ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រងគ្រោះ​រង់ចាំ​ដំណោះស្រាយ​ដីធ្លី​ដោយ​គ្មាន​ទី​បញ្ចប់


ស្ត្រី​ខ្មែរ​ម្នាក់​​ឈរ​នៅ​ក្បែរ​ផ្ទះ​ខ្ទម​របស់​គាត់​នៅ​ខេត្ត​ព្រះសីហនុ។ គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១០០​គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​អាជ្ញាធរ​ពី​តំបន់​ដី​ជម្លោះ​មួយ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០០៧។
ស្ត្រី​ខ្មែរ​ម្នាក់​​ឈរ​នៅ​ក្បែរ​ផ្ទះ​ខ្ទម​របស់​គាត់​នៅ​ខេត្ត​ព្រះសីហនុ។ គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១០០​គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​អាជ្ញាធរ​ពី​តំបន់​ដី​ជម្លោះ​មួយ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០០៧។

ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ស្ពាន​ឆេះ​ខេត្ត​ព្រះសីហនុ​ ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ភូមិករ​របស់​ខ្លួន​ទាំង​បង្ខំ​កាល​ពី​ជិត​៤ឆ្នាំ​មុន​បាន​អះអាង​ថា​ពួកគេ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ដូច​ជា​ជនភៀសខ្លួន។

ពួកគេ​បានលើកឡើងថា​ការ​សន្យា​ជា​បន្ត​បន្ទាប់​របស់​អាជ្ញាធរ​ក្នុង​ការផ្តល់​ដី​ធ្លី​ឲ្យ​ពួកគេ​រស់នៅ​ក្រោយពី​ការបណ្តេញ​ចេញ​នោះ​ហាក់​ដូច​ជា​ ការ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​តែ​ប៉ុណ្ណោះ។

ក្រុង​ព្រះសីហនុ​បាន​ប្រែ​មុខមាត់​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មាន​សណ្ឋាគារ​ ផ្ទះ​សំណាក់​និង​សំណង់​អាគារ​ទំនើប​ៗផ្សេងៗ​ទៀត​ដុះ​ព្រោងព្រាត​ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរណ៍ដែល​ចូល​មក​លេង​កម្សាន្ត​និង​សម្រាក​លំហែ​កាយ។

ប៉ុន្តែ ​អ្នកភូមិ​ស្ពាន​ឆេះ​នៅ​ក្នុង​សង្កាត់​លេខ​៤នៃ​ក្រុង​នេះ ចំនួនជាង​១០០​ គ្រួសារ​មិន​ទទួល​បាន​ការ​អភិវឌ្ឍ​ទៅតាមសង្វាក់​រីកចម្រើន​របស់​ក្រុង​ជាប់​មាត់​សមុទ្រដ៏​ស្រស់​ប្រិមប្រិយ៍​របស់​កម្ពុជា​មួយ​នេះ​ឡើយ។

ពួកគាត់​នៅ​ក្នុង​ស្ថាន​ភាព​តោកយ៉ាក​ដែល​ពួកគាត់​បានហៅ​ថា​ជា​ការរស់នៅ​ដូចជា​ជន​ភៀស​ខ្លួន​ ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរបណ្តេញចេញពី​ភូមិ​ករ​របស់​ខ្លួនដោយ​បង្ខំ​ចាប់តាំង​ពីជាង​បី​ឆ្នាំ​មុនមក​ម្ល៉េះ។

អ្នក​ស្រី​ ឈឿន សារ៉េត​ វ័យ​៤៤ឆ្នាំ​ ដែលប្រកបរបរ​ជា​អ្នក​លក់​ដូរ​នំនែក​បន្តិចបន្តួច​នៅ​ផ្ទះ​ គឺ​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាង​៧០​គ្រួសារ​ទៀត​ដែល​បន្ត​រស់នៅដោយ​គ្មានបង្គន់​អនាម័យ​ ទឹក​ស្អាត​និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់ នៅក្នុង​ខ្ទមប្រក់​តង់​ដែល​គេ​សង់​ជា​ជួរតាម​ចិញ្ចើម​ផ្លូវ​ដីក្រហម​មួយខ្សែ​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរ​អូរត្រេះ ​ជាប់​ឆ្នេរ​អូរឈើទាល​ដ៏​មាន​ប្រជាប្រិយភាព​នៃ​ក្រុង​នេះ។

អ្នក​ស្រី ឈឿន សារ៉េត ​ដែល​កំពុង​មាន​ផ្ទៃពោះ​កូន​ទី​៦​របស់​អ្នក​ស្រី ​មាន​ប្រសាសន៍​ទាំងទឹក​ភ្នែក​ស្រក់​ម៉ាត់ៗនៅ​ក្នុង​ខ្ទម​ប្រក់​តង់​ដែល​ធ្លុះធ្លាយ​របស់​អ្នក​ស្រី។ ខ្ទម​នេះ​សង់​នៅនៅជិត​អតីតដី​ភូមិ​ចាស់​ដែល​អ្នក​ស្រី​និង​អ្ន​ក​ភូមិ​ដទៃ​ទៀតធ្លាប់​រស់នៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

អ្នកស្រី ​សារ៉េត ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា​ នឹង​ផ្ដល់​ដី​មួយ​កន្លែង​ផ្សេង​ទៀត​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនេះ​តាំង​លំនៅ​ថ្មី​ ក៏​ប៉ុន្ដែ​ការសន្យា​នោះ​នៅ​តែស្ថិត​ជា​ស្រមោល​ដដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​ពួកគាត់​នៅតែ​បន្ដ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​រង់ចាំ​ការបណ្ដេញ​ថ្មី​ទៀត​មក​ដល់។

«នៅ​តែ​រង់​ចាំ​អង្គការ​គេ​ដោះ​ស្រាយ​ឲ្យៗ​នៅ​តែ​អញ្ចឹង។ ខ្ញុំ​ចង់​បាន​គេ​ដោះ​ស្រាយ​ដី​ធ្លី​ឲ្យ​ឆាប់​ៗ។ នៅ​អញ្ចឹង​ ចិញ្ចឹមមាន់​ ចិញ្ចឹម​ទា​ ចិញ្ចឹម​អី​ក៏​មិន​បាន​ ឡាន​កិនបុក។ ក្តៅ​ក៏​ក្តៅ​ គ្មាន​ដើម​ឈើ​ ជម្រក​ក្មេង​លេង​ទៀត»។

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០០៧​ ប្រជាពលរដ្ឋ​ភូមិ​ស្ពាន​ឆេះ​ទាំង​ជាង ​១០០​គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដែល​រួមមាន​កង​កម្លាំងប្រដាប់​អាវុធ​ នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បណ្តេញ​ដោយ​បង្ខំ​ចេញ​ពី​ដី​ភូមិ​របស់​ពួកគេ​ដែល​មាន​ទំហំ​សរុប​ប្រមាណ​១៦​ហិកតា​ដែល​ពួកគេ​ធ្លាប់​រស់នៅ​ជា​ច្រើន​ឆ្នាំមក​ហើយ។ ​អាជ្ញាធ​អះអាង​ថា​ប្រជាពលរដ្ឋ​ទាំង​នេះ​រស់នៅ​ខុស​ច្បាប់លើ​ដី​ឯកជន។

បុរស​អ្នកភូមិ​ចំនួន​១៣នាក់​រួម​ទាំង​កូន​ប្រុស​ម្នាក់​របស់​អ្នកស្រី ​ឈឿន សារ៉េត​ផង ​បានត្រូវ​ចាប់​ខ្លួន​ និងរង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ពួកគេ​បាន​ព្យាយាម​ទាំង​អស់​សង្ឃឹម​ក្នុង​ការរារាំង​ដើម្បី​បញ្ឈប់​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ។

ក្រុម​អ្នក​ភូមិនិង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្ត​នេះ​ អះអាង​ថា ប្រពន្ធ​របស់​ទី​ប្រឹក្សា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ទាមទារ​ដី​ទាំង​១៦ ​ហិកតា​នេះ​ថាជា​កម្មសិទ្ធិ​របស់​ខ្លួន។ ហើយ​បច្ចុប្បន្នដី​នេះ​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ឲ្យ​ម្ចាស់​ក្រោយ​ពីរឬ​បី​ត​ទៅ​ហើយ។

អ្នក​ស្រី​ ឈឿន សារ៉េត ​បាន​រំលឹក​ឡើង​វិញ​ពី​ហេតុការណ៍​បណ្តេញ​អ្នកភូមិ​ចេញ​ពី​លំនៅដ្ឋាននៅ​ពេល​នោះថា៖

«វា​ដេញ​បាញ់ មាន​ដំបង​ឆក់។ វា​ដេញ​វាយ ដង​ពូថៅ​ ខ្នង​ពូថៅ​អី​ហ្នឹង។ ដល់​រត់​ទៅ វា​ចាប់​បាន​វា​វាយ​ចាប់​បោះដាក់​ឡាន យក​ទៅ​ដាក់​គុក។ ចាប់​ចង​បោះៗ ​វាយ​គ្នា​ឡើង​គ្រាំគ្រា។ ឆ្អឹង​ជំនី​គ្នា​ឡើង​ទាញ​មង​មិនចង់​កើត​ផង​រាល់​ថ្ងៃ។ មាន​រក​អី មាន​តែ​ចុះ​ទូក​ធ្វើ​កូន​ដៃ​គេ»។

អ្នក​ស្រី កយ ជឹម ​អាយុ​៨១ឆ្នាំ មាន​ប្រសាសន៍​នៅលើ​តូប​មុខ​ខ្ទម​របស់​អ្នក​ស្រីថា អ្នក​ស្រី ​មិន​ចង់​ទៅ​រស់​នៅ​លើ​ដី​ភូមិ​ចាស់​នោះ​វិញ​ទេ ​ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ ក្នុង​ការ​ដោះ​ស្រាយដី​ធ្លីជូន​អ្នកស្រី។

ដោយ​ស្បែក​ជ្រីវជ្រួញ​ទៅ​តាម​វ័យហើយ​នោះ ​អ្នកស្រី ​កយ​ ជឹម ​មាន​ប្រសាសន៍​បន្ថែម​ថា ​អ្នកស្រី​ចង់​បាន​ដី​ធ្លី​ដ៏​សមរម្យ​មួយកន្លែង​សម្រាប់​ទុក​ឲ្យកូនស្រី​មេម៉ាយ​ទាំង​ពីរ​នាក់​និង​ចៅ​ទាំង​១២​នាក់​របស់អ្នកស្រី​ដើម្បី​ឲ្យ​អ្នក​ស្រី​លា​ចាក​លោក​នេះ​ទៅ​ដោយ​បិទ​ភ្នែក​ជិត។

«ចង់​បាន​អរ​ងាប់​ហើយ។ បើ​បាន​ផ្ទះ​បាន​សម្បែង​ចាំ​ស្លាប់​ទៅ​ យើង​សោះ​នឹង​ព្រួយ​ចិត្ត​អា​រឿង​កូន​ចៅ​នៅ​ក្រោយ។ បាន​ផ្ទះ​បាន​សម្បែង​ឲ្យ​វា​នៅ​ទៅ វា​សោះ​នឹង​រងា​ភ្លៀង​ វា​សោះ​នឹង​អី»។

លោក​ ច័ន្ទ ចំរើន​ អ្នក​ស៊ើប​អង្កេត​របស់សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ប្រចាំ​ខេត្ត​ព្រះសីហនុ ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​គួរ​តែ​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ ដោយសារ​ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ក្នុង​ស្ថានភាព​រស់​នៅ​ដូច​ពេល​បច្ចុប្បន្ន​នេះ។

«ខ្ញុំ​ឃើញ​ផល​ប៉ះពាល់​ច្រើន ជា​ពិសេស​កុមារ។ សុខុមាលភាព​របស់​ពួកគាត់​ហ្នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ណាស់ ឡាន​បើក​ដី​ហុយ​ ហើយ​ភ្លៀង​មក​គាត់​ជួប​បញ្ហា​ធម្មជាតិ​និង​ឧបសគ្គ​ច្រើន​មែន​ទែន។ ជួន​កាល​ខ្យល់​មក ​មាត់​សមុទ្រ​ យើង​ដឹង​ហើយ​ប៉ើង​តង់​ ប៉ើង​អី​ហើយ​គ្រួសារ​យើង​ដឹង​ហើយ​ យើង​ត្រូ​វ​ការ​ដេក​ពួន ​អញ្ចឹង​វា​ជួប​បញ្ហា​ច្រើន»។

លោក​ ស្បោង សារ៉ាត់ ​អភិបាល​ខេត្ត​ព្រះសីហនុ ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ខេត្ត​របស់​លោក​មិន​បាន​សន្យា​អ្វី​មួយ​ជាមួ​យ​ប្រជាពលរដ្ឋ​ទាំង​នេះ​ទេ។

ប៉ុន្តែ ​លោក​មាន​ប្រសាសន៍​បន្ថែមថា ​លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថ្នាក់​ជាតិដើម្បី​ឲ្យ​ជួយ​គិត​គូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ភូមិ​ករ​ដោយ​បង្ខំ​ទាំង​នេះ​ហើយ។

«ខ្ញុំ​គ្រាន់​តែ​បាន​ជម្រាប​ប្រាប់​គាត់​ថា​ខេត្ត​បាន​គិត​គូរ​ ប៉ុន្តែ​ឥឡូវ​នេះ ​ខេត្ត​បាន​ធ្វើ​គម្រោង​សំណើ​សុំ​ដីសម្បទាន​សង្គមកិច្ច​និង​គ្រួសារ​យុទ្ធជន​ទៅ​ថ្នាក់​លើ​ហើយ​ប៉ុន្តែ​ថ្នាក់​លើ​មិន​ទាន់​ពិនិត្យ​និង​សម្រេច​ទេ»។

លោក​ ស្បោង ​សារ៉ាត់​ មិន​អាច​បញ្ជាក់​បាន​ ថាតើ​ការ​ផ្តល់ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​នេះ​នឹង​អាច​ចាប់​ផ្តើម​លេច​ចេញ​ជា​រូបរាងបាន​នៅ​ពេលណា​នោះ​ទេ។

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី លោក ច័ន្ទ ចំរើន​ នៃ​សមាគម​អាដហុកប្រចាំខេត្ត​ព្រះសីហនុ​នេះ​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ពាក់​ព័ន្ធគួរ​តែ​ពន្លឿន​ល្បឿន​នៃ​ការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ដើម្បី​រក្សា​មុខមាត់​របស់​ខេត្ត​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស​ទាំង​មូល​នេះ។

លោកច័ន្ទ ចំរើន ​ពន្យល់​ថា ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​កម្សាន្ត​និង​លំហែ​កាយ​លេង​នៅ​តាម​មាត់​សមុទ្រ​នៃ​ក្រុង​ព្រះសីហនុដ៏​ស្រស់​ត្រកាល​នេះ​ពិត​ជា​មិន​ចង់​ឃើញ​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យសង្វេគ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ប៉ុន្តែ​បែរ​ជា​រស់នៅ​ក្នុង​ស្ថានភាព​ដូច​ជា​ជន​ភៀស​ខ្លួន​ដូច្នេះ​ទេ៕

XS
SM
MD
LG