រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពីមានជោគជ័យជាបន្តបន្ទាប់ ខ្សែភាពយន្តមួយស្តីពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមនិងការសារភាពជាលើកដំបូងរបស់មេដឹកនាំរបបនោះ បានបោះមួយជំហានធំចូលរួមប្រកួតយកពានរង្វាន់អូស្កាសម្រាប់ឆ្នាំ២០១១។
ភាពយន្តឯកសាររឿង “សត្រូវរបស់ប្រជាជន” ដែលជាខ្សែភាពយន្តរៀបរាប់ពីបណ្តាញនៃការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមនិងមានការសារភាពទទួលខុសត្រូវដំបូងបំផុតពីអតីតមេដឹកនាំខ្មែរក្រហម នួន ជា ត្រូវបានដាក់ចូលរួមប្រកួតយកពានរង្វាន់អូស្កាលើកទី ៨៣ ដែលជាពានរង្វាន់ខ្សែភាពយន្តដ៏មានកិត្តិយសបំផុត។
លោក រ៉ប លឹមគីន ផលិតករខ្សែភាពយន្តនេះ បានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកពីទីក្រុងឡុងដ៍មកថា លោក បានដាក់ខ្សែភាពយន្តនេះចូលរួមប្រកួតកាលពីសប្តាហ៍មុន គឺមុនពេលដែលកាលបរិចេ្ឆទចុងក្រោយបានបញ្ជប់កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះ។
នេះគឺជាលើកទីមួយហើយ ដែលលោក លឹមគីន ដាក់ខ្សែភាពយន្តរបស់លោកចូលរួមប្រកួតយកពានរង្វាន់អូស្កា បើទោះបីជាលោកធ្លាប់បានផលិតខ្សែភាពយន្តឯកសារជាច្រើនសម្រាប់ស្ថានីយ៍ទូរទស្សន៍ផ្សេងៗក៏ដោយ។
"ដោយសារតែខ្សែភាពយន្តនេះ ទទួលបានជោគជ័យច្រើនពីមហោស្រពភាពយន្តធំៗនៅអាមេរិកនិងជុំវិញពិភពលោក មានមនុស្សជាច្រើនបានស្នើដល់ពួកយើងថា យ៉ាងហោចណាស់យើងគួតែពិចារណាដាក់ចូលរួមប្រកួត ហើយមានការនិយាយដល់ខ្សែភាពយន្តយើងជាច្រើនតាមរយៈប្រព័ន្ធអ៊ីនធឺណិត និងកន្លែងជាច្រើន។ ដោយសារតែខ្សែភាពយន្តនេះបានចេញផ្សាយតាមរោងភាពយន្តហើយ យើងបានសម្រេចចិត្តថាយើងប្រហែលជាត្រូវសាកល្បងមើលក្រែងលោមានសំណាង"។
ខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” មានរយៈពេល៩៤នាទី។ ភាពយន្តនេះ តាមពិនិត្យមើលដំណើររឿងរបស់លោកថេត សម្បតិ្តអ្នកកាសែតខ្មែរមួយរូប ដែលឱពុកម្តាយបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ដែលជារបបមួយគ្រប់គ្រងប្រទេសពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩និងបានបណ្តាលឱ្យស្លាប់បង់ជីវិតពលរដ្ឋកម្ពុជាប្រមាណពីរលាននាក់។ លោក សម្បតិ្តបានចំណាយពេលជាច្រើនឆ្នាំបញ្ចុះបញ្ចូលអតីតអ្នកអនុវត្តបញ្ជាកាប់សម្លាប់មួយចំនួន ឱ្យនិយាយសារភាពពីសកម្មភាពរបស់ពួកគេ និងអតីតមេមនោគមវិជ្ជាខ្មែរក្រហម នួន ជា ឱ្យបង្ហាញពីផែនការដឹកនាំក្នុងរបបខ្មែរក្រហមនិងការចេញបញ្ជារឱ្យមានការកាប់សម្លាប់។
ភាពយន្តនេះបានចេញបញ្ចាំងជាលើកដំបូងនៅក្នុងមហោស្រពខ្សែភាពយន្តទីក្រុង Sundance រដ្ឋ Utah កាលពីខែមករា ហើយបានបន្តដាក់បញ្ជាំងនៅជាច្រើនប្រទេសដូចជានៅក្នុងសហរដ្ឋអាមេរិក នៅអឺរ៉ុប នៅអាស៊ីដោយរួមទាំងប្រទេសកម្ពុជាផងដែរ ហើយទទួលបានរង្វាន់ធំៗជាច្រើនដូចជារង្វាន់ Nestor Almendros របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស រង្វាន់ Special Jury Award ពីមហោស្រពភាពយន្តក្រុងសាន់ដាន រង្វាន់ខ្សែភាពយន្តដែលល្អជាងគេបំផុតពីមហោស្រពភាពយន្តប្រទេស ណ័រវ៉េស្សរ៍ និងរង្វាន់ខ្សែភាពយន្តឆ្នើម ពីមហោស្រពភាពយន្តក្រុងហុងកុងជាដើម។
អ្នកដឹកនាំរឿងបានបំពេញតាមលក្ខខណ្ឌមួយចំនួនសម្រាប់ចូលរួមប្រកួតយកពានរង្វាន់អូស្កានេះក្នុងនោះ មានការដាក់បញ្ចាំងរយៈពេលពីរសប្តាហ៍ក្នុងរោងភាពយន្តសម្រាប់មនុស្សទូទៅ ក្នុងទីក្រុង New York កាលពីចុងខែកក្កដាហើយដាក់បញ្ចាំងក្នុងទីក្រុងLos Angeles រយៈពេលជាងមួយសប្តាហ៍។
លោក រ៉ប លឹមគីន បានសម្តែងក្តីសង្ឃឹមថា៖
“ខ្ញុំគិតថាខ្សែភាពយន្តរបស់យើងមានសារៈសំខាន់ណាស់ បើនិយាយពីខ្លឹមសារទាក់ទងនឹងប្រវត្តិសាស្រ្ត ដោយសារតែភាពប្រាកដប្រជានៃសាច់រឿងនេះ។ យើងអាចនិយាយបានថា វាមានខ្លឹមសារដែលមិនធម្មតាមួយ។ នេះ គឺជាភាពយន្តដែលពិនិត្យមើលយ៉ាងកៀកលើអ្នកដែលប្រព្រឹត្តអំពើហិង្សាដែលមិនអាចនិយាយចេញមកបាន ហើយយើងបានស្គាល់ពួកគេយ៉ាងច្បាស់ ហើយខ្ញុំសង្ឃឹមថាខ្សែភាពយន្តរបស់យើងនឹងត្រូវបានគេមើលជាច្រើននាក់ ក្នុងរយៈពេលជាច្រើនឆ្នាំដោយសារតែគេមើលឃើញថាវាជាសាច់រឿងមួយដែលមានតម្លៃពិតប្រាកដជាយូរអង្វែង”។
លោកថេត សម្បត្តិ អ្នកកាសែតខ្មែរនិងជាសហផលិតករខ្សែភាពយន្តរឿង “សត្រូវរបស់ប្រជាជន” បានសម្តែងការភ្ញាក់ផ្អើលនៅពេលដែលលោក រ៉ប់ លឹមគីនបានប្រាប់លោកពីការដាក់ខ្សែភាពយន្តនេះចូលរួមប្រកួត។
ក្នុងបទសម្ភាសមួយជាមួយវីអូអេ សំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត៍លោក ថេត សម្បត្តិបានបញ្ជាក់ថាអ្វី ដែលលោកធ្វើគឺគ្រាន់តែដើម្បីស្វែងរកការពិតពីការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហមសម្រាប់ជាប្រយោជន៍ឱ្យប្រជាជនខ្មែរនិងអ្នកស្រាវជ្រាវបានដឹងប៉ុណ្ណោះ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ឯកសារដែលលោករកបានក្នុងរយៈពេលនៃការស្រាវជ្រាវ១០ឆ្នាំនេះ គឺមិនដែលមានពីមុនមកទេ។
“អ្វីដែលជាការសម្លាប់សម័យនោះ ជាពិសេសជនដែលដៃដល់ កន្លងមកយើងមិនទាន់បានទទួលហើយកម្រថាមានអ្នកណាចេញមកសារភាពអំពីការកាប់សម្លាប់អីទេ ហើយនៅក្នុងភាពយន្តនេះយើងមានជនទាំងអស់នោះ ជាពិសេសបងធំទីពីរគាត់បាននិយាយ គឺលោកនួន ជា គាត់បានសារភាពអំពីអ្វីៗ ខ្ញុំថានេះហើយជាចំណុច ដែលជាសារៈសំខាន់មួយដែលធ្វើឱ្យគេមានការចាប់អារម្មណ៍ អញ្ចឹងហើយបានជាចំណុចមួយនេះហើយ ដែលយើងអាចយកទៅ ដាក់ប្រកួតប្រជែងយកទៅដាក់រង្វាន់អូស្កា”។
នៅក្នុងខ្សែភាពយន្ត លោក នួន ជា បានទទួលស្គាល់ថាមានការបញ្ជាឱ្យសម្លាប់អតីតកម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហមដើម្បីជួយសង្គ្រោះបដិវត្តន៍ ហើយចាត់ទុកថាគឺអ្នកទាំងនេះជាសត្រូវរបស់ប្រជាជន។ លោកក៏បានរៀបរាប់ពីការស្រមៃចង់បានសង្គមមួយល្អនិងភ្លឺស្វាង ប៉ុន្តែបែរជាមិនអាចសម្រេចបានដោយសារមានការបំផ្លាញពីចលនាផ្សេងៗ។
លោកស្រីTeni Melidonian អ្នកផ្សព្វផ្សាយនៃក្រុមអ្នកចាត់ចែងកម្មវិធីជ្រើសរើសពានរង្វាន់អូស្កា បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា គេទទួលបានខ្សែភាពយន្តរឿង "សត្រូវរបស់ប្រជាជន” ហើយ។ រីឯលទ្ធផលនៃការជ្រើសរើសជម្រុះពាក់កណ្តលផ្តាច់ព្រាត់នឹងឱ្យដឹងនៅពាក់កណ្តាលខែវិច្ឆិការ ហើយការជ្រើសរើសយកខ្សែភាពយន្តប្រាំសម្រាប់ប្រកួតផ្តាច់ព្រ័តនឹងផ្តើមទៅនៅចុងខែមករាឆ្នាំ២០១១ មុននឹងប្រកាសជ័យលាភីចុងក្រោយនៅថ្ងៃទី ២៧ ខែកុម្ភៈ៕