បន្ទាប់ពីមិនបានបញ្ជូនសិស្សពូកែផ្នែកគណិតវិទ្យាទៅចូលរួមប្រកួតនៅប្រទេសហូឡង់ ក្រសួងអប់រំត្រូវបានរកឃើញថា មិនបានបញ្ជូនសិស្សពូកែទៅប្រកួតនៅបរទេសចំនួន១១នាក់ហើយដែលក្នុងនោះរួមមានសិស្សពូកែផ្នែកគណិតវិទ្យានិងរូបវិទ្យា។ នេះបើតាមការបញ្ជាក់របស់គ្រូបង្រៀនមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះ។ លោកគ្រូម្នាក់នេះបញ្ជាក់ប្រាប់វីអូអេខ្មែរថា៖
«កាលពីខែមុនមានការប្រឡងរូបវិទ្យា ដែលត្រូវទៅប្រឡងនៅប្រទេសអ៊ីស្រាអែល។ គេអត់បានបញ្ជូនទៅ»។
សិស្សពូកែផ្នែករូបវិទ្យាចំនួន៥នាក់បើតាមគម្រោងនឹងត្រូវបញ្ជូនទៅប្រឡងនៅអ៊ីស្រាអែលកាលពីដើមខែមិថុនា កន្លទៅនេះក៏ប៉ុន្តែបានខកខានទៅវិញ។ ក្រសូងអប់រំបានជូនដំណឹងប្រទេសហូឡង់កាលពីពេលថ្មីៗនេះថា ខ្លួនមិនបានបញ្ជូនសិស្សទៅចូលរួមប្រឡងគណិតវិទ្យាទេ តែក៏មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ដែរ។
ហូឡង់គ្រោងនឹងរៀបចំការប្រឡងប្រជែងសិស្សពូកែគណិតវិទ្យាជាលក្ខណៈអន្តរជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ នេះដោយមានសិស្សចំនួន១០០ប្រទេសចូលរួម ដែលក្នុងនោះមានកម្ពុជាផងដែរ។ ការប្រកាសលុបចោលនេះបានធ្វើឲ្យសិស្សដែលបានរៀនត្រៀមខកចិត្ត និងបានរិះគន់ក្រសួងអប់រំថា មិនបានយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសឲ្យពួកគេបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។
រហូតមកដល់ថ្ងៃពុធនេះ មិនមានការបញ្ជាក់ណាមួយពីក្រសួងអប់រំអំពីមូលហេតុនៃការមិនបញ្ជូនសិស្សពូកែទៅប្រឡងនៅបរទេសនៅឡើយទេ។ លោក អ៊ឹម សិទ្ឋី រដ្ឋមន្ត្រីក្រសួងអប់រំមិនអត្ថាធិប្បាយទេ ដោយលោកបានបញ្ជាក់ថា លោកកំពុងជាប់រវល់ប្រជុំ។
«ជាប់ប្រជុំ។ យើងធ្វើការងារ។ មកសម្ភាសន៍ស្អី»។
ខណៈដែលក្រសួងអប់រំមិនបានបញ្ជូនសិស្សទៅប្រឡងសិស្សពូកែនៅបរទេសនោះ មន្ត្រីរបស់ក្រសួងមួយចំនួនត្រូវបានចោទប្រកាន់ថា មិនបានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សផ្នែកគណិតវិទ្យាចំនួនប្រាំមួយរូបដែលបានមករៀនបំប៉នបន្ថែមនៅក្នុងរដ្ឋធានីភ្នំពេញចាប់ពីដើមខែមករារហូតដល់ចុងខែមិថុនា។
លោកគ្រូបង្រៀនមួយរូបដែលស្នើមិនបញ្ចេញឈ្មោះបានបញ្ជាប់ថា សម្រាប់សិស្សដែលត្រូវមករៀនបំប៉នបន្ថែមនឹងត្រូវបានប្រាក់ឧបត្ថមចំនួន២០ដុល្លារក្នុងមួយថ្ងៃសម្រាប់ម្នាក់ៗ។ ក៏ប៉ុន្តែមន្រ្តីរបស់ក្រសួងអប់រំបានផ្តល់ប្រាក់សម្រាប់តែថ្លៃបាយបីពេលតែប៉ណ្ណោះ។ លោកគ្រូបានបន្ថែមថា បើគិតចំនួនសិស្សប្រាំមួយនាក់ក្នុងរយៈពេលប្រាំមួយខែ សិស្សទាំងនោះត្រូវបាត់បង់ប្រាក់ចំនួនជាង២០.០០០ដុល្លារអាមេរិក។ លោកគ្រូបានប្រាប់វីអូអេថា៖
«នៅក្នុងស្រុក នៅពេលដែលគេឲ្យសិស្សមកបំប៉ននៅភ្នំពេញ ខ្ញុំលួចសួរគេទើបដឹងថា គេបានចុះហត្ថលេខាពីរតនាគារជាតិម្នាក់បាន២០ដុល្លារជារៀងរាល់ថ្ងៃ។ ប៉ុន្តែអ្វីដែលយើងទទួលបានសិស្សម្នាក់ទទួលបានមួយថ្ងៃបាយបីពេល ហើយការធ្វើដំណើរទៅបំប៉ននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹង គេចូលលុយគ្នាជិះទុកៗ»។
លោកគ្រូដែលសុំមិនបញ្ចេញឈ្មោះ ដោយហេតុផលសន្តិសុខនោះបានបញ្ជាក់ថា មិនដឹងប្រាក់ឧបត្ថម្ភទាំងអស់នោះ ក្រសួងអប់រំមិនផ្តល់ឲ្យ ឬក៏ខាងរតនាគារមិនទាន់បញ្ជូនឲ្យ។ ប៉ុន្តែលោក កែ ប៊ុនឡេង ប្រធានរតនាគាក្រុងភ្នំពេញបានបញ្ជាក់ថា លោកបានចុះហត្ថលេខាបញ្ជូនចេញរួចរាល់ហើយរាល់ប្រាក់ឧបត្ថម្ភផ្សេងៗរបស់ក្រសួងអប់រំ។ លោកបញ្ជាក់ថា៖
«បញ្ហារឿងលុយ ពេលមកដល់ ខ្ញុំជូនហើយ។ ខ្ញុំមកនៅនេះ១១ឆ្នាំហើយ។ ខ្ញុំមិនដឹងគៀងគរយកលុយហ្នឹងទៅទុកធ្វើអ្វី។ អត់ទេ។ រឿងប្រាក់ខែ រឿងប្រាក់ម៉ោង រឿងប្រាក់ឧបត្ថម្ភទៅរៀននេះគេហៅថាប្រាក់អាហារូបករណ៍របស់និស្សិត។ អញ្ចឹងទេអត់ទេ។ អត់មានលុយអញ្ចឹង អាចថាទើនៅនឹងក្រសួងក៏មិនដឹង»។
លោកប៊ុនឡេងបានបញ្ជាក់ទៀតថា លោកមិនដែលធ្វើឲ្យរាំងស្ទះដល់ប្រាក់ដែលត្រូវបញ្ជូនចេញនោះទេ៕