ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អេចូពី​ចង់​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ជម្លោះ​ការ​បែង​ចែក​ទឹក​​ទន្លេ​នីល


នាយក​រដ្ឋមន្រ្តី​​អេចូពី​​ លោក​ មេលែស​ ហ្សីណាវីល​ (Meles Zenawil)​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​​ទៅ​លើ​ក្រុម​​អ្នក​ប្រឹឆាំង​នឹង​គម្រោង​​​សាងសង់​ទំនប់​វារីអគ្គីសនី​​ដ៏​ធំ​​មួយ​នេះ​របស់​អេចូពី។
នាយក​រដ្ឋមន្រ្តី​​អេចូពី​​ លោក​ មេលែស​ ហ្សីណាវីល​ (Meles Zenawil)​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​​ទៅ​លើ​ក្រុម​​អ្នក​ប្រឹឆាំង​នឹង​គម្រោង​​​សាងសង់​ទំនប់​វារីអគ្គីសនី​​ដ៏​ធំ​​មួយ​នេះ​របស់​អេចូពី។

ប្រទេស​អេចូពី​ (Ethiopia)​ បាន​បង្ហាញ​ពី​គំនិត​ចង់​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ជាមួយប្រទេស​អេហ្ស៊ីប (Egypt)​ និង​ប្រទេសស៊ូដង់ ​(Sudan) នៅ​ក្នុង​ជម្លោះ​ដ៏​ជូរចត់​របស់​ពួក​គេ​ទៅ​លើ​ការ​បែង​ចែក​ទឹក​ពី​ទន្លេ​នីល​ (Nile)។ ការ​ផ្តល់​ឲ្យ​នោះ​រួម​មាន​ទាំង​លទ្ធភាព​នៃ​កម្មសិទ្ធិ​រួម​គ្នា​ទៅ​លើ​គម្រោង​វារីអគ្គីសនី​ដ៏​ធំ​របស់​អេចូពី​ដែល​ប្រទេស​អេហ្ស៊ីប​បាន​ព្យា​យាម​ទប់​ស្កាត់។

នាយក​រដ្ឋមន្រ្តី​ អេចូពី​ លោក​ មេលែស​ ហ្សីណាវីល​ (Meles Zenawil)​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រកប​ដោយ​ការ​ខឹង​សម្បារ​មួ​យ​កាល​ពី​ខែ​មិនា​ទៅ​លើ​ក្រុម​អ្នក​ស្វែង​រក​ផល​ប្រយោជន៍​ដ៏​មាន​ឥទ្ធិពល​ ដែល​ស្វែង​រក​ការ​ទប់ស្កាត់​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​មួយ​ ដែល​មាន​កម្លាំង​ភ្លើង​ប្រមាណ​៥.២០០​ម៉េហ្គាវ៉ាត់​ ហើយ​ស្ថិត​នៅ​លើ​ទន្លេ​នីល​ខៀវ​ (Blue Nile)​ នៅ​ក្នុង​តំបន់​ខ្ពង់រាប​តាម​បណ្តោយ​ព្រំ​ដែន​ជា​មួយ​ប្រទេស​ស៊ូដង់។

លោក​នាយក​រដ្ឋមន្រ្តី​ មេលែស​ មាន​ប្រសាសន៍​ថា​ គម្រោង​ដ៏​ធំ​សម្បើម​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​អេចូពី​ចំណេញ​បាន​រូបិយប័ណ្ណ​បរទេស​ដ៏​មាន​តម្លៃ​ពី​ការ​នាំចេញ​ភ្លើង​អគ្គីសនី។ ប៉ុន្តែ​ប្រភព​ធនធាន​មូលនិធិ​ដើម​របស់​គម្រោង​នេះ​បាន​អស់​ទៅ​វិញ​ភាគ​ច្រើន​ដោយ​សារ​តែ​ការ​ជំទាស់​ពី​ក្រុម​អ្នក​បរិស្ថាន​ ក៏​ដូច​ជា​ការ​ជំទាស់​ពី​ប្រទេស​អេហ្ស៊ីប​ដែល​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ទន្លេ​នីល​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​របស់​ខ្លួន។

និយាយ​នៅ​ក្នុង​ពិធី​បើក​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ថាមពល​វារី​អគ្គីសនី​ លោក​នាយក​រដ្ឋមន្រ្តី​ មេលែស​ បាន​សច្ចា​ថា​ គម្រោង​សាង​សង់​ទំនប់​វារីអគ្គីសនី​ដែល​មាន​តម្លៃ​៤,៨​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​នេះ​ នឹង​ដំណើរការ​ទៅ​មុខ​បើទោះ​បី​ជា​ប្រទេស​អេចូពីដ៏​ក្រីក្រ​នេះ​ ត្រូវ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​គម្រោង​សាងសង់​នេះ​ដោយ​ខ្លួនឯង​យ៉ាង​ណា​ក៏​ដោយ។

