ក្រុមបាតុករជាតិអេហ្ស៊ីបដែលបានបញ្ចប់ដំណែងប្រធានាធិបតីរបស់លោក ហូស្នី មូបារ៉ាក់ (Hosni Mubarak) បន្តឋិតនៅក្រោមកេរ្តិ៍ដំណែលអតីតកាលមួយទៀត ដែលជាច្បាប់គ្រាមានអាសន្នសម្រាប់មនុស្សគ្រប់រូប។ មិនដូចគ្នានិងលោកមូបារ៉ាក់ទេដែលត្រូវបានកាត់ទោសនៅក្នុងតុលាការស៊ីវិល ជនស៊ីវិលរាប់ពាន់នាក់ត្រូវប្រឈមមុខនឹងតុលាការសឹកទៅវិញ។
ការបញ្ចប់ច្បាប់គ្រាមានអាសន្ននៅប្រទេសអេហ្ស៊ីបបានក្លាយទៅជាការទាមទារដ៏សំខាន់មួយរបស់ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយក្រុមអ្នកដឹកនាំខាងយោធានាពេលបច្ចុប្បន្ននេះថ្លែងថា ពួកគេកំពុងពិចារណាអំពីការលប់ចោលច្បាប់នេះ។
ប៉ុន្តែក្រុមសិទ្ធិមនុស្សអះអាងថា សកម្មភាពនិយាយឭជាងពាក្យសម្តី ហើយកត់សម្គាល់ទៀតថា ប្រជាពលរដ្ឋអេហ្ស៊ីបប្រហែល១ម៉ឺននាក់ត្រូវនាំទៅឡើងតុលាការសឹកក្នុងរយៈពេលប៉ុន្មានខែនេះ ចាប់តាំងពីការបះបោរក្នុងខែមករា។ ពួកគេនិយាយថាតួលេខនោះគឺច្រើនជាងក្នុងអំឡុងពេលនៃរបបគ្រប់គ្រងរយៈពេល២៩ឆ្នាំរបស់លោក មូបារ៉ាក់ ទៅទៀត។
រដ្ឋាភិបាលបានឆ្លើយតបវិញថា តុលាការសឹកដែលទទួលការអនុញ្ញាតឲ្យកាត់ទោសជនស៊ីវិលនៅក្រោមច្បាប់គ្រាមានអាសន្ន ឥឡូវនេះ ត្រូវបានប្រើតែចំពោះឧក្រិដ្ឋជនធម្មតា ដែលបំផ្លាញសន្តិសុខជាតិក្នុងអំឡុងភាពចលាចលខាងនយោបាយប៉ុណ្ណោះ។ នេះជាចំណុចមួយ ដែលត្រូវបានបដិសេធយ៉ាងដាច់អហំការពីសំណាក់ក្រុមសកម្មជននយោបាយ មានដូចជាលោក អ៊ីប្រាហ៊ីម អេលហូដាយប៊ី (Ibrahim El Houdaiby) ជាដើម។
«អ្នកទាំងនោះមិនមែនជាជនអន្ធពាលដែលនឹងត្រូវកាត់ទោសដោយតុលាការសឹកនោះឡើយ។ អ្នកទាំងនោះគឺជាមិត្តភក្តិរបស់យើង សមមិត្តរបស់យើង និងបងប្អូនប្រុសស្រីរបស់យើង ជាមនុស្សដែលបានធ្វើបាតុកម្មនៅតាមដងផ្លូវ ជាមនុស្សដែលបានធ្វើសកម្មភាពដ៏មមាញឹក ហើយបានបណ្តេញអតីតប្រធានាធិបតីមូបារ៉ាក់ចេញពីអំណាច»។
ធម្មជាតិនៃការរក្សាការសម្ងាត់របស់តុលាការសឹក ធ្វើឲ្យពិបាកដឹងអំពីស្ថានភាពពិតប្រាកដរបស់រឿងក្តីនីមួយៗ។ ចុងចោទភាគច្រើនគ្មានសិទ្ធិទទួលបានមេធាវីឬអ្នកផ្សេងទៀតនៅខាងក្រៅទេ។
ជាការពិតណាស់ អំពើឧក្រិដ្ឋហាក់ដូចជាត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងពេលមានការបះបោរមែន ដែលហេតុការណ៍នេះត្រូវបានមនុស្សរាប់លាននាក់មើលឃើញក្នុងរយៈពេលពិតប្រាកដនៅទូទាំងពិភពលោក។
ប៉ុន្តែមនុស្សទាំងនោះក៏បានឃើញផ្ទាល់ភ្នែកដែរ នូវការប្រមូលផ្តុំក្រុមបាតុករនយោបាយ ក្នុងអំឡុងពេលមានការវាយប្រហារទៅលើបាតុកម្មអង្គុយតវ៉ានៅទីលានតាហៀរ (Tahrir Square) កាលពីប៉ុន្មានខែថ្មីៗនេះ និងនៅក្នុងបាតុកម្មខាងក្រៅស្ថានទូតអ៊ីស្រាអែលនៅខែឧសភា។
លោក អេល ហូដាយប៊ី (El Houdaiby) សកម្មជននយោបាយ យល់ឃើញថាជារឿងគួរឲ្យខឹងសម្បារចំពោះការពឹងផ្អែកទៅលើតុលាការសម្រាប់រឿងក្តីទាំងនេះ បើគេពិនិត្យមើលទៅការប្រព្រឹត្តទៅលើសមាជិកនៃក្រុមឆ្មាំចាស់។
