អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) បានរកឃើញភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីចុះឈ្មោះ គុណភាពបញ្ជីឈ្មោះ និងការមិនទុកចិត្តរបស់គណបក្សនយោបាយ។
ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើឡើងពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១៨ ខែតុលាការ ឆ្នាំ២០១១។ របាយការណ៍របស់ខុមហ្វ្រែល ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា ក្នុងចំណោមឃុំ សង្កាត់ចំនួន៧២នៃឃុំ សង្កាត់សរុប ១.៦២១ ខុមហ្វ្រែលបានរកឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងស្មៀនមិនគោរពម៉ោងធ្វើការចំនួន៧ឃុំ រួមមានមកធ្វើការយឺត ចេញពីធ្វើការមុនម៉ោង និងការមិនធ្វើការ។
របាយការណ៍នេះបានបន្តថា នៅក្នុងខេត្តមួយចំនួន មានការចុះឈ្មោះអ្នកបោះឆ្នោតដោយអ្នកបោះឆ្នោតមិនបានបំពេញគ្រប់ លក្ខខណ្ឌ ហើយព្រមទាំងមានករណីបាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតចុង ក្រោយចំនួន២សង្កាត់នៅខេត្តព្រះសីហនុ។
របាយការណ៍នេះបានបន្ថែមថា ករណីយឺតយ៉ាវ ឬ មិនមានការបិទផ្សាយកម្មវិធី និងប្រតិទិនចុះឈ្មោះអ្នកបោះឆ្នោតចំនួ៦ឃុំ សង្កាត់នៅខេត្តរតនៈគីរី និងខេត្តប៉ៃលិន ហើយទីតាំងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន២សង្កាត់នៅខេត្តប៉ៃលិន។
គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុតិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅសណ្ឋាគារ Imperial Garden Villa & Hotel យ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភអំពីគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត។ យើងគិតថា នឹងមានបញ្ហារឿងឈ្មោះស្ទួននៅពីរកន្លែងរហូតដល់បីដង»។
របាយការណ៍របស់ខុមហ្វ្រែល បានបញ្ជាក់ថា ការសង្កេតទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃ ទី១៥ ខែតុលា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែទទួលបានការផ្សព្វផ្សាយច្រើនជាងគេ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈដែលគណបក្សប្រឆាំងទទួលបានការផ្សព្វផ្សាយភាគច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុបារាំងអន្តរជាតិ ព្រមទាំងវិទ្យុ FM១០៥ MHz និងវិទ្យុ FM១០៦.៥ MHz។
លោក គល់ បញ្ញា បានបន្ថែមថា គ្មានតុល្យភាព និងគ្មានសមធម៌ផ្នែកផ្សព្វផ្សាយព័ត៌មានរវាងគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំង។
«យើងមានការព្រួយបារម្ភ។ បើសិនរឿងនេះបន្តទៀតរហូតដល់ពេលយុទ្ធនាការឃោសនាបោះឆ្នោត យើងឃើញថាវាអាចធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅលើភាពយុត្តិធម៌ នៅក្នុងដំណើរការបោះឆ្នោត»។
លោក កុយ ប៊ុនរឿន តំណាងរាស្ត្រគណបក្សសម រង្សី បានគាំទ្ររបាយការណ៍របស់ខុមហ្វ្រែល ដោយបញ្ជាក់ថា ការរកឃើញភាពមិនប្រក្រតីរបស់ខុមហ្វ្រែលនេះ មានលក្ខណៈស្រដៀងគ្នានឹងការរកឃើញរបស់គណបក្សសម រង្សី។
«ខ្ញុំយល់ឃើញថាអ្វី ដែលខុមហ្វ្រែលបានរកឃើញនេះ គឺជារបាយការណ៍មួយអាចឱ្យមានជំនឿជឿជាក់បាន។ គណបក្សសម រង្សី កន្លងមកនេះ បានចេញផ្សាយពីភាពមិនប្រក្រតីជាច្រើន»។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា របាយការណ៍របស់ខុមហ្វ្រែលតែងតែនិយាយអំពីចំណុចអវិជ្ជមាន នៃដំណើរការបោះឆ្នោតនៅកម្ពុជា ហើយរបាយការណ៍នេះមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយទេ។
«ស្មៀន ឬ ក្រុមប្រឹក្សាឃុំ សង្កាត់ភាគច្រើនមានបញ្ហាជួបទឹកជំនន់។ អញ្ចឹង ការបំពេញម៉ោងពេលរបស់គាត់ អាចថាមិនបានពេលលេញទេ។ ប៉ុន្តែបើយើងពិនិត្យមើលលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតវិញ យើងបានចំនួនអ្នកចុះឈ្មោះបោះឆ្នោតកើនលើសការគ្រោងទុក ដែលយើងប៉ាន់ស្មានមានតែ៤៧០.០០០នាក់ តែយើងបានចុះឈ្មោះអ្នកបោះឆ្នោតរហូតជាង៩១០.០០០នាក់»។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅដើមឆ្នាំ២០១២ខាងមុខនេះ៕