ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ្ស៊ីព​អបអរ​សាទរ​ការ​លះបង់​អំណាច​ដោយ​លោក​Hosni Mubarak


ទាហាន​អេហ្ស៊ីព​ថើប​ក្មេង​នៅទីលាន​​Tahrir ​ទីក្រុងគែរ ប្រទេស​​អេហ្ស៊ីព​ថ្ងៃ១១​ កុម្ភៈ ​២០១១។​
ទាហាន​អេហ្ស៊ីព​ថើប​ក្មេង​នៅទីលាន​​Tahrir ​ទីក្រុងគែរ ប្រទេស​​អេហ្ស៊ីព​ថ្ងៃ១១​ កុម្ភៈ ​២០១១។​

ក្រុងគែរ៖ ពលរដ្ឋ​អេហ្ស៊ីព​កំពុង​ប្រារព្ធ​ពិធី​អបអរ​សាទរ​នៅ​ថ្ងៃ​ទី២​ បន្ទាប់ពី​លោក​Hosni ​Mubarak​លាលែង​ពី​តំណែង​ប្រធានាធិបតី។ ​ទោះជា​យ៉ាងណាក្តី​ ខណៈ​ដែល​បាតុករ​បាន​ស្ងប់ចិត្ត​នោះ​ ​គេ​ក៏​មាន​ចម្ងល់​អំពី​នយោបាយ​នាពេល​អនាគត​របស់​រដ្ឋ​ក្នុង​ពិភព​អារ៉ាប់​ដែល​មាន​ប្រជា​ពលរដ្ឋ​ដ៏​ច្រើន​នេះ​ដែរ។

នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ ​រដ្ឋធានី​ប្រទេស​អេហ្ស៊ីព​មាន​សភាព​ស្ងប់ស្ងាត់​ជាថ្មី។​ នៅ​ទីលាន​Tahrir​មិន​សូវ​មាន​មនុស្ស​ទេ​ ​ប៉ុន្តែ​នៅ​មាន​អ្នក​ខ្លះ​បន្ត​អបអរ​នៅ​ទីនោះ​ ​ក្រោយពី​បាតុកម្ម​អស់​ពេល​១៨​ថ្ងៃ​ ​បង្ខំ​ឲ្យ​អ្នក​គ្រប់គ្រង​ប្រទេស​នេះ​ជិត​៣០​ឆ្នាំបាន​សុខចិត្ត​ចុះចេញ​ពី​អំណាច។

ក្រោយ​ពី​លោក​ Mubarak​ បាន​ចាកចេញ​ទៅ​រមនីយ​ដ្ឋាន​ Sharm ​el​ Shieks​ នៅសមុទ្រ​ក្រហម​នៃ​ប្រទេស​អេហ្ស៊ីព​ ​ និង​ក្រោយ​ពី​ការ​លាលែង​ពី​តំណែង​របស់លោក​បាន​ប្រកាស​តាម​ទូរទស្សន៍​រដ្ឋ​មក​នោះ​ ​បាតុករ​ក៏​បាន​ស្ងប់ចិត្ត។

«យើង​សប្បាយ​ចិត្ត​ ពីព្រោះ​យើង​នឹង​មាន​សេរីភាព​ ក្រោយពី​បាត់បង់​សិទ្ធិ​ជា​ច្រើនឆ្នាំ​កន្លង​មក។ ​យើង​សប្បាយ​ចិត្ត។​ គ្មាន​អ្នក​ណា​ចង់​ឲ្យ​គាត់​នៅ​បន្ត​កាន់​អំណាច​ទេ។ ​ គាត់​ត្រូវតែ​លាឈប់។ ​គាត់​ទើប​តែ​លះបង់​អំណាច​កាល​ពី​យប់មិញ​នេះ​ គឺ​ពេល​យប់​ជ្រៅ»។

កងទ័ព​បាន​កាន់កាប់​រដ្ឋាភិបាល​ ​ហើយ​បាន​សន្យា​ថា​ ​នឹង​បន្ត​គ្រប់គ្រង​ប្រទេស​ក្នុង​តំណាក់​កាល​អន្តរកាល​ ដែល​នឹង​នាំ​ទៅរក​កំណែ​ទម្រង់​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​រួមមាន​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌។​ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃសៅរ៍​នេះ​ មិន​ទាន់​មាន​ផែនការ​លម្អិត​អំពី​អន្តរកាល​ទៅ​រក​កំណែ​ទម្រង់​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​នេះ​ទេ។

អ្នក​ដែល​នៅ​បន្ត​អបអរ​សាទរ​នៅ​ទីលាន​Tahrir​ ​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ឡើយ​ និយាយ​ថា​ ​ឥឡូវ​នេះ​គេ​ពឹង​ផ្អែក​លើ​កងទ័ព​ដដែល​ ដែល​ពីមុន​គ្រប់គ្រង​ប្រទេស​នេះ​ជាមួយ​លោក​Mubarak ​អំឡុង​ពេល​មាន​ការ​តវ៉ា​ដ៏​ច្របូក​ច្របល់​ ឲ្យ​ដឹក​នាំ​ប្រទេស​អេហ្ស៊ីព​ទៅ​រក​សករាជ​ថ្មី ​ប្រសើរ​ឡើង។

បាតុកម្ម​នោះ​មាន​ប្រសិទ្ធិភាព​ណាស់​ ​ក៏​ប៉ុន្តែ​នៅ​ទីបំផុត​ ​បាតុកម្ម​នោះ​ហាក់​ដូចជា​មិនមាន​ការ​ដឹក​ ​រួបរួម​គ្នា​ទេ។

អនាគត​ប្រទេស​អេហ្ស៊ីព​ហាក់​ដូចជា​មិន​ច្បាស់លាស់​ ដូច​ពី​មុន​ដែរ៕

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG