ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​និង​ចិន​នឹង​ប្រជុំ​គ្នា​ដោយ​ផ្ទាល់​នៅ​ចំ​ពេល​មាន​ការ​បែកបាក់​កាន់តែ​ខ្លាំង


រូបឯកសារ៖ ប៉ូលិស​ចិន​ម្នាក់​ឈរ​យាម​នៅ​ច្រក​ចូល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទៅកាន់​បរិវេណ​ប្រទេស​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ ប៉ូលិស​ចិន​ម្នាក់​ឈរ​យាម​នៅ​ច្រក​ចូល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទៅកាន់​បរិវេណ​ប្រទេស​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

មន្ត្រី​សហភាព​អឺរ៉ុប​និង​មន្ត្រី​ចិន​នឹង​រៀបចំ​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​បង្អស់​តាំងពី​ឆ្នាំ២០១៩ មក​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​គេ​រំពឹង​ថា​ថ្នាក់​ដឹកនាំ​នៃ​ភាគី​ទាំង​ពីរ​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​សាកលលោក។

អ្នក​ជំនាញ​ខ្លះ​និយាយ​ថា កិច្ច​ប្រជុំ​រយៈពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ​ខាង​មុខ​នេះ​នឹង​ផ្ដោត​លើ «ការ​លុប​បំបាត់​ហានិភ័យ» ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ប្រឹងប្រែង​នា​ពេល​បច្ចុប្បន្ន​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន​ក្នុង​ផ្នែក​សំខាន់ៗ។

លោក Grzegorz Stec អ្នក​វិភាគ​នៃ​ការិយាល័យ​វិទ្យាស្ថាន Mercator ​សម្រាប់​ការ​សិក្សា​អំពី​ប្រទេស​ចិន (MERICS) ប្រចាំ​ទីក្រុង​ព្រុចសែល ​ប្រទេស​ប៊ែលហ្ស៊ិក បាន​ប្រាប់ ​VOA ​ថា៖«សហភាព​អឺរ៉ុប​ចង់​បង្ហាញ​ថា​ពួកគេ​មាន​មធ្យោបាយ​គោល​នយោបាយ​ថ្មី​ដើម្បី​លុប​បំបាត់​ហានិភ័យ​ឱ្យ​ខាង​តែ​បាន។ ចំណែក​ឯ​គោល​បំណង​សំខាន់​របស់​ចិន​វិញ​គឺ​ព្យាយាម​ធ្វើ​យ៉ាង​ណា​រារាំង​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​របស់​សហភាព​អឺរ៉ុប​លើ​ការ​អនុវត្ត​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​ហានិភ័យ​នេះ»។

កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​បែកបាក់​កាន់តែ​ខ្លាំង​ឡើង​រវាង​ភាគី​ទាំង​ពីរ​ដោយ​សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដ៏​ស្មើ​ភាព​ផ្នែក​ពាណិជ្ជកម្ម រី​ឯ​ចិន​វិញ​ចង់​ព្យាយាម​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្រូវការ​នៅ​ក្នុង​ការ​រក្សា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

ជាង​នេះ​ទៀត កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​កម្រិត​ខ្ពស់​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទស្សនកិច្ច​របស់​មន្ត្រី​ការទូត​កំពូល​សហភាព​អឺរ៉ុប​លោក Josep Borrell ទៅ​កាន់​ប្រទេស​ចិន​កាលពី​ខែ​តុលា​ផង​ដែរ។

ដោយ​ទាំង​សហភាព​អឺរ៉ុប​និង​ប្រទេស​ចិន​សុទ្ធតែ​ព្យាយាម​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន អ្នក​វិភាគ​ខ្លះ​និយាយ​ថា គេ​មិន​រំពឹង​ថា​កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដល់​លទ្ធផល​ជា​ដុំ​កំភួន​ណា​មួយ​ទេ។

កាល​ពីថ្ងៃអង្គារ ទីភ្នាក់ងារកំណត់​ឥណទាន​ Moody​ បានបន្ទាប​ការប្រមើលមើល​ឥណទាននៃ​ប្រទេស​ចិន​ពី«​មានស្ថិរភាព»​ទៅ​«អវិជ្ជមាន»ដោយសារ​មាន​កំណើន​បំណុលក្នុង​ប្រទេស​ដែល​មានសេដ្ឋកិច្ច​ធំ​ទីពីរនៃ​ពិភពលោក។​ នេះ​បើ​តាមទីភ្នាក់ងារ​សារព័ត៌មានបារាំង AFP។

ការ​រើបឡើងនៃប្រទេស​ចិនក្រោយ​ការរាតត្បាត​ជំងឺ​កូវីដត្រូវបាន​បង្អាក់ដោយភាពកម្សោយ​នៃ​ទំនុក​ចិត្តរបស់​អ្នក​ប្រើប្រាស់និងធុរកិច្ច​ វិបត្តិ​ផ្ទះ​សម្បែងដែល​នៅ ​តែ​មាន ​ចំនួន​ច្រើន​នៃយុវជន​គ្មានការងារធ្វើនិង​ដំណើរ​យឺតយ៉ាវ​សាកលដែល​ដាក់ទម្ងន់​លើសេចក្តី​ត្រូវការ​ទំនិញក្នុង​ប្រទេស។

បញ្ហាទាំង​នេះបាន​ដាក់​ឱ្យ​មាន​សម្ពាធ​លើ​រដ្ឋាភិបាល​កណ្តាល​និងរដ្ឋាភិបាល​មូលដ្ឋានឱ្យ​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុថែមទៀត បន្ទាប់ពី​មាន​ការចេញ​ប័ណ្ណមូលបត្រ​រដ្ឋាភិបាលមាន​ទឹកប្រាក់​មួយ​លានលាន yuan ​ស្មើនឹង​១៣៧​ពាន់​លាន​ដុល្លារដោយ​រដ្ឋាភិបាល​ប៉េកាំង​កាលពី​ខែតុលា។

ទីភ្នាក់ងារ Moody បាន​ថ្លែងកាលពី​ថ្ងៃ​អង្គារ​ថាសេចក្តីសម្រេចរបស់ខ្លួន​«ឆ្លុះបញ្ចាំង​ឱ្យឃើញ​ភ័ស្តុតាងថាការគាំទ្រ​ខាង​ហិរញ្ញវត្ថុនឹង​ត្រូវ​ផ្តល់​ឱ្យដោយរដ្ឋាភិបាលនិង​វិស័យ​សាធារណៈធំ​ជាងមុន​ដើម្បី​សង្កត់ធ្ងន់ខាង​ហិរញ្ញវត្ថុលើ​រដ្ឋាភិបាល​តំបន់​និង​រដ្ឋាភិបាល​មូលដ្ឋាន​និង​សហគ្រាស​រដ្ឋ​ផង​ដែរ»។

វិស័យ​អចលនទ្រព្យដ៏ធំធេង​នៃ​ប្រទេសចិនមាន​វិបត្តិដោយសារ​ការជំពាក់​បំណុលច្រើនពេក ​ដោយ​ពួកអ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុតរបស់​ប្រទេស​នេះ​ជំពាក់​ប្រាក់​វាល់​ពាន់​លាន​ដុល្លារហើយ​កំពុង​ប្រឈម​នឹង​ការ​ឈប់​ប្រកប​អាជីវកម្ម៕

XS
SM
MD
LG