ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រកាស​ភាព​អាសន្ន​ទឹក​ជំនន់


អ្នក​ស្រុក​​លុយ​ទឹក​កាត់​ផ្លូវ​មួយ​​ក្នុង​ក្រុង​ភ្នំពេញ​​ដែល​ត្រូវ​លិចលង់​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១។ ចំនួន​អ្នក​ស្លាប់​​ដោយ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​មក​បាន​កើន​ដល់​១៥៨នាក់ ខណៈ​ដែល​ប្រទេស​កម្ពុជា មាន​មនុស្ស​៦១​ហ
អ្នក​ស្រុក​​លុយ​ទឹក​កាត់​ផ្លូវ​មួយ​​ក្នុង​ក្រុង​ភ្នំពេញ​​ដែល​ត្រូវ​លិចលង់​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១។ ចំនួន​អ្នក​ស្លាប់​​ដោយ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​មក​បាន​កើន​ដល់​១៥៨នាក់ ខណៈ​ដែល​ប្រទេស​កម្ពុជា មាន​មនុស្ស​៦១​ហ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជាពិសេស​មួយ​ជាមួយ​នឹង​មន្ត្រី​គ្រប់​ស្ថាប័ន​ និង​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​បន្ទាប់​ពី​នៅ​តាម​ខេត្ត​មួយ​ចំនួន​តាម​ដង​ទន្លេ​មេគង្គ ​ទន្លេ​បាសាក់ ​និង​ជាប់​ព្រំដែន​កម្ពុជា​ថៃ​កំពុង​វាយលុក​ដោយ​ទឹក​ជំនន់។

លោក​ ខៀវ ​កញ្ញារិទ្ធ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាននៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​រក្សា​នៅ​នឹង​កន្លែង ​និង​កុំ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​ក៏​មក​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​វាយលុក​ដោយ​ទឹក​ជំនន់។

«អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​កាកបាទ​ក្រហម​ដើម្បី​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ហើយ​ទន្ទឹម​នឹង​នេះ​យើង​បាន​បញ្ជូន​ខេត្ត​ទាំង​ដប់​ដែល​រងគ្រោះ​ហ្នឹង​ យើង​បាន​បញ្ជូន​លុយ​គឺ​ថវិកា​២០០​លាន​រៀល​ដើម្បី​ចុះ​ទៅ​ត្រៀម។ យើង​ក៏​បាន​បញ្ជូន​អង្ករ​ទៅ​ខេត្ត​មួយ​ចំនួន»។

ទឹក​ជំនន់​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ចុង​ខែ​សីហា ហើយ​បាន​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ លោក​ខៀវ កញ្ញារិទ្ធិ​បាន​បញ្ជាក់​ថា ចាប់តាំង​ពី​ពេល​ដែលទឹក​ជំនន់​បាន​កើត​មាន​ឡើង មាន​ខេត្ត​ក្រុង​ចំនួន​១៤​បាន​ទទួល​រង​ផលប៉ះពាល់ និង​បាន​សម្លាប់​មនុស្ស​ចំនួន​៦១​នាក់​ដែល​នៅក្នុង​នោះ​មាន​កុមារ​ចំនួន​៣១​នាក់។ លោក​បាន​មាន​ប្រសាសន៍​ថា​ យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​ចំនួន​១៣.៤០២ ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​មក​ទីតាំង​សុវត្ថិភាព និង​បាន​បំផ្លាញ​ផ្ទះ​ចំនួន​៣៣៨​ខ្នង។​ ក៏ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ហេដ្ឋា​រចនាសម្ព័ន្ធ ​ផ្លូវ​ថ្នល់ ​និង​សាលា​រៀន​ មិន​ទាន់​មាន​របាយការណ៍​ផ្លូវការ​នៅ​ឡើយ​ទេ។

លោក​ យឹម ​វណ្ណដា​ អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន​ទេ។

ចំណែក​លោក​ កែវ​ វី​ នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ​ចំនួន​តួរលេខ​អាច​នឹង​មាន​ការ​ប្រែប្រួល ហើយ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត។

«ហេតុការណ៍ ខ្ញុំ​បាន​ចេញ​សារ​មួយ​ហើយៗ​ក្រែងលោ​ សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ហ្នឹង​ដើម្បី​ពិនិត្យ​មើល។​ ប៉ុន្តែ​ដល់​ពេល​ឥឡូវ​ថា ខុស​តួលេខ​ច្រើន​ណាស់​ដែរ​ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ Update (ធ្វើបច្ចុប្បន្នភាព) ឡើង​វិញ​ទាំង​អស់​នៅ​ក្នុង​តារាង​របាយការណ៍​របស់​យើង»។

វីអូអេ​ខ្មែរ​មិន​អាច​ទាក់​ទង​លោក​ លឹម ​គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧត្តុនិយម ដើម្បី​សុំ​ការ​បំភ្លឺបាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​អនុញ្ញាត​ឲ្យ​លោក ​គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ដឹកនាំ​ការ​ប្រជុំ​ជាមួយ​នឹង​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ក្រសួង​អភិវឌ្ឃន៍​ជនបទ​ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដើម្បី​ពិនិត្យ​ដោះស្រាយ​តម្រូវការ​ និង​ធ្វើ​ការ​ជួសជុល​ជា​បន្ទាន់។

លោក ម៉ៅ ​ហាក់ ​អគ្គនាយក​រង​ទទួល​បន្ទុក​បច្ចេកទេស ​និង​ជា​ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ​ នៃ​ក្រសួង​ធនធាន​ទឹក​បាន​និយាយ​ថា​ ទឹក​ជំនន់​ទន្លេ​មេគង្គ​នៅ​ផ្នែក​មេគង្គ​លើ​បាន​ចាប់​ផ្តើម​ស្រក ក៏ប៉ុន្តែ​នៅ​ផ្នែក​មេគង្គ​ក្រោម​ និង​ទន្លេ​បាសាក់​ទឹក​អាច​បន្ត​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ទៀត៕

XS
SM
MD
LG