១លាន ៧សែននាក់ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។
សហព្រះរាជអាជ្ញាបញ្ជាក់ថា ជនជាប់ចោទទាំងបួនបានប្រព្រឹត្តិនូវអំពើឃោឃៅ ដែលស្ថិតនៅក្នុងសណ្ឋាននៃក្របខ័ណ្ឌសហឧក្រិដ្ឋកម្មរួម ដើម្បីបដិវត្តនយោបាយរបស់ខ្លួន ដើម្បីកំទេចអ្នកដែលប្រឆាំងទៅនឹងរបបគ្រប់គ្រងដែលខ្លួនកាន់កាប់។
លោក ឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម ពន្យល់កាលពីថ្ងៃអង្គារថា ការបង្ហាញពីបទល្មើស ដែលជាប់ទាក់ទងនឹងសហឧក្រិដ្ឋកម្មរួម ដោយសារតែជនជាប់ចោទត្រូវគេដឹងថា បានធ្វើផែនការនយោបាយរួមគ្នា។ លោកថ្លែងដូច្នេះថា៖
«ការស៊ើបអង្កេត បានធ្វើឡើងជាក្រុម ហើយសហព្រះរាជអជ្ញាចោទថា ពួកគេជាប់ពាក់ព័ន្ធនឹងសហឧក្រិដ្ឋកម្មរួម ដែលមានន័យថា ជនជាប់ចោទទាំងនេះ បានធ្វើការសម្រេចចិត្តរួមគ្នាលើផែនការមួយលើគម្រោងការឧក្រិដ្ឋកម្មមួយក្នុងការដឹកនាំ ប្រទេសកម្ពុជាក្នុងរបបពួកខ្មែរក្រហម»។
សហឧក្រិដ្ឋកម្មរួម ត្រូវសហចៅក្រមស៊ើបអង្គេតរបស់សាលាក្តីខ្មែរក្រហមសម្រេចយកមកប្រើប្រាស់នៅក្នុងសំណុំរឿង០០២នេះ ដោយយោងទៅតាមរបៀបរៀបចំជាខ្សែសង្វាក់ផែនការសមូហភាពរបស់ការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោកស្រី អាន ហេនដែល (Anne Heindel ) ទីប្រឹក្សាមជ្ឈមណ្ឌលឯកសារកម្ពុជា បានពន្យល់នៅថ្ងៃសុក្រនេះ តាមសារអេឡិចត្រូនិច រឺ អ៊ីម៉េល (Email) ថា សហឧក្រិដ្ឋកម្មរួមជារបៀបមួយនៃការទទួលខុសត្រូវ ឧក្រិដ្ឋកម្មជាលក្ខណៈបុគ្គល ឬក៏ជាការទទួលខុសត្រូវក្នុងការបន្ថែម ការញុះញុងការរៀបចំផែនការ ការដាក់បញ្ជា និងការទទួលខុសត្រូវថ្នាក់ខ្ពស់ជាដើម។ ទម្រង់ជាមួលដ្ឋាននៃគោលការណ៍សហឧក្រិដ្ឋកម្មរួមនេះ ទាក់ទងទៅនឹងផែនការចូលរួមរបស់បុគ្គលមួយក្រុម ដែលមានចេតនារួមគ្នានៅក្នុងការប្រព្រឹត្តិឧក្រិដ្ឋកម្ម។
លោកស្រី អាន ហេនដែល មានប្រសាសន៍ថា ក្រុមព្រះរាជអាជ្ញាបានប្រើប្រាស់សហឧក្រិដ្ឋកម្មរួមនៅក្នុងសំណុំរឿង០០២នេះ ដើម្បីអាចច្របាច់ជនជាប់ចោទទាំងបួននាក់បញ្ចូលគ្នា នៅក្នុងផែនការនៃឧក្រិដ្ឋកម្មរួម។
តាមរយៈការភ្ជាប់ជនជាប់ចោទរបៀបនេះ ភស្តុតាងដែលប្រឆាំងទៅនឹងជនចាប់ចោទម្នាក់នៅក្នុងចំណោមជនជាប់ចោទទាំងនោះ អាចជួយបង្ហាញពីការទទួលខុសត្រូវរបស់ជនជាប់ចោទដទៃទៀត។ អ្នកជំនាញការផ្នែកច្បាប់ដដែលមានប្រសាសន៍ថា ដោយឈរនៅលើគោលការណ៍សហឧក្រិដ្ឋកម្មរួម ជនជាប់ចោទនឹងត្រូវកាត់ទោសជាក្រុមរួមគ្នា ដោយហេតុថា សហព្រះរាជអាជ្ញាចង់បង្ហាញថា ជនជាប់ចោទ ចែករំលែកការទទួលខុសត្រូវឧក្រិដ្ឋកម្មរួមគ្នា។
ក៏ប៉ុន្តែ លោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្គេតកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការកាត់ទោសរួមគ្នាជាក្រុមក្នុងសំណុំរឿង០០២ មិនមែនដោយសារការជាប់ទាក់ទងទៅនឹងសហឧក្រិដ្ឋកម្មរួមទាំងស្រុងនោះទេ។ លោកបន្តថា៖
«អានេះ សុំណុំរឿងតែមួយ មិនមែនដោយសារសហឧក្រិដ្ឋកម្មរួមឯណា ខ្ញុំមានសេចក្តីសម្រចរួចហើយ ខាងចៅក្រមស៊ើបអង្គេត គេមានការប្រើប្រាស់ហើយ។ ប៉ុន្តែដល់អង្គជំនុំជម្រះ វាអាស្រ័យទៅលើឯករាជ្យ»។
គោលការណ៍នៃសហឧក្រិដ្ឋកម្មរួមដំបូងបំផុត ត្រូវគេយកទៅអនុវត្តនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី ហើយគោលកាណ៍នេះ ក៏ត្រូវបានអនុវត្តដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ប្រទេស Rwanda និងតុលាការពិសេសសម្រាប់ប្រទេស សេរ៉ាឡេអូន ផងដែរ ។
មានជនជាប់ចោទសរុបចំនួនប្រាំនាក់នៅក្នុងសំណុំរឿង០០២ ក៏ប៉ុន្តែសហព្រះរាជអាជ្ញាបានស្នើឲ្យទំលាក់ចោល កាំង ហ្គិចអៀវ ហៅឌុច អតីតប្រធានគុកទួលស្លែងចេញពីសំណុំរឿង។
លោកស្រីអាន ហេនដែល (Anne Heindel ) ទីប្រឹក្សាច្បាប់មជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា មន្ទីរស២១ ដែលអ្នកទោសនៅទីនេះ យ៉ាងតិច១២៣៨០នាក់ ត្រូវបានសម្លាប់ ត្រូវចាត់បញ្ចូលថា ជាប់ពាក់ព័ន្ឋទៅនឹងគោលការណ៍សហឧក្រិដ្ឋកម្មរួមដែរ ក៏ប៉ុន្តែឌុច ដែលជាអតីតប្រធានគុកនេះ មិនមានភាពចាំបាច់ក្នុងការនាំខ្លួនយកទៅកាត់ទោសជាបន្ថែមក្នុងសំណុំរឿង០០២ ជាមួយអតីតមេដឹកនាំកំពូលខ្មែរក្រហម ដែលមានវ័យកាន់តែចាស់ចំនួនបួននាក់ផ្សេងទៀតនោះទេ ដោយហេតុថា ឌុច ត្រូវបានកាត់ទោសរួចម្តងទៅហើយ ក៏ប៉ុន្តែ ឌុច អាចក្លាយទៅជាសាក្សីដ៏មានសារៈសំខាន់សម្រាប់ការកាត់ទោសនៅក្នុង សំណុំរឿង០០២។