«កម្ពុជាសម្លឹងទៅមុខ»៖ ការអប់រំស្តីអំពីសុខភាពបន្តពូជនិងផ្លូវភេទ
សម្ភាសដោយ អូន ឆេងប៉រ ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
ស្ទើរតែគ្រប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា បានបង្កើតនិងអនុវត្តកម្មវិធីសិក្សាស្តីអំពីសុខភាពបន្តពូជនិងផ្លូវភេទចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា។ ការអប់រំនេះ ត្រូវបានអ្នកជំនាញខាងសមភាពយេនឌ័រ យល់ថា មានសារៈសំខាន់ ក្នុងការពង្រឹងចំណេះដឹងនិងសេរីភាពរបស់ស្ត្រីពេញវ័យ ដើម្បីបង្កើតជម្រើសផ្ទាល់ខ្លួន ក្នុងការសម្រេចចិត្ត។
ដោយឡែក នៅកម្ពុជា កម្មវិធីសិក្សាអប់រំបែបនេះក៏មាននិងត្រូវបានអនុវត្ត ក៏ប៉ុន្តែក្នុងកម្រិតមួយដែលអ្នកជំនាញខ្លះយល់ថា មិនសូវបើកចំហ និងមិនមានលក្ខណៈទូលាយ ដែលអាចផ្តល់ចំណេះដឹងគ្រប់គ្រាន់និងស៊ីជម្រៅដល់មនុស្សពេញវ័យនៅកម្ពុជា អំពីការថែទាំសុខភាពបន្តពូជនិងផ្លូវភេទ។ ហេតុអ្វីបានជាការអប់រំនេះមានសារៈសំខាន់សម្រាប់ប្រទេសមួយ?
ស្តាប់ភាគទី ១០ លើបណ្តាញ Apple Podcasts និង Google Podcasts
កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី អ្នកនិពន្ធនិងអ្នកស្រាវជ្រាវក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» បានថ្លែងថា៖ «មិនចង់និយាយពីរឿងហ្នឹង អីចឹងគាត់មិនបានផ្តល់ការអប់រំដល់ក្មេងៗអំពីរឿងហ្នឹង។ ហើយសាលាក៏មិនសូវយកចិត្តទុកដាក់លើរឿងហ្នឹង។ ចុងក្រោយអត្រាក្នុងការមានផ្ទៃពោះរបស់ក្មេងៗកើនឡើង ហើយជំងឺកាមរោគក៏កើនឡើង។
កញ្ញាបានបន្ថែមថា៖ «មានរឿងផ្សេងទៀតដូចជា Abortion Rate [អត្រារំលូតកូន] ក៏កើនឡើង គឺដោយសារតែគាត់អត់ដឹងរឿងទាំងអស់ហ្នឹង។ ដោយសារតែម្នាក់ៗខំប្រឹងបិទបាំង អត់ជជែក វែកញែក ពិភាក្សាអំពីរឿងហ្នឹង បានគេគិតថា រឿងនេះជារឿងដែលត្រូវបានបិទបាំង រារាំងរហូតទាល់តែពេលមានប្តី មានកូនអ៊ីចឹង។
ចាប់តាំងរដ្ឋាភិបាលកម្ពុជាបានបង្កើតនិងអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ កាលពីឆ្នាំ ២០០៦មក អត្រាមរណភាពមាតាបានថយចុះពីចំនួន ២០៦ នាក់ក្នុងឆ្នាំ ២០១០ មកត្រឹម ១៧០ នាក់ ក្នុងចំណោមមាតា ១ សែននាក់ ក្នុងឆ្នាំ ២០១៥។ ហើយស្ត្រីប្រមាណ ៥៦ ភាគរយ នៃចំនួនស្ត្រីសរុបក្នុងវ័យបន្តពូជ អាយុពី ១៥ ឆ្នាំដល់ ៤៩ ឆ្នាំ បានប្រើប្រាស់មធ្យោបាយពន្យារកំណើត។
ក៏ប៉ុន្តែ កម្ពុជានៅមានកិច្ចការជាច្រើនដែលចាំបាច់ត្រូវធ្វើ ជាពិសេសពាក់ព័ន្ធនឹងអត្រាមានផ្ទៃពោះដោយយុវតីវ័យក្មេង។ យោងតាមរបាយការណ៍របស់អង្គការ UNFPA ចុះផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ក្មេងស្រីអាយុចន្លោះ ១៥ ឆ្នាំ ទៅ ១៩ ឆ្នាំ ប្រមាណ ១២ ភាគរយ កំពុងមានផ្ទៃពោះ ឬបានសម្រាលកូនហើយក្លាយជាម្តាយជាលើកដំបូង។
