ប៉ារីស ប្រទេសបារាំង៖ ប្រជាពលរដ្ឋក្នុងទ្វីបអឺរ៉ុបបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងពិភពអារ៉ាប់ ដោយមានទស្សនៈចម្រុះអំពីផលប៉ះពាល់នៃការប្រឆាំងតវ៉ានេះ។
ក្នុងរយៈពេលតែពីរបីខែកន្លងទៅប៉ុណ្ណោះ ទ្វីបអឺរ៉ុបត្រូវបានធ្វើឲ្យរញ្ជួយដោយការតវ៉ារបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងការឡើងថ្លៃនៃទំនិញ ភាពគ្មានការងារធ្វើ និងវិធានការដ៏តឹងរ៉ឹងទាំងឡាយ។ ក្រុមបាតុករបានដើរនៅតាមដងផ្លូវទាំងឡាយនៅក្នុងប្រទេសក្រិក អៀកឡង់ដ៍ ព័រទុយហ្កាល់ អេស្ប៉ាញ អង់គ្លេស និងបារាំង។ ឥឡូវនេះ ទ្វីបអឺរ៉ុបកំពុងសម្លឹងមើលការបះបោររបស់ប្រជាពលរដ្ឋមួយឈុតទៀត នៅក្នុងប្រទេសមួយចំនួនក្នុងពិភពអារ៉ាប់ ដូចជាប្រទេសទុយនីស៊ី អាល់ហ្សេរី និងអេហ្ស៊ីប ដែលគ្រាន់តែស្ថិតនៅផ្នែកម្ខាងទៀតនៃសមុទ្រមេឌីទែរ៉ាណេតែប៉ុណ្ណោះ។
ប្រធានវិទ្យាស្ថានស្រាវជ្រាវការព្យាករណ៍អំពីនិន្នាការ (Trends Research Institute) លោក ជឺរ័លដ៍ ស៊ីលែនត៍ (Gerald Celente) មានប្រសាសន៍ថា អ្វីដែលកំពុងកើតឡើងនៅក្នុងពិភពអារ៉ាប់ មានផលប៉ះពាល់ដោយផ្ទាល់នៅក្នុងទ្វីបអឺរ៉ុប។ លោកជឿជាក់ថា បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាទុក្ខព្រួយដែលប្រជាពលរដ្ឋក្នុងពិភពអារ៉ាប់ និងទ្វីបអឺរ៉ុប ជួបប្រទះដូចគ្នា។ លោកមានប្រសាសន៍ថា៖
«តើពួកគេមិនសូវខ្វល់ទេឬ ប្រសិនបើគេមានរដ្ឋាភិបាលផ្តាច់ការមែន តែប្រជាពលរដ្ឋអាចរកលុយបាននោះ? របបផ្តាច់ការក្តី របបប្រជាធិបតេយ្យក្តី ប្រជាពលរដ្ឋប្រហែលជាមិនសូវខ្វល់ ប្រសិនបើគេមានសុខភាពល្អ»។
លោក ស៊ីលែនត៍ ជឿជាក់ថា ការប្រឆាំងតវ៉ាក្នុងឆ្នាំ២០១០ នៅក្នុងទ្វីបអឺរ៉ុបគឺគ្រាន់តែជាការចាប់ផ្តើមមួយតែប៉ុណ្ណោះ។ លោកបានព្រមានថា បាតុកម្មទាំងឡាយដែលរាលដាលនៅជុំវិញទ្វីបអាហ្រ្វិកខាងជើង និងមជ្ឈឹមបូព៌ាប្រទេសនឹងធ្វើដំណើរមកកាន់ទ្វីបអឺរ៉ុប។
ពិតណាស់ អ្វីដែលកើតមាននៅពិភពអារ៉ាប់ វាអាចត្រូវបានឃើញមានក្នុងទ្វីបអឺរ៉ុប។ ជនជាតិស៊ែបរាប់ម៉ឺននាក់បានធ្វើការប្រមូលផ្តុំនៅក្នុងទីក្រុងបែលក្រាដ ដោយធ្វើការប្រឆាំងតវ៉ានឹងតម្លៃទំនិញខ្ពស់ និងភាពគ្មានការងារធ្វើ និងបានអំពាវនាវឲ្យមានការបោះឆ្នោតមុនពេលកំណត់។ សមាជិកគណបក្សប្រឆាំង ស៊ែបប៊ី មួយរូបបាននិយាយថា ការប្រឆាំងតវ៉ានៅក្នុងប្រទេសទុយនីស៊ី និងអេហ្ស៊ីប បានផ្ញើសារមួយទៅរដ្ឋាភិបាលទាំងអស់ឲ្យស្តាប់ប្រជាពលរដ្ឋរបស់ខ្លួន។
នៅក្នុងប្រទេសអ៊ីតាលី ក្រុមដែលលួចចូលទៅបំផ្លាញកម្មវិធីកុំព្យូទ័រមួយ ដែលគេហៅថា «ក្រុមអនាមិក» បានធ្វើការវាយប្រហារទៅលើគេហទំព័រអ៊ីនធឺណិតរបស់រដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងតវ៉ាទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលនេះ។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត គឺប្រហាក់ប្រហែលទៅនឹងការវាយប្រហារដែលត្រូវបានចាប់ផ្តើមធ្វើឡើងនៅអេហ្ស៊ីប និងទុយនីស៊ី។
ប៉ុន្តែ នាយកវិទ្យាស្ថានបារាំងសម្រាប់ទំនាក់ទំនងអន្តរជាតិ ប្រចាំនៅក្នុងទីក្រុង ប្រ៊ុសែ្សល (Brussels) លោក អូលីវីយ៉េ ដ្យេហិន (Olivier Jehin) មានមន្ទិលសង្ស័យ ដែលថាទ្វីបអឺរ៉ុបនឹងជួបប្រទះការប្រឆាំងតវ៉ា ដែលរីករាលដាលជាងនេះបន្ថែមទៀត។ លោកដ្យេហ៊ិន មានប្រសាសន៍ថា៖
«ខ្ញុំគិតថា វិធានការតឹងរ៉ឹងចម្បងៗទាំងឡាយត្រូវបានធ្វើឡើងកាលពីឆ្នាំទៅ។ ប្រហែលជាអាចមានបាតុកម្មថ្មីៗមួយចំនួនទៀត នៅក្នុងប្រទេសមួយចំនួន ប៉ុន្តែបាតុកម្មទាំងនេះនឹងមិនប្រកាន់យកសារៈសំខាន់ដូចគ្នា ដូចដែលកើតមានឡើងនៅក្នុងទ្វីបអាហ្រ្វិកខាងជើងនោះទេ ដែលប្រហែលជាមានការលើកលែងសម្រាប់ប្រទេសជាក់លាក់មួយចំនួន នៅក្នុងតំបន់បាល់កង់»។
អ្នកសិក្សាស្រាវជ្រាវ រីម៉ី អាល់ឡាហ្វ (Rime Allaf) នៃវិទ្យាស្ថានគោលនយោបាយ ឆាតថាម ហោស (Chatham House) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ឡុងដ៍ ក៏បានព្រមានប្រឆាំងទៅនឹងការប្រៀបធៀបចលនាប្រឆាំងតវ៉ានៅក្នុងទ្វីបអឺរ៉ុប និងអារ៉ាប់ដែរ។ «ចា មានមូលហេតុធំៗទាំងឡាយ នៃការមិនពេញចិត្តនៅក្នុងទ្វីបអឺរ៉ុប។ ទោះជាយ៉ាងនេះក្តី ប្រការនេះបានភ្លេចថា សមាសភាពចម្បងមួយនៃការបះបោរនៅពិភពអារ៉ាប់ មិនមែនដោយសារតែបញ្ហាសេដ្ឋកិច្ចតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាសំខាន់ វាគឺជាបញ្ហានយោបាយ»។
ទោះជាយ៉ាងនេះក្តី អាល់ឡាហ្វ និយាយថា ប្រជាធិបតេយ្យដែលមិនល្អឥតខ្ចោះនៅក្នុងទ្វីបអឺរ៉ុបនោះមិនបដិសេធសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលរដ្ឋាភិបាលផ្តាច់ការអារ៉ាប់មួយចំនួនបានធ្វើនោះទេ។ អ្នកស្រីក៏មិនជឿផងដែរថា អារ៉ាប់កំពុងតែធ្វើដំណើរតាមគន្លងនៃទម្រង់មួយនៃការដួលរលំនៃលទ្ធិកុម្មុយនីស្តនិយមនៅក្នុងទ្វីបអឺរ៉ុបខាងកើត ដូចដែលអ្នកវិភាគមួយចំនួនបានផ្តល់យោបល់នោះទេ។
«ការដួលរលំនៃជញ្ជាំងប៊ែកឡាំង គឺជាការដួលរលំនៃមនោគមន៍វិជ្ជាមួយទាំងមូល ដែលបានគ្រប់គ្រងរបបទាំងនោះ ដែលប្រកាន់យកលទ្ធិកុម្មុយនីស្តនិយម។ នៅក្នុងពិភពអារ៉ាប់ វាមិនមែនមានតែមនោគមន៍វិជ្ជាតែមួយទេដែលបានគ្រប់គ្រងប្រទេសអារ៉ាប់ទាំង២២នេះនោះ»។
ក្រុមអ្នករិះគន់ដូចជាអ្នកស្រី អាល់លាហ្វ និយាយថា ការផ្ទុះឡើងនៃការប្រឆាំងតវ៉ារបស់ជនជាតិអារ៉ាប់នៅក្នុងទ្វីបអឺរ៉ុប គឺជាបរាជ័យនៃគោលនយោបាយការបរទេសរបស់ខ្លួន។
«ដោយធ្វើការអះអាងថា ពួកគេកំពុងជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែនៅពេលដែលការជំរុញនេះមិនទាន់មានលក្ខណៈរួចរាល់នៅឡើយ ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅក្នុងទ្វីបអារ៉ាប់ មានសិទ្ធិដូចគ្នាទៅនឹងប្រជាពលរដ្ឋរបស់ពួកគេនៅក្នុងបស្ចឹមប្រទេស»។
ដូច្នេះ ពេលនេះ អ្នកវិភាគមួយចំនួននិយាយថា មេរៀនសំខាន់មួយដែលទ្វីបអឺរ៉ុបអាចរៀនពីស្ថានភាពនៅពិភពអារ៉ាប់ គឺស្តាប់ការប្រឆាំងតវ៉ានេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី