ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​អឺរ៉ុប​បង្កើន​ការ​ដាក់​សម្ពាធ​ចំពោះ​មូបារ៉ាក់


ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ដង្ហែ​កាត់​តាម​ផ្លូវ​​មួយ​ក្នុង​ទី​ក្រុង​​ឡឺគែរ​ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ កាល​ពី​ថ្ងៃ​សុក្រ យោធា​អេហ្ស៊ីប​បាន​សម្តែង​ការ​គាំ​ទ្រ​របស់​ខ្លួន​ដល់​គម្រោង​របស់​លោក​ប្រធានាធិបតី ហូស្នី មូបារ៉ាក់
ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ដង្ហែ​កាត់​តាម​ផ្លូវ​​មួយ​ក្នុង​ទី​ក្រុង​​ឡឺគែរ​ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ កាល​ពី​ថ្ងៃ​សុក្រ យោធា​អេហ្ស៊ីប​បាន​សម្តែង​ការ​គាំ​ទ្រ​របស់​ខ្លួន​ដល់​គម្រោង​របស់​លោក​ប្រធានាធិបតី ហូស្នី មូបារ៉ាក់

រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​បាន​បញ្ចេញ​ប្រតិកម្ម​ដែល​លាយឡំ​ដោយ​ការ​បារម្ភ​និង​ការ​អស់​សេចក្តី​អំណត់​ទៅ​នឹង​ការ​បដិសេធ​របស់​ប្រធានាធិបតី​អេហ្ស៊ីប​ លោក​ហូស្ន៊ី​ មូបារ៉ាក់​ មិន​ចាកចេញ​ពី​តំណែង​ភ្លាមៗ។

មេដឹកនាំ​អឺរ៉ុប​បាន​បង្កើន​ការ​អំពាវនាវ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អំណាច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ ដោយ​ការ​តវ៉ា​ដ៏​ខ្លាំងក្លា​បន្ត​ធ្វើ​នៅ​ទី​នោះ​ ទាមទារ​ឲ្យ​លោក​ហូស្ន៊ី​ មូបារ៉ាក់​ ចុះចេញ​ពី​តំណែង។​ ការ​ទាមទារ​នោះ​បាន​ធ្វើ​ម្តង​ទៀត​បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​នៃ​ក្រុម​មេដឹកនាំ​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​និយាយ​ថា​លោក​អាច​មិន​លាលែង​ពី​តំណែង​ភ្លាមៗ​ទេ។

នៅ​ក្នុង​សេចក្តី​កត់​សម្គាល់​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី​បារាំង​ នីកូឡាស​ សាកូហ្ស៊ី​ (Nicolas Sarkozy) ដែល​ផ្សាយ​តាម​ទូរទស្សន៍​ក្រោយ​ពី​សុន្ទរកថា​របស់​លោក​មូបារ៉ាក់​មក​ លោក​សាកូហ្ស៊ី​បាន​មាន​ប្រសាសន៍​ថា​ រឿង​ប្រធានាធិបតី​អេហ្ស៊ីប​ ត្រូវ​ចេញ​ពី​តំណែង​នោះ​ ជា​រឿង​ចៀស​មិន​រួច។

លោក​សាកូហ្ស៊ី​បាន​មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹមថា​ លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ទើប​មាន​មិន​ទាន់​រឹងប៉ឹង​របស់​ប្រទេស​អេហ្ស៊ីប​ យក​ឱកាស​នេះ​ដើម្បី​រៀនសូត្រ​និង​ពង្រឹង​បន្ថែម​នូវ​នយោបាយ​ រចនាសម្ព័ន្ធ​និង​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ចៀស​ផុត​ពី​ការ​ក្លាយ​ជា​របប​សាសនា​ផ្តាច់ការ។

លោក​ William Hague​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រទេស​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អំណាច​ជា​បន្ទាន់​ប៉ុន្តែ​មាន​សណ្តាប់​ធ្នាប់​ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ប្រទេស​អាល្លឺម៉ង់​វិញ​ បាន​និយាយ​ថា​សុន្ទរកថា​របស់​លោក​មូបារ៉ាក់​បាន​បណ្តោយ​ឲ្យ​សហគមន៍​អន្តរជាតិ​ខ្វល់ខ្វាយ​ច្រើន​ជាង​ពេល​មុនៗ៕

ប្រែ​សម្រួល​ដោយ​ នុច​ សារីតា

XS
SM
MD
LG