«យើង​មាន​ការ​ជឿជាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​ត្រឹមត្រូវ​នៃ​បុព្វហេតុ​របស់​យើង។ យើង​មាន​ភាពច្បាស់​លាស់​ណាស់​ទៅ​លើ​កម្លាំង​នៃ​ការ​អះ​អាង​របស់​យើង។ យើង​មាន​ការ​ជឿជាក់​ណាស់​ទៅ​លើ​តួនាទី​នៃ​គម្រោង​វារីអគ្គីសនី​របស់​យើង​ នៅ​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​របស់​យើង​ ដែល​យើង​នឹង​ប្រើប្រាស់​នូវ​រាល់​កម្លាំង​ដែល​យើង​មាន​ នូវ​រាល់​លុយ​មួយ​កាក់​មួយ​សេន​ដែល​យើង​អាច​សន្សំ​បាន​ ដើម្បី​បញ្ចប់​គម្រោង​របស់​យើង។»

មេដឹកនាំ​អេចូពី​បាន​និយាយ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ម្ចាស់​ជំនួយ​ និង​ទី​ភ្នាក់ងារ​ផ្តល់​ប្រាក់​កម្ចី​ ដែល​បាន​ដក​ហូត​ការ​គាំទ្រ​សម្រាប់​គម្រោង​នេះ​ ដោយ​បាន​ហៅ​សកម្មភាព​របស់​ពួក​គេ​ថា​មិន​ត្រឹមត្រូវ។

«យើង​ត្រូវការ​ការ​គាំទ្រ​ពី​សំណាក់​ដៃ​គូ​ទាំង​អស់​របស់​យើង​នៅ​ក្នុង​ការ​សាងសង់​ទំនប់​នេះ​ ដោយ​សារ​ប្រាក់​សន្សំ​របស់​យើង​មិន​គ្រប់​គ្រាន់។ ប្រសិន​បើ​ដៃគូ​របស់​យើងមាន​ការ​រារែក​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​ ដោយ​សារ​តែ​យុទ្ធនាការ​ប្រកប​ដោយ​ការ​រំខាន​ពី​ក្រុម​អ្នក​បរិស្ថាន​ជ្រុល​និយម​ និង​ពី​សំណាក់​អ្នក​នយោ​បាយ​ដែល​មាន​គំនិត​ចាស់​គំរិល​មួយ​ចំនួន​នោះ​ ពួកគេ​តាម​ពិត​ទៅ​នឹង​ធ្វើបាប​ជន​ជាតិ​អាហ្រ្វិក​រាប់​លាន​នាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​ក្រី​ក្រ។ ប្រការ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ប្រការ​នេះ​មិន​យុត្តិ​ធម៌​ទេ។»

នៅ​ក្នុង​ការ​ផ្តល់​អត្ថាធិប្បាយ​ទៅ​ឲ្យ​ក្រុមអ្នក​សារព័ត៌​មាន​ បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ មេ​ដឹកនាំ​ ​អេចូពី​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា​ រដ្ឋាភិបាល​ក្រុង​ឡឺគែរ​ (Cairo)​ ដែល​កាន់​កាប់​តំណែង​បន្ត​ពី​របប​របស់​លោក​ ម៉ូបារ៉ាក់​ (Mubarak)​ ប្រហែល​ជា​នឹង​បន្ទន់​ការ​ប្រឆាំង​របស់​អេហ្ស៊ីប​ដ៏​យូរ​លង់​ណាស់​មកហើយ​ចំពោះ​ការ​ប្រើ​ប្រាស់​ទឹក​នៅ​ដើម​ទឹក​នៃ​ទន្លេ​នីល។

«ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នឹង​ទទួល​ស្គាល់​ថា​គម្រោង​នេះ​មិន​មានអ្វី​ក្រៅ​តែ​ពី​ការផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​អេហ្ស៊ីប​នោះ​ទេ។ វា​មិន​មាន​អ្វី​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា​ប្រជាពល​រដ្ឋ​ស៊ូដង់​យល់​អំពី​បញ្ហា​នេះ​ដែល​មិន​មាន​អ្វី​ក្រៅ​តែ​ពី​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួក​គេ​នោះ​ទេ។»

លោក​នាយក​រដ្ឋមន្រ្តី​ មេលែស​ មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ដោយ​ក្រុម​មេដឹក​នាំ​ថ្មី​នៃ​រដ្ឋាភិបាល​ក្រុង​ឡឺគែរ​ អាច​នឹង​បើក​ផ្លូវសម្រាប់​កិច្ច​ព្រមព្រៀង​ប្រកប​ដោយ​ការ​សហការ ដែល​រួម​ទាំង​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ផ្តល់​ឲ្យ​អេហ្ស៊ីប​នូវ​កម្មសិទ្ធិ​មួយ​ផ្នែក​ទៅ​លើ​ទំនប់​នេះ។

«ប្រសិន​បើ​មាន​ការ​ពិចារណា​ឡើង​វិញ​មួយ​ យើង​នឹង​មាន​ពេល​វេលា​ក្នុង​ការ​ពិចារណា​បញ្ហា​ជា​ច្រើន​ ដែល​រួម​ទាំង​លទ្ធភាព​នៃ​កម្មសិទ្ធិ​រួម​ទៅ​លើ​គម្រោង​នេះ​ផង​ដែរ។ យើង​បើក​ចំហរ​ចំពោះ​គំនិត​ទាំង​នេះ។»

ឯកអគ្គរដ្ឋទូត​អេហ្ស៊ីប​ប្រចាំ​ប្រទេស​អេចូពី​ លោក​ ថារីគ​ ហ្គូនីម​ (Tariq Ghuneim) បាន​ប្រាប់​វីអូអេ​ថា​ ប្រទេស​របស់​លោក​បើក​ចំហរ​ចំពោះ​ការ​ចរចា​ទាំង​ឡាយ​ក្នុង​ការ​ឈាន​ដល់​ដំណោះស្រាយ​ជា​មេត្រីភាព​មួយ​ ស្តី​អំពី​ជម្លោះ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​ទន្លេ​នីល។ លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​អាចធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​មេលែស​បាន​ទេ​ ពី​ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​សេចក្តី​លម្អិត។ ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា​ រាល់​កិច្ច​ព្រមព្រៀង​ទាំង​អស់​ត្រូវ​តែ​ជា​កិច្ច​ព្រមព្រៀង​ឈ្នះ​ឈ្នះ​សម្រាប់​គ្រប់​ភាគី​ទាំង​អស់។»

ក្រុម​មន្រ្តី​អេចូពី​មាន​ភាព​ស្រពិច​ស្រពិល​ទៅ​លើ​ថា​ តើ​ពេល​ណា​គម្រោង​សាងសង់​នៃ​ទំនប់​ដែល​មាន​ឈ្មោះ​ថា«មហា​សហសវត្សរ៍»​នេះ​នឹង​ចាប់​ផ្តើម​ដំណើរការ ​ដោយ​គ្រាន់​តែ​និយាយ​ថា​ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នា​ពេល​ឆាប់ៗ​នេះ​ ហើយ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​តិច​ជាង​បួន​ឆ្នាំ​ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ចាប់​ផ្តើម​ទៅ។ ពួក​គេ​និយាយ​ថា​ ទំនប់​នេះ​នឹង​បង្កើត​អាង​ស្តុក​ទឹកមួយ​ ដែល​មាន​ទំហំ​ធំ​ជាង​ពីរ​ដង​នៃ​បឹង​តាណា​ (Tana) ដែល​ជា​បឹង​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​អេចូពី​ ដែល​ជា​ប្រទេស​មិន​មាន​ជាប់​នឹង​សមុទ្រ។ ប៉ុន្តែ​គម្រោង​នេះ​នឹង​មិន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​របស់​ប្រជា​ពលរដ្ឋ​ណា​មួយ​ទេ​ ពី​ព្រោះ​អាង​ទឹក​នេះ​ត្រូវ​គេ​ទប់​ឲ្យ​នៅ​តែ​ក្នុង​ជ្រលង​ធម្មជាតិ​របស់​ទន្លេ​ប៉ុណ្ណោះ។

ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​កើត​មួយ​នេះ​ សង្ឃឹម​ថា​នឹង​អាច​បង្កើន​សមត្ថភាព​ក្នុង​ការ​ផលិត​អគ្គីសនី​របស់​ខ្លួន​រហូត​ដល់​១៥.០០០​មេហ្គាវ៉ាត់​ នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ។​ ធនាគារ​ពិភពលោក​និយាយ​ថា​ប្រទេស​អេចូពី​មាន​សក្តានុពល​ផ្នែក​ថាមពល​វារី​អគ្គីសនី​ធំជាង​គេ​បង្អស់​ទី​ពីរនៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ បន្ទាប់​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៕

ប្រែ​សម្រួល​ដោយ ឌី​ ខាំបូលី

XS
SM
MD
LG