ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​កំពុង​ត្រៀម​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​តាម​មណ្ឌល​បោះ​ឆ្នោត


មន្រ្តី​រៀប​ចំការបោះឆ្នោត​កំពុងរាប់​សន្លឹកឆ្នោត​ នៅ​តាមការិយាល័យ​បោះ​ឆ្នោត នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
មន្រ្តី​រៀប​ចំការបោះឆ្នោត​កំពុងរាប់​សន្លឹកឆ្នោត​ នៅ​តាមការិយាល័យ​បោះ​ឆ្នោត នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​យ៉ាង​តិច​ចំនួន​២​ ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​បានឱ្យ​ដឹង​ថា ​ពួកគេ​ត្រៀម​ដាក់​អ្នក​សង្កេត​ការណ៍​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ទូទាំង​ប្រទេស​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ខាង​មុខ។​

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​ លោក​ កន សាវាង្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អង្គការ​ខុមហ្វ្រែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ដាក់​អ្នក​សង្កេត​ការណ៍​នៅ​តាម​មណ្ឌល​នានា​ ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ។ ​លោក​បន្ត​ថា​ អង្គការ​ខុមហ្វ្រែល​នឹង​ត្រៀម​បញ្ជូន​ឈ្មោះ​អ្នក​សង្កេត​ការណ៍​ប្រមាណ​២០០០​នាក់​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នៅ​ក្នុង​ខែ​មេសា​នេះ ​ដើម្បី​ស្នើ​សុំ​កាត​អ្នក​សង្កេត​ការណ៍។​

បើ​តាម​លោក ​កន សាវាង្ស ​ អង្គការ​ខុមហ្វ្រែល​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ស្វែង​រក​អ្នក​សង្កេត​ការណ៍​ឱ្យ​បាន​ចំនួន​ ១០០០០​នាក់ ​ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖ ​«យើង​ប្រឹង​ប្រែង​រក​ ធ្វើ​ម៉េច​ឱ្យ​ប្រហែល​១០០០០នាក់​បាទ​ ពីព្រោះ​យើង​វា​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​គឺ​ថា ​វា​អាស្រ័យ​លើ​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ ហើយ​យើង​នឹង​ខំ​ប្រឹង​ធ្វើ​ យ៉ាង​ហោច​ណាស់​ ទៅ​មើល​ផែន​ការ​ដែល​អាច​នឹង​ក្រៀរគរ​បាន​១០០០០​នាក់​បាទ។​ ចាំ​មើល​ យើង​នឹង​ខិតខំ​ប្រឹង​ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ប៉ុនណា​ អាហ្នឹង​យើង​នឹង​ពិនិត្យ​មើល​ទៀត។​ បើ​ទោះបី​យ៉ាង​ណា​ក៏​ដោយ ​ខែ​៤​នេះ ​យើង​នឹង​ដាក់​បញ្ជូន​ឈ្មោះ​ប្រហែល​២០០០​នាក់​ទៅ​ស្ថាប័ន​ គ.ជ.ប»។​

លោក​កត់​សម្គាល់​ថា​ កន្លង​មក​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​ហើយ​ តែ​បែរ​ជា​លា​ឈប់​ទៅ​វិញ​ ដោយ​សារ​តែ​ភ័យ​ខ្លាច។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​កន្លង​មក​គឺថា​ វា​មាន​ច្រើន​ទាក់​ទង​ហ្នឹង​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ ការ​ភ័យ​ខ្លាច​ខ្លះ​ដែរ​ ដោយ​សារ​តែ​ការ​យល់​ដឹង​របស់​គាត់​ ដោយ​សារ​តែ​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ខ្លះ​នៅ​មូលដ្ឋាន​ហ្នឹង​ មាន​កន្លែង​ខ្លះ​ក៏​គាត់​ព្រួយ​បារម្ភ​អំពី​សុវតិ្ថភាព​ ឬ​ក៏​ការ​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​អី​ជា​ដើម។ អ៊ីចឹង​គាត់​លាឈប់​ លាលែង​ពី​អ្នក​សង្កេត​ការណ៍​ផង​ដែរ។ ​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ទទួល​នូវ​បញ្ហា​ប្រឈម​កន្លង​មក​ហ្នឹង​ ហើយ​យើង​តែង​តែ​ដោះ​ស្រាយ​អំពី​បញ្ហា​ហ្នឹង​ជា​បន្ត​បន្ទាប់»។​

លោក ​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិច ​(NICFEC)​ ដែលឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដែរ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​អង្គការ​និកហ្វិច​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ក្នុង​ដំណើរ​ការណ៍​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ​ដោយ​មិន​កំណត់​ថា​ ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ ​ពោល​គឺ​ផ្អែក​លើ​ថវិកា​ដែល​អង្គការ​មាន។​

