ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឆាំង​អេហ្ស៊ីប​មិន​ជឿ​ថា​កិច្ច​ពិភាក្សា​នឹង​ដោះ​ស្រាយ​វិបត្តិ​បាន​ទេ​


ក្រុមបាតុករប្រឆាំង​រដ្ឋាភិបាល​​អេហ្ស៊ីប និងពួក​ Muslim​ Brotherhood បន់ស្រន់​នៅលើទីលានតាហ៍រៀរ ក្នុង​ទីក្រុង​ឡឺគែរ។​
ក្រុមបាតុករប្រឆាំង​រដ្ឋាភិបាល​​អេហ្ស៊ីប និងពួក​ Muslim​ Brotherhood បន់ស្រន់​នៅលើទីលានតាហ៍រៀរ ក្នុង​ទីក្រុង​ឡឺគែរ។​

ទីក្រុងឡឺគែរ៖ ក្រោយ​ពី​មាន​បាតុកម្ម​ដ៏​ធំធេង​ដែល​មាន​រយៈពេល​១៤​ថ្ងៃ​ប្រឆាំង​នឹង​លោក​ លោក​ប្រធានាធិបតី​ Hosni ​Mubarak​ នៃ​ប្រទេស ​Egypt​ នៅ​តែ​កាន់​អំណាច​តទៅទៀត​ ហើយ​ក្រុមប្រឆាំង​សង្ស័យ​ថា​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​លោក​នឹង​មិន​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​ទេ។

ចំនួន​ពួកគេ​មាន​តិច​ជាង​ពី​ពេលមុន​ ក៏ប៉ុន្តែ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ប្រឆាំង​នឹងលោក​មូបារ៉ាក់​ដែល​បោះ​ជំរុំ​នៅ​លើ​ទីលាន​ Tahrir​ នៃ​ក្រុង​ Le Caire ​និយាយ​ថាពួកគេ​នឹង​មិន​បោះបង់​ចោល​ការប្រយុទ្ធ​របស់​ពួកគេ​ទេ​រហូត​ដល់​មេដឹកនាំ​រូប​នេះ​នៃ​ប្រទេស​ Egypt ​ដែល​កាន់​តំណែង​ជិត​៣០​ឆ្នាំ​មកហើយ​ចុះចេញ​ពី​តំណែង។

ក្រុម​ប្រឆាំង​និយាយ​ថា​កិច្ចចរចា​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​លោកប្រធា​នា​ធិបតី​មូបារ៉ាក់​កាល​ពី​ថ្ងៃអាទិត្យ​មិនបាន​ទទួល​លទ្ធផល​ជាក់ស្តែងទេ។​ ពួកគេ​ថ្លែង​ថា​ការសន្ទនាគ្នា​មិន​ទាន់​ចប់​នៅ​ទ្បើយ​ទេ​ ក៏ប៉ុន្តែ​ពួកគេ​រង់ចាំ​ឱ្យ​ពួក​មេដឹកនាំ​ប្រទេស​ធ្វើ​សម្បទាន​នៅ​មុន​ពួកគេ​បញ្ឈប់​បាតុកម្ម។​ ពួក​ Muslim​ Brotherhood​ ដែល​បាន​ត្រូវ​ហាមប្រាម​បាន​យល់ព្រម​ចូលរួម​ក្នុង​កិច្ចចរចា​នេះ​ជា​លើក​ដំបូង។

លោក​ប្រធានាធិបតី​មូបារ៉ាក់​បាន​ធ្វើ​សម្បទាន​កាល​ពី​សប្តាហ៍​មុន​ដែល​មាន​រួមបញ្ចូល​ការ​តែង​តាំង​អនុ​ប្រធានាធិបតី​ម្នាក់​ ការប្រកាស​របស់​លោក​ថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំ​នេះ​ទេ​ ហើយ​ពួក​មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណៈបក្ស​លោក​ក៏​បាន​លាលែង​ចេញ​ពី​តំណែង​ផង​ដែរ។

ក្រុម​បាតុករ​និង​មនុស្ស​ខ្លះ​ក្នុង​ចំណោម​ពួកប្រឆាំង​ចង់​ឱ្យ​លោក​មូបារ៉ាក់​ចាកចេញ​ពី​អំណាច​-និង​ពី​ប្រទេស​-ជា​បន្ទាន់។កាល​ពី​ថ្ងៃច័ន្ទ​ ជនជាតិ​ Egypt​ បាន​ងើប​ពី​ដំណេក​ជាមួយ​ភាព​តានតឹង​មួយ​ថ្ងៃទៀត​ ក៏ប៉ុន្តែ​សញ្ញា​នៃ​ភាព​ធម្មតា​បាន​វិលត្រទ្បប់​មក​វិញ​យ៉ាង​យឺតៗ​ក្នុង​រដ្ឋធានី។​ ធនាគារ​បាន​បើក​ទ្វារ​ជាថ្មី​ទ្បើងវិញ​ក្រោយ​ពី​បាន​បិទ​ទ្វារ​ជា​ច្រើន​ថ្ងៃ​ហើយ​មាន​ចរាចរ​ណែនក្តន់​នៅ​ក្នុង​វិថី​នានា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ពីព្រោះ​ប្រជារាស្ត្រវិលត្រទ្បប់​ទៅ​ធ្វើការ​វិញ៕

ប្រែ​សម្រួល​ដោយ​ឈឹម​ សុមេធ

XS
SM
MD
LG