បន្ថែមលើនេះ នៅកម្ពុជា ស្ត្រីនៅតែបន្តប្រឈមនឹងអំពើហិង្សាពីដៃគូផ្លូវភេទ បើទោះបីជាមានការអប់រំនិងផ្សព្វផ្សាយ អំពីច្បាប់និងសិទ្ធិរបស់បុរសនិងស្ត្រីក្នុងការជ្រើសរើសដៃគូរួមភេទក៏ដោយ។ យោងតាមសេចក្តីរាយការណ៍របស់អង្គការ UNFPA ស្ត្រីវ័យក្មេងកម្ពុជា ដែលមានអាយុចន្លោះពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ ប្រមាណ ២០ ភាគរយ បានរងគ្រោះពីអំពើហិង្សាផ្លូវភេទ។
ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ អង្គការសហប្រជាជាតិក៏បានរាយការណ៍ថា អំពើហិង្សាផ្លូវភេទលើស្ត្រីនៅទូទាំងពិភពលោកបានកើនឡើងគួរឲ្យព្រួយបារម្ភ។ កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា បានបង្ហាញក្តីបារម្ភអំពីអំពើហិង្សាលើស្ត្រី។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២១ រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានលើកឡើងថា អំពើហិង្សាលើស្រ្តីកើនឡើង ក្នុងពេលកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដោយសារមូលហេតុនៃការបាត់បង់ការងារ ដែលនាំឲ្យមានភាពតានតឹងជាច្រើននៅក្នុងគ្រួសារ។
អំពីវាគ្មិន៖ កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី
រឿងរ៉ាវក្នុងក្រុមគ្រួសាររបស់កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី បានធ្វើឲ្យកញ្ញាជ្រួតជ្រាបពីភាពរឹងមាំនិងតម្លៃពិតប្រាកដជាក់ស្ដែងរបស់ស្ត្រីតស៊ូនៅក្នុងសង្គមខ្មែរ ដែលនៅតែមានការលម្អៀងឱ្យតម្លៃលើបុរសជាងនារី។ ក្នុងអំឡុងទសវត្សរ៍ទី ៨០ ពេលប្រទេសជាតិទើបរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជីដូនរបស់ រង្សី បានស្វះស្វែងចិញ្ចឹមកូនតែម្នាក់ឯង រួមមានទាំងម្តាយបង្កើតរបស់រង្ស៊ីផង ដោយជម្នះលើពាក្យសម្តីរបស់អ្នកជិតខាង។ បទពិសោធន៍ជីវិតដ៏ឯករាជ្យរបស់ជីដូន រង្សី បានលើកទឹកចិត្តឲ្យ រង្ស៊ី ចូលរួមដោះស្រាយបញ្ហាសង្គមពាក់ព័ន្ធនឹងសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រីតាមរយៈការងារស្ម័គ្រចិត្ត និងសកម្មភាពសង្គមនានា។ សព្វថ្ងៃនេះ រង្សីកំពុងចាប់យកជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ រង្សី យល់ថា ការអប់រំសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ជាបញ្ហាដែលសាធារណជនទូទៅមិនអាចជៀសផុត ប៉ុន្តែពួកគេភាគច្រើនតែតែងមើលរំលង។កាលពីឆ្នាំ ២០១៩ រង្សី បានចូលរួមស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកក្នុងសៀវភៅ«Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០ ដោយបង្ហាញទស្សនវិស័យនានាដែលរង្សីចង់ឃើញដើម្បីការផ្លាស់ប្តូរក្នុងវិស័យអប់រំស្តីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ក្នុងពេលពីរទសវត្សរ៍ទៅមុខទៀត៕