ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត


រូបឯកសារ៖ គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
រូបឯកសារ៖ គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

នៅ​ថ្ងៃសុក្រ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​អំពាវ​នាវ​មួយ ឲ្យ​ពលរដ្ឋដែល​បាន​ចុះឈ្មោះ​បោះឆ្នោតហើយ និង​ពលរដ្ឋ​ដែល​មិនទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ​​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​នៅ​តាម​ឃុំ-សង្កាត់​​រៀងៗខ្លួន។ អ្នកនាំពាក្យ​ គ.ជ.ប បញ្ជាក់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ​នេះ ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​បោះឆ្នោត។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.ជ.ប) នៅ​ថ្ងៃសុក្រ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​នេះ នៅ​តាម​សាលា​ឃុំ-សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន ទូទាំង​ប្រទេស។

ក្នុង​សេចក្ដី​អំពាវនាវ​របស់​ គ​.ជ.ប ចេញ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ២០១៧ ត្រូវ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​ដែល​បិទ​ផ្សាយ​នៅ​តាម​សាលា​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្លួន​មាន​ឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ​ក្នុង​បញ្ជី​បោះឆ្នោត។ ក្នុង​ករណី​ឈ្មោះ ឬ​ទិន្នន័យ​របស់​ខ្លួន​ពុំ​ត្រឹមត្រូវ ត្រូវ​ស្នើ​សុំ​ទៅ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​កែ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​ឯកសារ​សំអាង​ច្បាស់លាស់។

សេចក្តី​អំពាវនាវ​ដដែល​នោះ​បញ្ជាក់​ក្នុងន័យ​ដើម​ថា៖«ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​ពីមុន​មក ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨ឆ្នាំ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺ​អ្នក​ដែល​កើត​មុន ឬ​កើត​ត្រឹម​ថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០០១​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត តាម​កម្មវិធី​របស់​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ សង្កាត់​ដែល​បងប្អូន​កំពុង​រស់នៅ»។

ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោតក្នុង​ឆ្នាំ​២០១៨ សរុប​ចំនួន ៨.៣៨០.២១៧​នាក់។ ក្នុង​នោះ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​ចំនួ​ន ៦.៨៨៥.៧២៩​នាក់ ស្មើ​នឹង ៨២,១៧% នៃ​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​សរុប។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គ.ជ.ប ប្រាប់ VOA នា​រសៀល​ថ្ងៃ​សុក្រនេះ​ថា ការ​អំពាវ​នាវ​ឲ្យប្រជា​ពលរដ្ឋ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​តែង​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​បោះឆ្នោត។

លោក​បញ្ជាក់​ថា៖ «ដើម្បី​ធានា​ការ​ថា គ.ជ.ប មាន​បញ្ជី​បោះឆ្នោត​មួយ​ដែល​ការពារ​បាន​នូវ​សិទ្ធិ​បោះ​ឆ្នោតរបស់​ប្រជាពលរដ្ឋ​ ហើយ​ការ​បោះឆ្នោត​គឺ​ទាមទារ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​យ៉ាង​នេះ​ហើយ បាន​ការ​បោះឆ្នោតធានា​បាន​ត្រឹមត្រូវ។ ជា​រៀងរាល់​ឆ្នាំ​ទោះបី​ជាឆ្នាំ​បោះឆ្នោត ឬមិនបោះឆ្នោត គឺ​ត្រូវ​តែធ្វើ​បច្ចុប្បន្ន​ភាពបញ្ជី​នេះ​ហើយ។ អញ្ចឹង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ទាំង​នេះ​ហើយ​ហៅ​ថា​ការ​ពិនិត្យ​បញ្ជី​ និង​ចុះ​ឈ្មោះ​បោះឆ្នោត»។

កម្ពុជា​ទើប​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិទី​៦ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ និង​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​កន្លង​ទៅ។​ អវត្ត​មាន​គណបក្ស​ប្រឆាំង​នេះ​គឺ​ដោយសារ​តុលាការ​កំពូល​រំលាយគណបក្ស​នេះ​ចោល​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ថា គណបក្ស​នេះ​បាន​ឃុបខិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ហាម​ឃាត់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់​មិនឲ្យ​ធ្វើ​នយោបាយ គេឃើញ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ឈ្នះ​ការ​បោះ​ឆ្នោតដែល​រៀបចំ​ដោយ​ គ.ជ.ប ដែលជា​ស្ថាប័ន​លែង​មាន​សមាជិក​មក​ពី​គណបក្ស​ប្រឆាំងនោះ យ៉ាងភ្លូក​ទឹក​ភ្លូក​ដី និង​កំពុងបន្ត​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស៕

XS
SM
MD
LG