ខណៈដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលធ្វើការប្រជុំមហាជននៅអេហ្ស៊ីប មេដឹកនាំសហភាពអឺរ៉ុបអំពាវនាវនៅក្នុងសន្និសីទកំពូលមួយ នៅក្នុងទីក្រុង ប្រ៊ុស្ស៊ែលស៍ (Brussels) ឲ្យលោកប្រធានាធិបតី ហូស្នី មូបារ៉ាក់ (Hosni Mubarak) នៃប្រទេសអេហ្ស៊ីបចុះចេញពីតំណែងនិងឲ្យក្រុមបាតុករគាំទ្រនិងប្រឆាំងរដ្ឋាភិបាលបញ្ចប់ការប៉ៈទង្គិចគ្នាដោយប្រើអំពើហិង្សារបស់ពួកគេ។
ថាមពលនិងតំបន់ប្រើប្រាក់យូរ៉ូ គឺជាប្រធានបទនៅក្នុងការពិភាក្សាសម្រាប់មេដឹកនាំអឺរ៉ុប ដែលចូលរួមនៅក្នុងសន្និសីទកំពូលមួយថ្ងៃ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែកិច្ចពិភាក្សានៅទីក្រុងប៊្រូស្ស៊ែលស៍ (Brussels) ប្រែក្លាយទៅជារឿងមិនសូវសំខាន់ទៅវិញ ដោយសារព្រឹត្តការណ៍នៅក្នុងប្រទេសអេហ្ស៊ីប ដែលនៅទីនោះ មានការទាមទារកាន់តែច្រើនឡើងឲ្យលោកប្រធានាធិបតីមូបារ៉ាក់ចុះចេញពីតំណែងនៅពេលឆាប់ៗ។
មេដឹកនាំសហភាពអឺរ៉ុប៥រូប បានធ្វើការអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ឲ្យលោក មូបារ៉ាក់ ចាប់ផ្តើមធ្វើការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យជាបន្ទាន់។ ហើយនៅថ្ងៃសុក្រនេះ ក្រុមមេដឹកនាំអឺរ៉ុបបានអំពាវនាវឲ្យរដ្ឋាភិបាលលោក មូបារ៉ាក់ ធ្វើការពិភាក្សាជាមួយគណបក្សប្រឆាំងនៅក្នុងប្រទេសអេហ្ស៊ីប។ នាយករដ្ឋមន្ត្រីអង់គ្លេស ដេវិដ ខាមេរ៉ុន (David Cameron) បានថ្លែងថា វិធានការណ៍ទាំងឡាយ ដែលអាជ្ញាធរអេហ្ស៊ីប បានធ្វើមកទល់នឹងពេលនេះមិនទាន់ល្មមគ្រប់គ្រាន់ទេ។
លោកខាមេរ៉ុន ថ្លែងថា៖ «ខ្ញុំគិតថា សារៈសំខាន់នោះគឺថា បើសិនជាអំពើហិង្សាដែលយើងឃើញនៅតាមផ្លូវក្នុងទីក្រុងឡឺគែរ ឬការជួលមនុស្សឲ្យវាយដំក្រុមបាតុករ សព្វថ្ងៃនេះ មានការគាំទ្រពីសំណាក់រដ្ឋាភិបាលនោះ អេហ្ស៊ីបនិងរបបគ្រប់គ្រងរបស់ខ្លួន អាចបាត់បង់ជំនឿទុកចិត្ត និងការគាំទ្រដែលនៅសេសសល់ទាំងប៉ុន្មាននៅក្នុងចក្ខុរបស់ពិភពលោកដែលកំពុងសម្លឹងមើល រួមទាំងប្រទេសអង់គ្លេសផង»។
ទោះជាមានពាក្យសម្តីខ្លាំងៗបែបនេះក៏ដោយ ក៏អ្នកវិភាគខ្លះដូចជាលោក អូលីវិអ៊ើរ ដ្យេហាន (Olivier Jehan) ប្រធានការិយាល័យវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង នៅទីក្រុង ប្រ៊ុស្ស៊ែលស៍ ថ្លែងថា អឺរ៉ុបមានការយ៉ឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងបាតុកម្ម ដែលមាននៅពាសពេញពិភពអារ៉ាប់ ដែលចាប់ផ្តើមនៅក្នុងប្រទេសទុយនីស៊ី៕
ប្រែសម្រួលដោយ ប៉ូច រាសី