ក្រុងឡឺគែរ ប្រទេសអេហ្ស៊ីប៖ ក្រោយពីការធ្វើបាតុកម្មតវ៉ាអស់រយៈពេល១៨ថ្ងៃ លោក ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) បានចុះចេញពីតំណែងជាប្រធានាធិបតីរបស់ប្រទេសអេហ្ស៊ីបដោយបញ្ចប់ការគ្រប់គ្រងរយៈពេលជិត៣ទសវត្សរ៍នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅពិភពអារ៉ាប់។
វាគឺជាបាតុកម្មតវ៉ាមួយមានរយៈពេល១៨ថ្ងៃហើយពេលខ្លះ ការតវ៉ារបស់ពួកគេមានលក្ខណៈហិង្សាដែលបានបង្ខំបុរសម្នាក់ដែលគ្រប់គ្រងប្រទេសអេហ្ស៊ីបអស់រយៈពេលជិត៣០ឆ្នាំចុះចេញពីអំណាច។ ថ្ងៃសុក្រនេះគឺជាថ្ងៃដែលក្រុមអ្នកតវ៉ាបានទន្ទឹងរង់ចាំជាយូរមកហើយ។ ការប្រកាសពីការលាលែងចេញពីតំណែងរបស់លោកមូបារ៉ាក់បានទាក់ទាញឱ្យមានសម្រែកហ៊ោកញ្ជៀវ និងការចុចស៊ីផ្លេរថយន្តឮទ្រហឹងពេញទីក្រុងឡឺគែរបន្តជាប់គ្នាជាច្រើនម៉ោង។
លោក អនុប្រធានាធិបតី អូមា ស៊ូឡីម៉ាន់ (Omar Suleiman) ជាអ្នកប្រកាសប្រាប់ឱ្យដឹងពីការលាលែងពីតំណែងនេះ នៅតាមកញ្ចក់ទូរទស្សន៍។
លោក អនុប្រធានាធិបតីនិយាយថា លោកមូបារ៉ាក់បានចុះចេញពីតំណែង ហើយបានសុំឱ្យក្រុមយោធាគ្រប់គ្រងប្រទេស។ លោកបានបញ្ចប់សុន្ទរកថារបស់លោកដោយពាក្យថា «សូមព្រះជាម្ចាស់ជួយដល់យើងគ្រប់គ្នា»។
មានមនុស្សរាប់ពាន់នាក់បានសម្រុកទៅទីលាន តាហ៍រៀរ (Tahrir) ឬហៅថាទីលានរំដោះដែលនៅចំកណ្តាលទីក្រុងឡឺគែរ ដើម្បីចូលរួមជាមួយនឹងមនុស្សរាប់ម៉ឺននាក់ទៀតដែលនៅទីនោះស្រាប់។ ក្នុងចំណោមនោះមានលោក អេម៉ាន់ សាអាដ (Eman Saad) ដែលទើបមានអាយុ៣៣ឆ្នាំ។
«ប្រតិកម្មរបស់ខ្ញុំឬ? វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់! យើងមានសេរីភាពហើយ!»
នៅឯទីលាន តាហ៍រៀរ (Tahrir) ឯណោះវិញ មានការសប្បាយកងរំពង។ ក្រុមបាតុករនិយាយថានេះគឺជាថ្ងៃដែលពួកគេបានទន្ទឹងរង់ចាំជាច្រើនទសវត្សរ៍មកហើយ។ ការប្រារព្ធពិធីនេះដំណើរការទៅដោយសុខស្រួលក្នុងរយៈពេលពីរ បីម៉ោងដំបូង ប៉ុន្តែមានឮសំឡេងបាញ់កាំភ្លើងរប៉េះរប៉ោះនៅចំកណ្តាលទីក្រុងឡឺគែរនៅពេលព្រលប់ថ្ងៃសុក្រនេះ។
កាលពីមួយថ្ងៃមុននេះ លោកមូបារ៉ាក់បានថ្លែងទៅកាន់ប្រជាជាតិទាំងមូលថា លោកនឹងបន្តកាន់តំណែងរហូតដល់ពេលបោះឆ្នោតនៅខែកញ្ញា។ នៅថ្ងៃសុក្រក្រុមអ្នកកាសែតបាននិយាយថាលោកបានទៅតំបន់លំហែរកាយឈ្មោះ ស្ហាម អែល ស្ហេខ (Sharm el Sheikh) ដែលជាតំបន់សមុទ្រក្រហមរបស់អេហ្ស៊ីប៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង