ការឆ្លើយតបភ្លាមៗ ទៅនឹងទារកទើបនឹងកើតដែលដកដង្ហើមមិនបានក្រោយពីកើតមកភ្លាមនោះ អាចកាត់បន្ថយយ៉ាងខ្លាំងនូវចំនួនទារកស្លាប់នៅពាសពេញពិភពលោក។
ការស្ទង់មើលមួយរកឃើញថា ទារកទើបនឹងកើតស្លាប់ក្នុងមួយឆ្នាំៗ មួយលាននាក់ដោយការថប់ដង្ហើម ការបរាជ័យក្នុងការចាប់ផ្តើមដកដង្ហើម ឬការទ្រទ្រង់ដង្ហើមក្រោយពេល កើតចេញពីផ្ទៃម្តាយ។
ដើម្បីធ្វើឲ្យចំនួនទារកស្លាប់ពេលទើបនឹងកើតចុះទាប ក្រុមអ្នកអប់រំផ្នែកពេទ្យនៅបណ្ឌិតសភាអាមេរិកាំងខាងវិជ្ជាពេទ្យកុមារបានរៀបចំកម្មវិធីហ្វឹកហាត់មួយដែលមានឈ្មោះថា ជួយទារកឲ្យដកដង្ហើម។ អភិវឌ្ឍន៍ជាមួយនឹងការផ្តើមគំនិតរបស់អង្គការសុខភាពពិភពលោក កម្មវិធីហ្វឹកហាត់នោះបង្រៀនក្រុមបុគ្គលិកថែទាំសុខភាពនូវបច្ចេកទេសស្រួលៗសម្រាប់ជួយទារកទើបនឹងកើតឲ្យដកដង្ហើម។ បច្ចេកទេសទាំងនេះរួមមានទាំងការរឹតខ្លួនទារកដែលស្វិត ការធ្វើទារកឲ្យកក់ក្តៅ និងបឺតមាត់ទារកក្នុងនាទីទើបនឹងកើតមកភ្លាមៗ។
ប្រសិនបើទារកនៅតែមិនដកដង្ហើមដោយខ្លួនឯងបានទេនោះ ឆ្មបអ្នកបង្កើតទារកត្រូវតែបានរៀនអំពីរបៀបពាក់ស្រោមលើមុខទារកដើម្បីជួយទារកឲ្យដកដង្ហើម។
លោក Jeffrey Pelman ជាសាស្ត្រាចារ្យនៃវិជ្ជាពេទ្យកុមារម្នាក់ នៅមហាវិទ្យាល័យ Weill-Cornell Medical College នៅក្នុងទីក្រុងនូវយក។ លោក Pelman និយាយថា វិធានការណ៍សម្រាប់អនុវត្តិនៅពេលទារកទើបកើតចេញពីផ្ទៃម្តាយ អាចកាត់បន្ថយអត្រាស្លាប់ទារកទើបនឹងកើតបាន៥០ភាគរយ។
លោក Pelman និយាយថា វិធីហ្វឹកហាត់នេះក៏កាត់បន្ថយចំនួនទារកដែលស្លាប់ក្នុងពោះដែរ ដែលជាញឹកញាប់គ្រាន់តែជាករណីនៃការថប់ដង្ហើម។
«នៅពេលណាទារកកើតចេញមកមិនដកដង្ហើម ជាញឹកញាប់គេតែងសន្មត់ថា ជាទារកដែលស្លាប់ក្នុងពោះ។ ប៉ុន្តែរឿងនេះអាចមិនមែនជា ទារកស្លាប់ក្នុងពោះទេ។ វាគ្រាន់តែទារកនោះកើតមកភ្លាមមិនដកដង្ហើម ឬទារកមានចង្វាក់បេះដូងដើរខ្សោយ។ យើងដឹងថា ប្រសិនបើយើងអាចមានប្រសិទ្ធិភាពធ្វើឲ្យទារកដកដង្ហើមបាន ហើយមិនចាំបាច់ប្រើការជួយឲ្យដកដង្ហើមច្រើនពេកទេ ទារកនឹងចាប់ផ្តើមដកដង្ហើមដោយខ្លួនឯង។»
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំគម្រោងការសម្រាប់ពិសោធន៍មើលមួយនៅឆ្នាំ២០០៩ ជាមួយកម្មវិធីជួយទារកឲ្យដកដង្ហើមនៅក្នុងប្រទេសតង់ហ្សានី បានបង្រៀនឆ្មប វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យផ្សេងៗទៀត អំពីកិច្ចការបន្ទាន់ដែលពួកគេគួរធ្វើភ្លាមៗប្រសិនបើទារកកើតមកមិនដកដង្ហើម រួមមានថាតើត្រូវប្រើប្រដាប់បឺតដង្ហើម និងឧបករណ៍បញ្ចូលខ្យល់ដោយពាក់ថង់ស្រោមមុខលើទារកដូចម្តេចខ្លះ។
ទិន្នន័យបានប្រមូលពីមន្ទីរពេទ្យបួន សម្រាប់រយៈពេលបីខែមុននិងបីខែក្រោយពីការចាប់ផ្តើមកម្មវិធី។ ទិន្នន័យបានបង្ហាញថា អត្រាទារកស្លាប់ បានធ្លាក់ចុះពីចំនួន ១៣នាក់ក្នុងកំណើតមួយពាន់ មកនៅត្រឹមស្លាប់លើស៦នាក់នៃកំណើតទារកមួយពាន់។ លោក Perlmam និយាយថាជាលទ្ធផលដ៏រំភើប។
«ប្រសិនបើយើងអាចធ្វើការកាត់បន្ថយនេះបានតទៅទៀត វានឹងតំណាងឲ្យលើកដំបូងបង្អស់នូវការប្រែក្រឡាស់មួយ ពីការស្លាប់ទារកនៅពេលកើតដែលទាក់ទងនឹងការថប់ដង្ហើម។»
លោក Perlmam និយាយថា យុទ្ធសាស្ត្រងាយៗដើម្បីផ្តើមឲ្យមានការដកដង្ហើមនៅមួយនាទីដំបូងនៃកំណើតទារក ដែលលោកហៅថា “the Golden Minute” ឬ «នាទីសំខាន់ដូចមាស» អាចប្រើយូរអង្វែងបានរហូតជួយប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានសម្រេចគោលការណ៍អភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិនៃការកាត់បន្ថយការស្លាប់ទារកឲ្យបាន២ភាគ៣នៅឆ្នាំ២០១៥។
«វាជាការប្រសើរណាស់ដែលឃើញជាក់ស្តែងថាពួកឆ្មប គិលានុបដ្ឋាក និងអ្នកដទៃទៀតយល់អំពីសារៈសំខាន់នៃការចាប់ផ្តើមដកដង្ហើមដំបូងនៅក្នុង«នាទីសំខាន់ដូចមាស»នោះ។ ពួកគេបានឃើញលទ្ធផលជាក់ស្តែង។»
ពេទ្យកុមារ លោក Jeffrey Pelman បានបង្ហាញលទ្ធផលនៃគម្រោងការសម្រាប់ពិសោធន៍មើលមួយ ដើម្បីជួយទារកឲ្យដកដង្ហើម នៅឯកិច្ចប្រជុំប្រចាំឆ្នាំកាលពីពេលថ្មីៗ របស់សមាគមបណ្ឌិតសភានៃវិជ្ជាពេទ្យកុមារ ក្នុងទីក្រុងដិនវ៊ើរ៍ រដ្ឋកូឡូរ៉ាដូ។
ប្រែសម្រួលដោយ នុច សារីតា