ស្ត្រីជាតិអេហ្ស៊ីបបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតវ៉ាបដិវត្ត ដែលបានទម្លាក់អតីតប្រធានាធិបតី ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak)។ ប៉ុន្តែ ខណៈដែលអន្តរកាលរបស់ប្រទេសអេហ្ស៊ីបឆ្ពោះទៅរករដ្ឋាភិបាលថ្មីមួយ សំណួរត្រូវបានលើកឡើងស្តីពី ថាតើស្ត្រីនឹងទទួលបានតួនាទីកាន់តែរឹងមាំជាងមុននៅក្នុងនយោបាយដែរឬទេ។
លោកស្រី ហ្សាកេយ៉ា អេល ណាហាស (Zakeya El Nahas) សកម្មជនខាងសង្គម ស្ថិតក្នុងចំណោមក្រុមអ្នកតវ៉ា ដែលជួយបំបែកភាពស្ងប់ស្ងាត់ខាងនយោបាយអស់ជាច្រើនឆ្នាំមកហើយសម្រាប់ស្ត្រីអេហ្ស៊ីប។ លោកស្រី ថ្លែងថា អ្វីៗបានផ្លាស់ប្តូរនៅពេលដែលក្រុមអ្នកតវ៉ាចេញមកតាមដងផ្លូវកាលពីថ្ងៃទី២៥ ខែមករា។ លោកស្រីមានប្រសាសន៍ថា៖
«ខ្ញុំមិនអាចទប់ចិត្តមិនឲ្យចេញទៅក្រៅរាល់ថ្ងៃនោះបានទេ។ អ្នកដឹងទេ ខ្ញុំត្រូវតែទៅរាល់ថ្ងៃ។ ខ្ញុំចង់និយាយថាស្មារតីមានភាពខុសប្លែកបន្តិច។ មានចំណងទាក់ទងរវាងមនុស្សទាំងអស់នៅទីនោះ»។
ស្រ្តីទទួលបានសេរីភាព និងសមភាពក្នុងកម្រិតថ្មីមួយ ក្នុងរយៈពេល១៨ថ្ងៃនៃការតវ៉ានេះ ដោយសារតែពួកគេបានធ្វើបាតុកម្មនៅក្បែរបុរសទាំងឡាយ ហើយអបអរជ័យជម្នះរបស់ពួកគេក្នុងការទម្លាក់រដ្ឋាភិបាលរបស់លោកមូបារ៉ាក់។
ប៉ុន្តែលោកស្រី ណាដយ៉ា ខាលីហ្វេ (Nadya Khalife) អ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch ឲ្យដឹងថា ភាពសប្បាយរីករាយបានស្ងប់ទៅវិញ ហើយទិដ្ឋ ភាពនៃការកសាងរដ្ឋាភិបាលឡើងវិញត្រូវបានស្តែងចេញ ហើយស្ត្រីកំពុងប្រឈមនឹងការផាត់ចេញពីដំណើការនយោបាយ។ លោកស្រី ខាលីហ្វេ បន្តថា៖
«មានក្រុមមួយចំនួន ដែលកំពុងជំទាស់ទៅនឹងវត្តមានរបស់ស្ត្រីក្នុងវិស័យនយោបាយ។ ពួកគេកំពុងប្រឆាំងទៅនឹងវត្តមានរបស់ស្ត្រី ដែលធ្វើបាតុកម្មដើម្បីស្វែងរកសមភាព។ ដូច្នេះ ខ្ញុំគិតថា វាមិនមែនជាអន្តរកាលដ៏ងាយស្រួលនោះឡើយ។ ប៉ុន្តែខ្ញុំគិតថា ស្រ្តីអេហ្ស៊ីប នឹងទាមទារចូលទៅក្នុងដំណើការនយោបាយទាំងអស់នេះ»។
លោកស្រី មានប្រសាសន៍ថា គ្មានមុខតំណែងណាមួយ ត្រូវបានផ្តល់ឲ្យស្រ្តី នៅក្នុងក្រុមប្រឹក្សាអន្តរកាល ដែលត្រូវបានស្គាល់ថាជា គណៈកម្មាការបុរសឆ្លាត (Committee of Wise Men) ដែលទទួលខុសត្រូវចំពោះការធ្វើសេចក្តីព្រៀងវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ហើយមាត្រា៧៥នៃរដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើង ដោយបង្កប់ន័យថា ប្រមុខរដ្ឋគឺជាបុរស។
នៅក្នុងទិវារនារីអន្តរជាតិ កាលពីថ្ងៃទី១៨ ខែមីនា បុរសមួយក្រុម បានវាយប្រហារទៅលើស្រ្តី ដែលកំពុងធ្វើបាតុកម្មទាមទារសមភាព នៅទីលាន តហៀរ (Tahrir Square) ដែលជាចំណុចសំខាន់នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីខែមុន។
បើទោះជាស្ត្រីមានឋានៈខ្ពស់នៅអេហ្ស៊ីប មានភាពជោគជ័យលើមុខអាជីព និងការសិក្សាស្រាវជ្រាវក៏ដោយ ក៏អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា ច្បាប់គ្រួសារ រើសអើងទៅលើពួកគេទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍ ការលែងលះ ការត្រួតត្រា សិទ្ធិថែរក្សា និងសិទ្ធិទទួលកេរមត៌កជាដើម។
លោកស្រី វ័រឡិនថាញ ម៉ូហ្គាដាម (Valentine Moghadam) ជាអ្នកជំនាញខាងការផ្លាស់ប្តូរសង្គម នៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។ លោកស្រី ថ្លែងថា ភាពយោគយល់ខាងវប្បធម៌ រឹតត្បិតដល់ស្ត្រីមានឋានៈទាបជាច្រើនមិនឲ្យទទួលបានការងារ។ លោកស្រី និយាយថា ការងារមានលក្ខណៈអាជីព និងបច្ចេកទេស ដែលត្រូវបានទទួលដោយស្ត្រីថ្នាក់កណ្តាល និងខ្ពស់ត្រូវបានចាត់ទុកថាមានភាពសមរម្យសម្រាប់ស្ត្រីនៅអេហ្ស៊ីប។ ប៉ុន្តែ លោកស្រីបានឲ្យដឹងទៀតថា នយោបាយមិនត្រូវបានចាត់ទុកថាសមរម្យទេសម្រាប់ស្រ្តីក្នុងឋានៈណាក៏ដោយ។ លោកស្រីបន្តថា៖
«ពិភពលោកផ្តល់តម្លៃឲ្យការស្ទង់មតិ ហើយការស្ទាបស្ទង់មតិគ្រប់ប្រភេទពិតជាបានបង្ហាញថា ប្រជាពលរដ្ឋជាច្រើនចាត់ទុកការចូលរួមរបស់ស្ត្រីក្នុងនយោបាយ និងភាពជាមេដឹកនាំនយោបាយ មិនសមស្របទេ ហើយថាបុរសធ្វើជាមេដឹកនាំល្អប្រសើរជាងបុរស»។
លោក អេសាម សារ៉ាហ្វ (Essam Sharaf) នាយករដ្ឋមន្ត្រីថ្មីរបស់អេហ្ស៊ីបបានតែងតាំងសមាជិកជាស្ត្រីតែម្នាក់គត់នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី បើទោះជាលោក បានថ្លែងថាលោក នឹងបង្កើតគណៈកម្មាការមួយ ដើម្បីឲ្យស្ត្រីចូលរួមក្នុងការកសាងប្រទេសឡើងវិញក៏ដោយ។
ប្រទេសអេហ្ស៊ីប បានក្លាយជាប្រទេសអារ៉ាប់ទី១ ដែលបានជ្រើសរើសស្ត្រីម្នាក់ចូលក្នុងរដ្ឋសភា កាលពីឆ្នាំ១៩៥៧។ ប៉ុន្តែ អស់រយៈពេលជិត៥០ឆ្នាំក្រោយមក រដ្ឋសភាពីរថ្នាក់ដែលមានកៅអ៊ីចំនួន៧៨២ មានស្ត្រីតែបួននាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០០៥។ នៅក្នុងឆ្នាំ២០០៩ កៅអ៊ីចំនួន៦៤ ទុកសម្រាប់ស្ត្រីនៅក្នុងសភាជាន់ទាប។
លោកស្រី ម៉ូហ្គាដាម និយាយថាស្រ្តី មិនទទួលបានប្រយោជន៍ក្នុងការបោះឆ្នោតរដ្ឋសភា ក្នុងខែកញ្ញាទេ។ លោកស្រី ថ្លែងថា ស្ត្រីគ្មានពេលវេលាល្មមគ្រប់គ្រាន់ក្នុងការប្រមូលកម្លាំង និងធ្វើឲ្យគេស្តាប់ឮការប្រឆាំងទៅនឹងចលនានយោបាយ ដូចជាអង្គការភាតរភាពមូស្លីម (Muslim Brotherhood) និងក្រុមទាំងឡាយ ដែលជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលមុន។
លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ កាលពីចុងខែមីនាថា ស្ត្រីគួរត្រូវបានរាប់បញ្ចូលក្នុង «ទិដ្ឋភាពទាំងឡាយនៃកំណែទម្រង់នយោបាយ និងស្ថាប័ន» នៅទូទាំងអាហ្វ្រិកខាងជើង និងមជ្ឈឹមបូព៌ា។ លោកស្រីថ្លែងថា គ្មានរដ្ឋាភិបាលណាមួយ អាចទទួលជោគជ័យបានទេ ប្រសិនបើរដ្ឋាភិបាលនោះ ផាត់ចោលប្រជាពលរដ្ឋចំនួនពាក់កណ្តាលរបស់ខ្លួន និងមិនគោរពសិទ្ធិមនុស្សរបស់ពលរដ្ឋគ្រប់រូប។
ស្រ្តីអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកមួយចំនួន បានចេញសេចក្តីសម្រេចចិត្តមួយថ្មីៗនេះ ដោយអំពាវនាវដល់មេដឹកនាំនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ឲ្យដាក់បញ្ចូលស្ត្រីទៅក្នុងកំណែទម្រង់រដ្ឋធម្មនុញ្ញ និងនយោបាយ៕
ប្រែសម្រួលដោយ លី សុខឃាង