មូលនិធិ Knight International for Journalism បានប្រកាសរង្វាន់ដល់អ្នកសារព័ត៌មាន ដែលរួមមានអ្នកសារព័ត៌មានខ្មែរគឺលោកថេត សម្បត្តិ និងអ្នកស្រី Chistiane Amanpour អតីតអ្នកយកព័ត៌មាន CNN របស់អាមេរិកដ៏ល្បីផងដែរ។
កាលពីល្ងាចថ្ងៃអង្គារ អ្នកស្រី Joyce Bernathan ប្រធានមូលនិធិ Knight International for Journalism បានប្រកាសប្រាប់អ្នកចូលរួមជិត១០០នាក់នៅ Newseum នៃរដ្ឋធានីវ៉ាស៊ីនតោនថា មូលនិធិ Knight International for Journalism ដែលជាអង្គការលើកស្ទួយវិស័យសារព័ត៌មានដ៏ធំដែលមានមូលដ្ឋាននៅស.រ.អា.បានសម្រេចប្រគល់រង្វាន់ដល់អ្នកសារព័ត៌មានចំនួន៤នាក់ដែលរួមមានអ្នកសារព័ត៌មានខ្មែរគឺលោកថេត សម្បត្តិសហផលិតករខ្សែភាពយន្តសត្រូវប្រជាជន (Enemies of The People) និងអ្នកស្រី Christiane Amanpour អតីតអ្នកយកព័ត៌មាន CNN ដ៏ល្បីរបស់អាមេរិកហើយបច្ចុប្បន្នបម្រើការនៅទូរទស្សន៍ ABC ហើយនឹងស្ត្រីអ្នកសារព័ត៌មានជនជាតិម៉ិចស៊ីកូពីរនាក់ទៀត សម្រាប់ព័ត៌មានស៊ើបអង្កេតរបស់គេ។
អ្នកស្រី Joyce Bernathan បានប្រាប់វីអូអេ សំឡេងស.រ.អា.ថា មូលនិធិ Knight International for Journalism បានសម្រេចប្រគល់រង្វាន់ដល់លោកថេត សម្បត្តិសម្រាប់ការខិតខំតស៊ូព្យាយាម អត់ធ្មត់ប្រកបដោយលក្ខណៈអាជីវៈ ឥតលម្អៀងជាច្រើនឆ្នាំ ទម្រាំនួន ជា មេដឹកនាំខ្មែរក្រហមព្រមសារភាពអំពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅឯពិធីប្រកាសរង្វាន់នៅសារមន្ទីរ Newseum ដ៏ល្បីនេះ អ្នកស្រី Joyce Bernathanបានប្រាប់វីអូអេអំពីការសម្រេចរបស់គណៈកម្មការប្រគល់រង្វាន់ Knight International for Journalism យ៉ាងដូច្នេះថា៖
«ឆ្នាំនេះមជ្ឈមណ្ឌលសម្រាប់អ្នកសារព័ត៌មានអន្តរជាតិសម្រេចប្រគល់រង្វាន់ Knight International Journalism ឲ្យលោកថេត សម្បត្តិ ពីព្រោះគណៈកម្មការប្រគល់រង្វាន់យល់ថា គាត់ជាអ្នកសារព័ត៌មានលេចធ្លោបំផុតដែលយើងមិនធ្លាប់ឃើញយូរមកហើយ។ ការដែលគាត់អាចបញ្ចុះបញ្ចូលឲ្យនួន ជា បងធំទីពីរក្នុងរបបខ្មែរក្រហម ហើយនឹងឃាតករផ្សេងទៀតសារភាពនោះគឺជាសមិទ្ធិផលដ៏អស្ចារ្យ។ ហើយគណៈកម្មការប្រគល់រង្វាន់យល់ឃើញថា ក្រៅពីគាត់ជាអ្នកកាសែតស៊ើបអង្កេតដ៏ពូកែនោះ ព័ត៌មានរបស់គាត់នេះគឺជាភាគទានដ៏សម្បើមអស្ចារ្យធ្វើឲ្យពិភពលោកយល់ពីសោកនាដកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក»។
អ្នកស្រីឲ្យដឹងថា មូលនិធិ Knight International for Journalism ផ្តល់រង្វាន់ដល់អ្នករាយការណ៍ស្ម័គចិត្ត និងអ្នកយកព័ត៌មានអាជីព ពីព្រោះព័ត៌មានក្តៅៗបានពីអ្នករាយការណ៍ស្ម័គចិត្ត និងព័ត៌មានស៊ើបអង្កេតសំខាន់គឺដូចគ្នា ហើយមានការប្រកួតប្រជែងខ្លាំងណាស់។ អ្នកស្រីឲ្យដឹងថា៖
«ប៉ុន្តែនៅឆ្នាំនេះ ពេលយើងពិនិត្យ មានបេក្ខជនជាង១៦០នាក់ ដូច្នេះនេះជាដំណើរការប្រកួតប្រជែងខ្លាំងណាស់ ព្រោះក្នុងចំណោម១០នាក់ចុងក្រោយ មានអ្នករាយការណ៍ស្ម័គចិត្ត និងអ្នកយកព័ត៌មានអាជីពពូកែៗដូចគ្នា ហើយទីបំផុតគណៈកម្មការរង្វាន់សម្រេចថា បួននាក់នេះលេចធ្លោជាងគេក្នុងឆ្នាំនេះ»។
លោកថេត សម្បត្តិ អ្នកសារព័ត៌មាន Phnom Penh Post បានប្រាប់វីអូអេសំឡេងស.រ.អា.តាមទូរស័ព្ទពីរាជធានីភ្នំពេញថា លោកភ្ញាក់ផ្អើលដែលបានទទួលរង្វាន់ដ៏សំខាន់បែបនេះទេ។ លោកនិយាយថា៖
«ខ្ញុំមិននឹកស្មានថា ខ្ញុំបានទទួលរង្វាន់ប្រភេទនេះទេ ដោយសារថា ខ្ញុំមិនដែលបានចូលរៀនសាលាណាដ៏ត្រឹមត្រូវអំពីសារព័ត៌មានទេ គឺគ្រាន់តែទៅធ្វើការ ចេះតែសរសេរទៅ ចេះតែព្យាយាមទៅ ហើយទីបំផុតគេផ្តល់កិត្តិយសឲ្យ»។
លោកថេត សម្បត្តិឲ្យដឹងថា ពេលលោកមកទទួលរង្វាន់ Knight International for Journalism ដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខនេះ លោកនិងលោក Rob Lemkin សហផលិតករខ្សែភាពយន្ត«សត្រូវប្រជាជន» (Enemies of The People) ក៏គ្រោងចាប់ផ្តើមផ្សព្វផ្សាយឌីវីឌីខ្សែភាពយន្តនេះដែរ។ លោកឲ្យដឹងទៀតថា នេះជាគម្រោងផ្សព្វផ្សាយបន្ថែមពីលើឌីវីឌីសត្រូវប្រជាជន ដែលមានខ្លឹមសារ និងគុណភាពខ្ពស់ចំនួន១.០០០ច្បាប់ដែលផលិតសម្រាប់បណ្ណាល័យ និស្សិត អ្នកស្រាវជ្រាវប្រើប្រាស់ជាឯកសារ។
លោក Rob Lemkin បានចេញសេចក្តីប្រកាសអបអរ និងបានកោតសរសើរលោកថេត សម្បត្តិអំពីភាពអត់ធ្មត់មិនធម្មតា និងប្រកបដោយយុទ្ធសាស្ត្រ និងដែលនាំឲ្យលោកអាចកសាងទំនុកចិត្តពីមេដឹកនាំខ្មែរក្រហមគឺនួន ជា ហើយនឹងឃាតករដៃដល់ដែលបានសារភាពអំពីការសម្លាប់មនុស្សដែលខ្លួនបានប្រព្រឹត្ត។
អ្នកស្រី Diane Hodges អ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោនកោតសរសើរលទ្ធផលរបស់លោកថេត សម្បត្តិ ពីព្រោះខ្មែរក្រហមដ៏ដូចជនកម្មុយនិស្តដទៃដែរ មិនចង់និយាយជាមួយអ្នកយកព័ត៌មានសេរី និងឯករាជ្យទេ។ លោកស្រីធ្លាប់ធ្វើជាអ្នកកាសែតនៅប្រទេសថៃ ហើយបានព្យាយាមជួបសម្ភាសន៍ប៉ុល ពតនៅក្បែរព្រំដែនកម្ពុជាថៃ ក្នុងឆ្នាំ១៩៩០ តែមិនបានសម្រេច។ លោកស្រីប្រាប់វីអូអេក្នុងពិធីប្រការរង្វាន់នោះថា៖
«យើងជិះឡានទៅភាគខាងកើតប្រទេសថៃ ទៅកន្លែងដែលយើងបានឮថា ប៉ុល ពតកំពុងរស់នៅ។ យើងស្វេងរកប៉ុល ពតដើម្បីសម្ភាសន៍តែពេលយើងទៅដល់ មានទាហានថៃការពារតំបន់នោះ ហើយគេប្រាប់យើងថា ទីនោះជាតំបន់ត្រូវការពារ។ គេឆែកកាតយើង ហើយគេមិនឲ្យយើងចូលទេ ព្រោះយើងមិនមានលិខិតអនុញ្ញាតចូលតំបន់ការពារនោះ»។
លោក Ayman Salah ជាសមាជិករបស់ Knight International ឆ្នាំ២០១១ និងជាអ្នកបង្កើត Hacks/Hackers គឺគម្រោងសមាហរណកម្មរវាងអ្នកសារព័ត៌មាននិងអ្នកបច្ចេកវិទ្យាព័ត៌មាននៅមជ្ឈិមបូព៌ា ដែលជាគម្រោងសំខាន់ក្នុងការពង្រីកសកម្មភាពព័ត៌មានពីអ្នករាយការណ៍ស្ម័គ្រចិត្ត។ ដោយបានឃើញតែឈុតសំខាន់ៗនៃខ្សែភាពយន្តសត្រូវប្រជាជន លោកនិយាយថា៖
«ខ្ញុំចង់មើលរឿងនេះ ហើយខ្ញុំនឹងរកទិញឌីវីឌីរឿងសត្រូវប្រជាជននេះ យកមកមើល។ លោកថេត សម្បត្តិស៊ើបអង្កេតរឿងនេះបានល្អណាស់»។
ដូចលោក Ayman Salahដែរ លោកNadeem Hotiana មន្ត្រីព័ត៌មានស្ថានទូតប៉ាគីស្ថានក៏ចង់មើលខ្សែភាពយន្តនេះដែរ។
អ្នកស្រី Joyce Bernathan ឲ្យបានបន្ថែមថា ក្នុងកម្មវិធីប្រគល់រង្វាន់សារព័ត៌មានរបស់មូលនិធិ Knight International Journalism ដល់ជ័យលាភីទាំងបួននាក់ក្នុងខែវិច្ឆិកានោះនឹងមានអ្នកចូលរួមយ៉ាងតិច៥០០នាក់នៅទីក្រុងវ៉ាស៊ីនតោននេះ៕