កាលពីថ្ងៃច័ន្ទ តុលាការគាំទ្រដោយអ.ស.ប.កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងស៊ើបអង្កេតចលនាដ៏ប្រល័យរបស់របបគ្រប់គ្រងខ្មែរក្រហម បានចាប់ផ្ដើមស្ដាប់សេចក្ដីថ្លែងការណ៍បង្ហាញភ័ស្ដុតាងប្រឆំាងអតីតមេដឹកនាំខ្មែរក្រហមបីនាក់។ ជនជាប់ចោទបីនាក់ក្នុងការកាត់ក្ដីតុលាការដែលគេរង់ចាំយូរនេះ បានបដិសេធការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។
សវនាការនៅតុលាការកាលពីថ្ងៃច័ន្ទ គឺផ្តោតលើនួន ជា មេដឹកនាំមនោគមវិជ្ជារបស់របបគ្រប់គ្រងខ្មែរក្រហម ហើយដែលគេស្គាល់ថា ជាបងធំទីពីរ។
ក្នុងសវនាការទាំងពេលព្រឹក និងពេលល្ងាច នួន ជា ដែលជាមេដឹកនាំធំទី២បន្ទាប់ពីខ្មោចប៉ុល ពតនោះ បានទិតៀនខ្លាំងក្លាប្រឆាំងប្រទេសវៀតណាម ដូចគាត់ធ្លាប់ធ្វើជា ទៀងទាត់ ជាច្រើនឆ្នាំមកហើយ។
គាត់បានស្ដីបន្ទោសប្រទេសជិតខាងទិសខាងកើតគឺវៀតណាមពីបទឧក្រិដ្ឋកម្ម ដែលខ្លួនគាត់ និងចុងចោទជាច្រើននាក់ទៀតត្រូវចោទប្រកាន់នោះ។ គាត់ថ្លែងថា មនុស្សទូទៅយល់ខុស ដោយចោទថា ខ្មែរក្រហមអាក្រក់។
«អ្វីៗទាំងអស់នៅក្រោមការត្រួតត្រារបស់វៀតណាម ចេញពីទីចាត់ការនៃទីក្រុងហាណូយ ពីទីក្រុងហូជីមិញ។ ហេតុដូច្នេះ ឧក្រិដ្ឋកម្មទាំងនោះ មានឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ គឺមិនមែនខ្មែរជាអ្នកប្រព្រឹត្តទេ គឺវៀតណាមទេ ដែលជាអ្នកសម្លាប់ខ្មែរ»។
នេះជាវោហាសាសន៍ដែលគេធ្លាប់ឮចេញពីមាត់ជនម្នាក់នេះដែលនៅតែបន្ដបដិសេធការទទួលខុសត្រូវផ្ទាល់ខ្លួនក្នុងនយោបាយដែលបានប្រល័យជីវិតមនុស្សប្រមាណ១,៧លាននាក់ ឬប្រមាណម្នាក់ក្នុងចំណោម៤នាក់នៃពលរដ្ឋកម្ពុជា ទាំងអស់។
ក្រៅពីដាក់កំហុសទៅលើវៀតណាម និងអ្វីដែលគេហៅថា “ខ្មាំង” របស់បដិវត្ដន៍ពីទសវត្សរ៍១៩៦០ដល់ទសវត្ស១៩៧០នោះ នួន ជាបានថ្លែងប្រាប់តុលាការអំពីការរំឭករបស់គាត់ពេលជាយុវវ័យ នៅក្រោមរបបគ្រប់គ្រងអនានិគមនិយមអស់រយៈពេលពីរទសវត្សរ៍។
«កាលពីខ្ញុំនៅតូច រស់នៅក្រោមអនានិគមបារាំង ខ្ញុំឃើញផ្ទាល់ភ្នែកនូវការបំពានមកលើពលរដ្ឋខ្មែរប្រព្រឹត្ដដោយបារាំង។ ជនជាតិខ្មែរបានត្រូវគេវាយដំ ហើយចាប់ដាក់គុក។ ខ្ញុំក៏បានឃើញផ្ទាល់ភ្នែកនូវការធ្វើបាបមកលើពលរដ្ឋខ្មែរដទៃដែរ ដោយចាត់ទុក ដូចជាទាសករ»។
គាត់និយាយថា ការសម្រេចចិត្តរបស់គាត់គឺបណ្តាលមកពីអំពើអយុត្តិធម៌ទាំងនោះ។
នួន ជានិយាយថា គាត់យល់ពីគម្រោងការរបស់វៀតណាមមកលើប្រទេសកម្ពុជា ពេលគាត់ទៅរៀននៅហាណូយក្នុងដើមទសវត្ស១៩៥០។ គាត់និយាយថា ពេលនោះគាត់ដឹងថា វៀតណាមចង់ត្រួតត្រាកម្ពុជា។
«ខ្ញុំសោកសា្តយដោយឮដូច្នោះ ពីព្រោះខ្ញុំប្រយុទ្ធយ៉ាងលំបាកប្រឆាំងនឹងបារាំងដើម្បីបានឯករាជ្យ ប៉ុន្តែតើជាឯករាជ្យក្រោមការត្រួតត្រារបស់ប្រទេសមួយទៀតឬ?»
