ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

"សត្រូវ​របស់​ប្រជាជន"​ ដាក់​បញ្ចាំង​ក្នុង​មហោស្រព​សិទ្ធិ​មនុស្ស​នៅ​ ញ៉ីវយ៉ក


ដោយ​ចាប់​ផ្តើម​ចេញ​ពី​ជោគជ័យ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទី​ក្រុង​សាន់ដាន​កាល​ពី​ដើម​ឆ្នាំ​នេះ​ ខ្សែ​ភាពយន្ត​រឿង "សត្រូវ​របស់​ប្រជាជន" ឬ​“Enemies​ of​ the​ People” បានបន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាមបណ្តា​ប្រទេស​ជា​ច្រើន ​ដើម្បីបង្ហាញ​នូវ​ស្មារតី​ក្លាហាន​របស់​អ្នក​កាសែត​ខ្មែរ​មួយ​រូប​ ដែល​បាន​រស់​រាន​មាន​ជីវិត​សល់ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ ហើយ​ខិតខំ​ស្វែងរក​យុត្តិធម៌​និង​ការពិត។

នៅចុង​សប្តាហ៍​នេះ​ ខ្សែ​ភាពយន្ត​រឿង​ “សត្រូវ​របស់​ប្រជាជន”​ នឹង​ដាក់​បញ្ចាំង​ជា​លើក​ដំបូងនៅ​ក្នុង​ទិវា​មហោស្រព​ខ្សែ​ភាពយន្ត​លើក​ទី​២១ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human​ Rights​ Watch ក្នុង​ទីក្រុង New York ដោយ​មាន​ការ​ដាក់​បញ្ចាំង​ចំនួន​បី​លើក​ និង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ចូល​ទស្សនាបាន​សាកសួរ​ក្រុម​ផលិតករ​ផង​ដែរ។

ខ្សែ​ភាពយន្ត​រឿង​ “សត្រូវ​របស់​ប្រជាជន”​ តាម​ពិនិត្យ​មើល​ដំណើរ​រឿង​របស់​លោក​ ថេត សម្បតិ្ត​អ្នក​កាសែត​ខ្មែរ​មួយ​រូប​ដែល​ឱពុក​ម្តាយ​បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ជា​របបមួយ​គ្រប់​គ្រង​ប្រទេស​ពី​ខែ​មេសា​ ឆ្នាំ​១៩៧៥​ ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ និង​បាន​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ពីរ​លាននាក់។ ​លោក​ សម្បតិ្ត​ បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ​បញ្ចុះ​បញ្ចូល​អតីត​អ្នក​អនុវត្ត​បញ្ជា​កាប់​សម្លាប់​មួយ​ចំនួន​ឱ្យ​និយាយ​សារ​ភាព​ពី​សកម្មភាព​របស់​ពួក​គេ​ និង​អតីតមេមនោគម​វិជ្ជា​ខ្មែរក្រហម​ នួន ជា​ ឱ្យ​បង្ហាញ​ពីផែនការ​ដឹក​នាំ​ក្នុង​របប​ខ្មែរ​ក្រហម​និង​ការ​ចេញ​បញ្ជាឱ្យ​មាន​ការ​កាប់​សម្លាប់។

ខ្សែ​ភាពយន្ត​នេះ​មាន​រយៈ​ពេល​៩៤​នាទី​ ដឹកនាំ​រឿង​ដោយ​លោក Rob Lemkin អ្នក​ដឹកនាំ​រឿង​ជាតិ​អង់គ្លេស​ និង​លោក​ ថេត​ សម្បត្តិ​ ខ្លួន​ឯង​ផ្ទាល់។

លោក ​ថេត សម្បត្តិ​ បាន​រៀបរាប់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ពី​ការ​ចូលរួម​ចំណែក​នៃខ្សែ​ភាពយន្ត​ឯកសារ​របស់​លោក​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​របស់​អង្គការសិទ្ធិ​មនុស្ស​ថា៖

“វាមាន​សារៈសំខាន់​សម្រាប់​បង្ហាញ​ប្រជាជន​ ជា​ពិសេស​ប្រជាជន​ខ្មែរ​យើង​ ដើម្បី​ឱ្យ​យល់​ដឹងថា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​ដឹកនាំ​ប្រទេស​ដែល​នាំ​ឱ្យ​ប្រជាជន​ស្លាប់​ជាច្រើន​នោះ​ គួរ​តែ​ជៀស​វាង​កុំ​ដើរ​តាម​គន្លង​អ្វី​ដែល​កើត​ឡើង​ពី​អតីតកាល​នោះ​ ហើយ​ការ​ដាក់​បញ្ចាំង​របស់ Human​ Rights​ Watch ខ្ញុំ​យល់​ឃើញ​ថា ​ឯកសារ​នេះ​វា​មាន​សារៈសំខាន់​ចំពោះ​អ្វី​ដែល​ហៅ​ថា​សិទ្ធិ​ មនុស្ស។ ​ដូច្នេះ​យើង​ម្នាក់ៗ​យើង​ត្រូវ​តែ​គោរព​ មិន​មែន​ចេះ​តែ​បំពាន​ ចេះ​តែ​បញ្ជា​ឬ​ក៏​សម្លាប់​ប្រជាជន​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​តាម​ផ្លូវច្បាប់​នោះ​ទេ”។

លោក John​ Biaggi ប្រធាន​រៀបចំ​ទិវា​មហោស្រព​នេះបាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

“មហោស្រព​ភាពយន្ត​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ នូវស្ថានភាព​នៃ​ពិភពលោក​ដែល​យើង​រស់​នៅ​ ក្នុង​នោះ​មាន​ព្រឹត្តិការណ៍​ព័ត៌មាន​នៅ​ជុំ​វិញ​ពិភពលោក​ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ផុត​ពី​ផល​ប៉ះពាល់​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ បើ​ទោះ​បី​ជា​វា​នៅ​ក្នុង​ប្រទេស​នេះ​ឬ​ក៏​នៅ​ទី​ឆ្ងាយ​ក៏​ដោយ ​គឺ​វា​ប៉ះពាល់​យើង​ទាំង​អស់​គ្នា”។

ក្រោយ​ពីបានដាក់បញ្ជាំងជា​លើ​ក​ដំបូងក្នុងមហោ​ស្រព​ភាព​យន្តក្រុងសាន់ដាន​ ក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក​ កាលពី​ដើម​ឆ្នាំ​២០១០​នេះ​ ខ្សែ​ភាពយន្ត​រឿង​ “សត្រូវ​របស់​ប្រជាជន”​ បានបន្ត​ដាក់​បញ្ជាំងក្នុងរដ្ឋ​មួយ​ចំនួន​ក្នុងសហរដ្ឋ​អាមេរិក​និង​ ប្រទេស​ដទៃ​ទៀត​ ដូច​ជា​ប្រទេស​ក្រិក កាណាដា​ ណ័រវ៉េស្សរ៍​ និង​ប្រេស៊ីល​ជា​ដើម។​ ភាពយន្ត​នេះ ​ឈ្នះ​បាន​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​ដូច​ជា​រង្វាន់ Special​ Jury​ Award ពី​មហោស្រព​ក្រុង​សាន់ដាន​ រង្វាន់​ខ្សែ​ភាពយន្ត​ដែល​ល្អជាង​គេ​បំផុត​ពី​មហោស្រព​ភាពយន្ត​ប្រទេស​ ណ័រវ៉េស្សរ៍​ និង​រង្វាន់​ខ្សែ​ភាពយន្ត​ឆ្នើម ​ពី​មហោស្រព​ភាពយន្ត​ក្រុង​ហុងកុង​ជា​ដើម។

គោលបំណងរបស់​ផលិតករ​ទាំង​ពីរ ​គឺ​រៀបចំ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍អន្តរជាតិ​ថែម​ទៀត​ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​ចំនួន​បាន​យល់​ព្រមទទួល​យក​ទៅ​ផ្សព្វផ្សាយ​ហើយ។

ទោះបី​ជា​មាន​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ជា​ច្រើន​លើក​និង​មាន​គេ​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​ច្រើន​ក៏ដោយ​ ក៏​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​ ថេត សម្បត្តិ​ នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​ចង់​ឱ្យ​មាន​មនុស្ស​ច្រើន​បាន​ដឹង​ពី​ការងារ ​ដែល​លោក​បាន​ធ្វើ​ប៉ុន្មាន​ទេ​ សូម្បី​តែ​អ្នក​ជិតខាង​របស់​លោក។

“អ្នកណា​នៅ​ជិត​ខាង​ខ្ញុំ​ ខ្ញុំ​មិន​ឱ្យ​ដឹង​ទេ​ ខ្ញុំ​នៅ​តែ​លាក់​រហូត​ ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ដឹង​ថា​ខ្ញុំ​ធ្វើ​ការងារ​ដែល​មាន​សារៈសំខាន់នេះ​ទេ។​ ការ​លាក់​បាំង​របស់​ខ្ញុំ​ចំពោះ​អ្នក​ជិត​ខាង​នេះ​ គឺ​ខ្ញុំ​មិន​ចង់​ឱ្យ​គាត់​ដឹង ​ព្រោះ​ថា​យើង​ធ្វើ​ការ​ងារ​នេះ​ ណា​មួយ​យើង​ការពារ​សុវត្ថិភាព​របស់​យើង​ផង​ ប៉ុន្តែ​ចំពោះ​អ្នក​ឆ្ងាយៗ​ ដល់​តែ​គេ​សួរ​ហើយ​ខ្ញុំ​ត្រូវ​តែ​ប្រាប់​គេ”។

ខ្សែ​ភាពយន្ត​រឿង​ “សត្រូវ​របស់​ប្រជាជន”​ នេះ​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​ឱ្យ​អតីត​ជន​ដៃដល់​បាន​និយាយ​ចេញ​នូវ​សាច់​រឿង​របស់​គេ ​ឱ្យ​ពិភពលោក​បាន​ដឹង​ ដែល​នេះ​អាច​ចាត់​ទុក​ថា​ពួក​គេ​ស្ម័គ្រ​ចិត្ត​ចេញ​ពី​លាក់​ខ្លួន​មក​សារភាព ​និង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវរបស់​គេ។

យោងតាម​លោក​ ថេត សម្បត្តិ​ ឱ្យ​ដឹង​ថា ​អតីត​ជន​ដៃដល់​ដែល​លោក​សម្បតិ្ត​បាន​សម្ភាស​បាន​សម្តែង​ក្តីពេញចិត្ត​ដែល​សាច់​រឿង​របស់​ពួកគេ​ត្រូវ​បាន​មនុស្ស​ជាច្រើន​បាន​ដឹង​ឮ។

“គាត់ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង​បាន​ចេញ​លទ្ធផល​ឱ្យ​ប្រជាជន​បាន​ដឹង​ ហើយ​ចំពោះ​គាត់​ គាត់​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​ប្រឈម​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ខាង​មុខ។​ មាន​ន័យ​ថា​ ប្រសិន​បើ​តុលាការ​មាន​បញ្ហា​អ្វី​កើត​ឡើង​ គាត់​ថា​គាត់​ហ៊ាន​និយាយ​ប្រាប់​មក​ខ្ញុំ​ ហើយ​គាត់​អាច​សម្រេច​អ្វី​នៅ​ពេល​ខាង​មុខ​ចំពោះ​តុលាការ​បាន"។

ក៏មាន​អ្នក​ខ្លះ​ បាន​ឆ្លៀត​សំណូមពរ​តាម​រយៈ​ខ្សែ​ភាពយន្ត​នេះ​ឱ្យ​អតីត​ជនដៃដល់​ដទៃ​ទៀត​ចេញ​មក​និយាយ​អំពី​ទង្វើ​អតីតកាល​របស់​គេ​ ដើម្បី​អាច​ជួយ​ដល់ដំណើរការ​ផ្សះផ្សារ​ជាតិ ​និង​អាច​មាន​ផល​ល្អ​ចំពោះ​អារម្មណ៍​របស់​ពួក​គេ​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​លាក់​ទុក​ភាព​អាម៉ាស់​នេះ​ត​ទៅ​ទៀត។

ក្នុង​ទិវា​មហោស្រព​ភាពយន្ត​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ មាន​ភាពយន្ត​សរុប​ទាំង​អស់ចំនួន​៣០​ ដែល​មក​ពី​ប្រទេស​ចំនួន​ ២៥​ ​នឹង​ដាក់​បញ្ចាំង​ឱ្យ​ចូល​ទស្សនា​ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​ គឺ​ជា​សកម្មជន​ខាង​ផ្នែក​សិទ្ធិ​មនុស្ស។

លោក​ស្រី Susan Norget អ្នក​ផ្សព្វផ្សាយ​ភាពយន្ត​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា​ ​តាម​ធម្មតា​មិន​មាន​ការ​វាយ​តម្លៃ​ ឬ​ផ្តល់​ពានរង្វាន់​អ្វី​ដល់​ខ្សែភាពយន្ត​ដែល​យក​មក​ដាក់​បញ្ចាំង​ទាំង​នេះ​ទេ​ ប៉ុន្តែ​ដោយ​យោង​លើ​ខ្លឹមសារ​ល្អ​នៃ​ខ្សែ​ភាពយន្ត​រឿង​ “សត្រូវ​របស់​ប្រជាជន”​ ក្រុម​អ្នក​រៀបចំ ​នឹង​មាន​ផ្តល់​ពាន​រង្វាន់ Nestor​ Almendros​ Award ដោយ​ផ្អែក​លើ​ភាព​ក្លាហាន​និង​ការ​ប្តេជ្ញា​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​នេះ៕

XS
SM
MD
LG