ក្រុងឡឺគែរ៖ ក្រុមយោធានៃប្រទេសអេហ្ស៊ីព បានលាតត្រដាងពេលវេលាសម្រាប់ការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតមួយ។
ក្រុមយោធានៃប្រទេសអេហ្ស៊ីពបាននិយាយថា ពួកគេនឹងគ្រប់គ្រងប្រទេស៦ខែ រហូតដល់មានការបោះឆ្នោត។ ក៏ប៉ុន្តែ ការតវ៉ា បាតុកម្មអង្គុយនិងកូដកម្ម បានរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសអេហ្ស៊ីពមានសភាពធម្មតាវិញ ក្រោយពីលោកប្រធានាធិបតី Hosni Mubarak បានចុះចេញពីតំណែង។
ថ្ងៃអង្គារជាថ្ងៃបុណ្យសាធារណៈសម្រាប់ថ្ងៃខួបកំណើតព្យាការី Muhammad។ ធនាគារបិទទ្វារ ហើយផ្សារលក់ដូរហ៊ុននៃប្រទេសអេហ្ស៊ីពក៏បិទទ្វារដែរ។ ពួកអ្នកគ្រប់គ្រងយោធាបានចេញផ្សាយសេចក្តីថ្លែងការណ៍សុំឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ជាមួយពួកគេ។
អ្នកនាំពាក្យម្នាក់និយាយថា ប្រជាពលរដ្ឋនិងសហជីពគួរចាត់ការឱ្យបានល្អប្រសើរបំផុតដើម្បីបង្កើតបរិយាកាសមួយដែលអនុញ្ញាតឱ្យក្រុមយោធាគ្រប់គ្រងប្រទេសក្នុងពេលដ៏ពិបាកនេះ រហូតដល់ពេលដែលអំណាចនឹងត្រូវប្រគល់ឱ្យពួកជនស៊ីវិលដែលជាប់ឆ្នោត។
គណៈកម្មាធិការឯករាជ្យមួយកំពុងព្រាងការកែប្រែរដ្ឋធម្មនុញ្ញដែលក្រុមយោធាបានសន្យាថា នឹងគាំទ្រ។ គេរំពឹងថា សាធារណជននឹងបោះឆ្នោតអំពីវិសោធនកម្មទាំងនេះក្នុងរយៈពេលពីរខែទៀត៕
ប្រែសម្រួលដោយ ឈឹម សុមេធ