ទីក្រុងឡឺគែរ៖ ភាពទាល់ច្រកក្នុងប្រទេសអេហ្ស៊ីប (Egypt) នៅតែមានតទៅទៀត ដោយមានក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានបោះជំរុំនៅក្នុងទីលាន តាហ៍រីរ៍ (Tahrir) នៃទីក្រុងឡឺគែរ នៅពេលដែលផ្នែកឯទៀតៗនៃក្រុងនេះវិលត្រទ្បប់ទៅកាន់សភាពធម្មតាវិញ។
កាលពីថ្ងៃអង្គារ ក្រុមបាតុករបាននិយាយថា ពួកគេប្រុងប្រៀបរួចជាស្រេចហើយសម្រាប់ការប្រយុទ្ធថ្មីមួយដើម្បីទាក់ទាញមនុស្សថែមទៀតឱ្យមកកាន់ទីលាន តាហ៍រីរ៍ ដើម្បីចូលរួមក្នុងការអំពាវនាវឱ្យមានការបណ្តេញលោកប្រធានាធិបតី ហូស្នី មូបារ៉ាក ឱ្យចេញពីតំណែង។ បុរសនេះបាននិយាយនៅពេលគាត់ចាកចេញពីទីលាន តាហ៍រៀរ។ គាត់បានថ្លែងប្រាប់វីអូអេថា គាត់ហត់នឿយនឹងបាតុកម្ម ដែលនៅពេលនេះចូលដល់ថ្ងៃទី១៥ហើយ។
បុរសនេះនិយាយថា ជាការពិត គាត់ចង់ឱ្យជីវភាពវិលត្រទ្បប់មកកាន់សភាពធម្មតាវិញ ហើយគាត់ថ្លែងថា គាត់មិនដឹងទេថាតើ នៅពេលណាទើបចលាចលនេះនឹងចប់។ គាត់ពោលថា ស្ថានការណ៍នេះទំនងជានឹងមានតទៅទៀតក្នុងរយៈពេលយូរ។
អ្នកខ្លះនិយាយថា រដ្ឋាភិបាលមានជោគជ័យ យ៉ាងហោចណាស់នៅពេលនេះ ដើម្បីពន្យាពេលដោយបានធ្វើសម្បទានបន្ថែម ហើយសម្បទានថ្មីៗបំផុតមានរួមបញ្ចូលការតម្លើងប្រាក់បៀវត្ស និងប្រាក់ចូលនិវត្តន៍សម្រាប់ក្រុមបុគ្គលិកផ្នែកសាធារណៈ។
លោកប្រធានាធិបតីមូបារ៉ាក់បានមានប្រសាសន៍រួចស្រេចហើយថា លោកនឹងចាកចេញ ដោយលោកមិនស្វះស្វែងឱ្យជាប់ឆ្នោតជាថ្មីក្នុងខែកញ្ញាទេ ហើយអ្នកខ្លះក្នុងក្រុមប្រឆាំងបានយល់ស្របជាមួយលោកថា អន្តរកាលគួរតែធ្វើជាលំដាប់ និងដោយសន្តិវិធី។
ក្រុមបាតុករថ្លែងថា ពួកគេនឹងមិនបោះបង់ការប្រយុទ្ធរបស់ពួកគេដើម្បីឱ្យលោកមូបារ៉ាក់ចាកចេញពីតំណែងក្នុងពេលឆាប់ៗនេះ។
ធនាគារបានបើកទ្វារជាថ្មីក្នុងសប្តាហ៍នេះ ហើយមនុស្សច្រើននាក់បានវិលត្រទ្បប់ទៅធ្វើការវិញជាលើកដំបូងក្នុងរយៈពេលជាងមួយសប្តាហ៍មកហើយ។
ប្រែសម្រួលដោយ ឈឹម សុមេធ