«ប្រសិនបើអតីតប្រធានាធិបតី មូបារ៉ាក់ ដែលតាមការចោទប្រកាន់បានសម្លាប់ពលរដ្ឋអេហ្ស៊ីបជាង៨០០នាក់ បានចេញបញ្ជាឲ្យសម្លាប់ពលរដ្ឋអេហ្ស៊ីបជាង៨០០នាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមិននិយាយដល់រយៈពេល៣០ឆ្នាំ និងឧក្រិដ្ឋកម្មនៅក្នុងពេលនោះទេ ឥឡូវនេះកំពុងឡើងតុលាការស៊ីវិលទៅវិញ។ វាជាការមិនអាចយល់បានទាល់តែសោះ ថាយើងនឹងយល់ព្រមឲ្យជនស៊ីវិលទាំងនោះប្រឈមមុខទៅនឹងការកាត់ទោសនៅក្នុងតុលាការសឹក»។
ក្រុមសកម្មជនមួយ ដែលពណ៌នាខ្លួនឯងថាជាក្រុម«ទេចំពោះតុលាការសឹក» ឬហៅជាភាសាអង់គ្លេសថា «No to Military Tribunals» បានជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលដើម្បីទាមទារថា គ្រប់រឿងក្តីស៊ីវិលទាំងអស់ត្រូវតែដកចេញពីតុលាការសឹក ដែលមានបទដ្ឋានទាបក្នុងការកាត់ឲ្យមានទោស និងរាំងខ្ទប់ដល់ដំណើរការប្តឹងឧទ្ធរណ៍ថែមទៀត។
នៅក្នុងរឿងក្តីមួយចំនួន រដ្ឋត្រូវបានបង្គាប់ឲ្យធ្វើតាម។ ប៉ុន្តែរឿងក្តីភាគច្រើនរបស់អ្នកដែលត្រូវបានចាប់ខ្លួន ស្ថិតនៅក្នុងប្រព័ន្ធយោធា ដែលគ្រាន់តែការឃុំខ្លួនផ្ទាល់ ក៏បាននាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ថា អ្នកដែលត្រូវបានចាប់ខ្លួននៅក្រោមច្បាប់គ្រាមានអាសន្ន អាចប្រឈមមុខទៅនឹងការបំពារបំពានរបស់រដ្ឋាភិបាលមុន ជាពិសេសការវាយដំ និងអំពើទារុណកម្ម។ ក្រុមអជ្ញាធរបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបែរទៅការពារការប្រព្រឹត្តប្រកបដោយភាពចម្រូងចម្រាស់មួយ គឺការត្រួតពិនិត្យមើលទៅលើអ្វីដែលត្រូវបានហៅថាជា «ការធ្វើតេស្តព្រហ្មចារី» ទៅលើអ្នកទោសស្រី។ ក្រុមសកម្មជនថ្កោលទោសការប្រព្រឹត្តបែបនោះថាជាការរំលោភសិទ្ធិមនុស្ស។ ក្រុមមន្ត្រីថ្លែងថា ទង្វើនោះគឺដើម្បីការពារបុគ្គលិកសន្តិសុខមិនឲ្យទទួលរងនូវការចោទប្រកាន់អំពីបទរំលោភផ្លូវភេទ។
លោក សាអ៊ីឌ សាដេគ (Said Sadek) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យអាមេរិកាំង (American University) នៅទីក្រុងគែរ មានប្រសាសន៍ថា សកម្មភាពរបស់រដ្ឋាភិបាលស្តីទីគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ក្នុងពេលដែលអស្ថិរភាពកំពុងបន្តកើតឡើង និងបង្ហាញថា សូម្បីតែបន្ទាប់ពីបដិវត្តន៍នោះ ក៏វប្បធម៌នយោបាយហាក់ដូចជាមានភាពយឺតយ៉ាវក្នុងការសម្របសម្រួល។
«ពួកគេនៅតែប្រើប្រាស់កលល្បិចចាស់របស់របបមុនដើម្បីព្យាយាមបំភ័យប្រជាពលរដ្ឋមិនឲ្យចេញទៅធ្វើបាតុកម្មតាមផ្លូវទៀត។ គេត្រូវការពេលយូរថែមទៀត ទម្រាំវប្បធម៌នយោបាយនេះអាចផ្លាស់ប្តូរ។ ហើយខ្ញុំគិតថា ប្រសិនបើច្បាប់គ្រាមានអាសន្នត្រូវបានដកចេញ ហើយអ្នកមានរដ្ឋសភាតាមរយៈការបោះឆ្នោត រដ្ឋធម្មនុញ្ញថ្មី គណៈរដ្ឋមន្ត្រីអចិន្ត្រៃយ៍ និងប្រធានាធិបតីតាមរយៈការបោះឆ្នោត ប្រព័ន្ធនយោបាយថ្មីនេះនឹងកាន់តែមានលក្ខណៈប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាងមុន»។
យ៉ាងឆាប់បំផុត អនាគតបែបនោះប្រហែលអាចកើតមានឡើងនៅក្នុងពេលជាច្រើនខែទៅមុខទៀត ដែលនឹងបន្សល់ទុកឲ្យមនុស្សជាច្រើននាក់ដែលបានប្រយុទ្ធដើម្បីប្រទេសអេហ្ស៊ីបថ្មីមួយ នៅតែទទួលរងនូវការរំលោភហួសហេតុបំផុតតាមរបៀបចាស់ដដែល៕
ប្រែសម្រួលដោយ លី សុខឃាង