ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​អឺរ៉ុប​និង​សភា​អាមេរិក​ស្វាគមន៍​ការវាយ​ប្រហារ​ដោយ​ប្រើ​គ្រាប់​មីស៊ីល​របស់​អាមេរិក​


នាវាចម្បាំង​អាមេរិក​ឈ្មោះ USS Porter DDG 78 ដែល​មាន​ផ្ទុុក​មីស៊ីល​ បាន​បាញ់​គ្រាប់​មីស៊ីល​ចេញ​ពី​សមុទ្រ​មេឌីទែរ៉ានេ ប្រឆាំង​នឹង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី​៧ ខែមេសា។
នាវាចម្បាំង​អាមេរិក​ឈ្មោះ USS Porter DDG 78 ដែល​មាន​ផ្ទុុក​មីស៊ីល​ បាន​បាញ់​គ្រាប់​មីស៊ីល​ចេញ​ពី​សមុទ្រ​មេឌីទែរ៉ានេ ប្រឆាំង​នឹង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី​៧ ខែមេសា។

សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​បាន​សាទរ​ដោយ​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​វាយប្រហារ​ដោយ​ប្រើ​គ្រាប់​មីស៊ីល​របស់​អាមេរិក​ទៅ​លើ​មូលដ្ឋាន​យោធា​ស៊ីរី​មួយ​កន្លែង​កាល​ពី​យប់​ថ្ងៃ​សុក្រ។

សកម្មភាព​របស់​អាមេរិក​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​ទៅ​លើ​ក្រុង​មួយ​ដែល​ក្រុម​ឧទ្ទាម​កាន់​កាប់ ហើយ​ដែល​បស្ចិមប្រទេស​ស្តី​បន្ទោស​ទៅ​លើ​របបប្រធានាធិបតី​ស៊ីរី ​លោក​ Bashar al Assad។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ធ្វើ​សកម្មភាព​វាយ​ប្រហារ​តែ​ម្នាក់​ឯង​ទៅ​លើ​មូលដ្ឋាន​យោធា​ផ្លូវ​អាកាស​របស់​ស៊ីរី​មួយ​នោះ។ ប៉ុន្តែ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ដ៏​សំខាន់​បាន​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ​

ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បាញ់​គ្រាប់​មីស៊ីល​ពី​នាវា​ពិឃាដ​នេះ ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពី​គណបក្សទាំង​ពីរ​ផង​ដែរ ថ្វីដ្បិត​តែ​សមាជិក​មួយ​ចំនួន​បង្ហាញ​ពី​កង្វល់​ថា លោក ត្រាំ​ មិន​បាន​ព្យាយាម​ស្វែងរក​ការ​អនុម័ត​ពី​សភា​ជាមុន​ចំពោះ​សកម្មភាព​យោធា​នេះ។ ​

អ្នក​នយោបាយ​ដែល​ប្រឆាំង​នឹង​លោក​ ត្រាំ​ ខ្លាំង​ក្លា​មួយ​ចំនួន​បាន​គាំទ្រ​វិធានការ​នេះ។ មេដឹកនាំ​សំឡេង​ភាគ​តិច​នៅ​ក្នុង​ព្រឹទ្ធសភា​ លោក​ Chuck Schumer​ បាន​ហៅ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នេះ​ថា​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដែល​គេ​ជឿ​ថាបាន​ប្រើប្រាស់​អាវុធ​គីមី ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោធា​ស៊ីរី។ មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​សភា ​លោកស្រី Nancy Pelosi បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា​«ការ​ឆ្លើយ​តប​មួយ​ដ៏​សមាមាត្រ»។

មេដឹកនាំ​យោធា​អាមេរិក​និយាយ​ថា គ្រាប់​មីស៊ីល​ Tomahawk​ ចំនួន​៥៩​គ្រាប់​ដែល​បាញ់​ចេញ​ពី​នាវា​ចម្បាំង ត្រូវ​បាន​បាញ់​សំដៅ​ទៅ​លើ​មូលដ្ឋាន​យោធា​ផ្លូវ​អាកាស ដែល​ពួកគេ​និយាយ​ថា មូលដ្ឋាន​យោធា​ស៊ីរី​នោះ​ជា​កន្លែង​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​ឧស្ម័ន​ Sarin ​នៅ​ក្នុង​ខេត្ត​ Idlib ​ដែល​បាន​សម្លាប់​ជនស៊ីវិល​អស់​យ៉ាង​ហោច​ណាស់​៧២​នាក់ ដោយ​ក្នុង​នោះ​ក៏​មាន​ស្ត្រី​និង​កុមារ​ផង​ដែរ៕

XS
SM
MD
LG