លោក​លើក​ឡើង​ថា៖ ​«កាល​ពី​មុន​ យើង​បាន​លុយ​ពី​អិនឌីអាយ [NDI​ ឬ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ] ​កាល​ពី​ឆ្នាំ​២០១៧។ ​ឥឡូវ​អត់​មាន​ទេ។ ​ហើយ​អ្នក​សង្កេត​ការណ៍​ខ្ញុំ​ច្រើន​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទៀត ​គ្រាន់តែ​យើង​ត្រូវការ​ថវិកា​ចំណាយ​លើ​វគ្គ​បណ្តុះ​បណ្តាល​ អ៊ីចឹង​បាទ ​ហើយ​ថ្លៃ​សាំង​ម៉ូតូ​ ថ្ងៃ​ចុះ​សង្កេត​ការណ៍​អ៊ីចឹង​ បាទ»។​

វិទ្យាស្ថាន​ NDI ​ប្រចាំ​ប្រទេស​កម្ពុជា ​(National Democratic Institute) ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​លែង​ឱ្យ​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថែម​ទាំង​បណ្ដេញ​បុគ្គលិក​បរទេស​នៃ​អង្គការ​នេះ​ចេញ​ពី​ប្រទេស ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៧​ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ អង្គការ​នេះ​បាន​ជួយ​រៀបចំ​គម្រោង​ការ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

អង្គការ​ NDI ​បាន​ដំណើរការ​នៅ​កម្ពុជា​អស់​រយៈ​ពេល​២៥​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​ ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិបតេយ្យ ​ដូចជា​លើក​ទឹក​ចិត្ត​ឱ្យ​មាន​តម្លាភាព​ និង​ការ​ចូល​រួម​នយោបាយ​ពី​គ្រប់​ភាគី​ និង​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ជាដើម។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​អង្គការ​លីកាដូ​មិន​មាន​ដាក់​អ្នក​សង្កេត​ការណ៍​តាម​មណ្ឌល​បោះ​ឆ្នោត​ទេ ​ប៉ុន្តែ​ការងារ​ស្នូល​របស់​អង្គការ​លីកាដូ ​គឺ​នៅ​តែ​បន្ត​ឃ្លាំ​មើល​សេរី​ភាព​ជា​មូលដ្ឋាន ​ក៏​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម។​

ជា​មួយ​គ្នា​នេះ​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សមាគម​អាដហុក​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​នៅ​ឡើយ​ទេ​ ពីព្រោះ​សមាគម​នេះ​មើល​ឃើញ​បញ្ហា​ពាក់​ព័ន្ធ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​នយោបាយ​មួយ​ចំនួន។​
យ៉ាងណាក្តី ​អ្នក​នាំពាក្យ​សមាគម​រូប​នេះ​បញ្ជាក់​ថា​ សមាគម​អាដហុក​នឹង​បន្ត​ឃ្លាំ​មើល​បន្ថែម​ចំពោះ​ស្ថានភាព​ទូទៅ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ។​

ទាក់ទង​នឹង​ការ​រៀបចំ​អ្នក​សង្កេត​ការណ៍​តំណាង​គណបក្ស​នយោបាយ​វិញ ​ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក ​គឹមសួរ ភិរិទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គណបក្ស​ភ្លើង​ទៀន​បាន​រៀបចំ​អ្នក​សង្កេត​ការណ៍ ​ហើយកំពុង​តែ​បណ្តុះ​បណ្តាល​ពួក​គេ។ ​លោក​បន្ថែម​ថា ​គណបក្ស​ភ្លើង​ទៀន​នឹង​ពង្រឹង​សមត្ថភាព​របស់​អ្នក​សង្កេត​ការណ៍​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ពួក​គេ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​តួនាទី​មួយ​នេះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​អត្ថាធិប្បាយ​ពី​លោក ​ហ៊ុន ម៉ានី ​ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​ ដែល​ជា​ស្ថាប័ន​មួយ​តែង​តែ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​បាន​នៅ​ឡើយ។

កាល​ពី​ចុង​ខែ​មីនា ​ស្ថានទូត​បរទេសចំនួនពីរ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ស្ថានទូត​ជប៉ុន​ និង​បារាំង ​បាន​បញ្ជាក់​ថា ​ពួកគេ​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ ដើម្បី​ចូលរួម​តាម​ដាន​ការ​បោះ​ឆ្នោត​ឡើយ។​ ពួកគេ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ចំៗឡើយ។ ​ប៉ុន្តែ​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ស្ថាន​ភាព​នយោបាយ​ អវត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ និង​ការ​កាត់​ទោស​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ដាក់​ពន្ធនាគារ​២៧​ឆ្នាំ ​កាល​ពី​ដើម​ខែ​មីនា ​អាច​ជា​ចំណុច​ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត។​

សេចក្តី​ជូន​ដំណឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៥ ​ខែ​កុម្ភៈ ​ឆ្នាំ២០២៣ ​បាន​ឱ្យ​ដឹង​ថា​ កាល​បរិច្ឆេទ​នៃ​ការ​ដាក់​និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​ជាតិ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ​ខែ​មេសា​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី១២ ​ខែ​កក្កដា ​ឆ្នាំ​២០២៣។ ​ចំណែក​កាល​បរិច្ឆេទ​នៃ​ការ​ដាក់ ​និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១ ​ខែ​មេសា​ ​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី១៩ ​ខែ​កក្កដា ​ឆ្នាំ​២០២៣៕

XS
SM
MD
LG