នួន ជាគឺជាចុងចោទម្នាក់គត់ថ្លែងនៅតុលាការនៅថ្ងៃច័ន្ទនេះ។ ខៀវ សំផន អតីតប្រមុខរដ្ឋនឹងនិយាយលើកក្រោម ក្រោយពីសវនាការកាត់ទោសនួន ជាបានបញ្ចប់។
ចុងចោទទីបី គឺអៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និយាយថា គាត់នឹងមិនផ្តល់ចម្លើយទេ។
ដោយសារតែសំណុំរឿងនេះស្មុគស្មាញ ដូចជាចុងចោទចាស់ជរា អាយុជាង៨០ឆ្នាំ និងមានបញ្ហាសុខភាព ដូច្នេះការកាត់ទោសនោះត្រូវបែងចែកជាការកាត់ទោសដោយឡែកបន្តបន្ទាប់គ្នា។
មានន័យថា តុលាការអាចសម្រេចទោស ពេលដំណើរការនេះកំពុងបន្ត ហើយធ្វើដូច្នេះគេអាចកាត់បន្ថយកង្វល់ដែលខ្លាចចុងចោទស្លាប់ មុនតុលាការចេញសាលក្រមកាត់ទោស ដូចការកាត់ទោស Slobodan Milosevic អតីតប្រធានាធិបតីរបស់ស៊ែប។
ការកាត់ទោសមួយវគ្គដំបូងនេះនឹងពិនិត្យមើលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចការបណ្តេញប្រជាជនដោយបង្ខំ គឺព្រឹត្តិការណ៍ចំនួន២ក្នុងឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា ដេញប្រជាជនចេញពីទីក្រុង។ ហើយក្រោមមក ក្នុងឆ្នាំនោះដែរ គេបានបង្ខំមនុស្សច្រើនលាននាក់ទូទាំងប្រទេសឲ្យធ្វើការដោយបង្ខំក្នុងជំរំពលកម្ម។
ប៉ុន្តែនួន ជាទំនងជាបន្តបន្ទោសអ្នកផ្សេងចំពោះការស្លាប់ទាំងនោះ។
«ខ្ញុំមិនចង់ឲ្យជំនាន់ក្រោយយល់ខុសអំពីប្រវត្តិសាស្ត្រទេ។ ខ្ញុំមិនចង់ឲ្យគេគិតថា ខ្មែរក្រហមអាក្រក់ ខ្មែរក្រហមជាឧក្រិដ្ឋជន ទេ។ វាមិនពិតទេ»។
ការកាត់ទោសមួយវគ្គដំបូងនេះទំនងជាស៊ីពេល២ឆ្នាំ។ បើមានការកាត់ទោសវគ្គផ្សេងទៀតគឺទាក់ទងនឹងបទចោទប្រកាន់អំពីប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
ប្រែសម្រួលដោយ អូ ធួក