ទីក្រុងអិនទ័រប្រាយស៍៖ ខណៈដែលទីក្រុងជាច្រើននៅក្នុង សរអ រងទុក្ខវេទនាដោយសារដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច ទីក្រុងមួយនៃតំបន់ភាគខាងត្បូងក្នុងរដ្ឋអាឡាបាមា មានដំណើរការប្រសើរគួរឲ្យសរសើរ។ ទីក្រុងអិនទ័រប្រាយស៍ (Enterprise) បានអនុវត្ដន៍មេរៀនសេដ្ឋកិច្ចមួយនៅដើមសតវត្សរ៍នេះ ដែលបានមកពីសត្វល្អិតកសិកម្មមួយហៅ បូល វីវិល (boll weevil)។
ដូចទីក្រុងតូចអាមេរិកកាំងជាច្រើនដែរ ទីក្រុងអិនទ័រប្រាយស៍ (Enterprise) នៃរដ្ឋ Alabama បានសង់វិមានមួយនៅចំកណ្ដាលផ្លូវធំ។ វិមាននេះ មានរូបចម្លាក់ស្រ្ដីម្នាក់ស្លៀកសំពត់សមានសក់វែង។ ដៃរបស់នាង លើកឡើងលើ ចង្អុលទៅរកមេឃ រួចនៅដៃនាងមានកាន់សត្វល្អិតពណ៌ខ្មៅដ៏ធំមួយ។
នេះជាសត្វល្អិតបូល វីវិល (boll Weevil) ពណ៌ត្នោត មានប្រមោយវែង។ តាមទំហំធម្មជាតិ វាជាសត្វល្អិតដ៏តូចមួយ។ ជិតមួយសតវត្សរ៍មកហើយ សត្វល្អិតនោះបានបំផ្លាញដំណាំកប្បាស ២ ភាគ ៣ ក្នុងតំបន់។ តែក្រោយមក ទីក្រុង បានសង់វិមានមួយដើម្បីផ្ដល់កិត្តិយសដល់សត្វល្អិតនោះ។
«នេះ ជារឿងគួរឱ្យអស់សំណើចមួយ»។
ប្រវត្ដិវិទូក្នុងស្រុក Scott Smith និយាយថា៖
«តែសត្វល្អិតដែលបណ្ដាលឲ្យមានការលំបាកសេដ្ឋកិច្ចច្រើនសន្ឋឹកនោះ ផ្ទុយទៅវិញវានាំឲ្យមានការផ្លាស់ប្ដូរដ៏ខ្លាំងសម្បើមក្នុងការធ្វើកសិកម្ម ដែលបាននាំឲ្យមានវិបុលភាពដល់តំបន់ផងដែរ»។
នៅពេលដែលសត្វល្អិត Boll weevils បំផ្លាញដំណាំកប្បាសនៅឆ្នាំ ១៩១៥ វាបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ។ តែមុននេះ កប្បាសធ្លាប់ជាដំណាំធំជាងគេបង្អស់របស់តំបន់។ ការរាលដាលជម្ងឺបំផ្លាញកប្បាស បានផ្ដល់ឲ្យកសិករក្នុងដំបន់នូវឱកាសមួយដើម្បីសាកល្បងអ្វីមួយថ្មី។ គេដាំដំណាំមួយទៀត ដែលសត្វល្អិត បូល វីវិល មិនអាចបំផ្លាញបាន គឺដើមសណ្ដែកដី។
សព្វថ្ងៃនេះ មិនឆ្ងាយពីវិមានរូបចម្លាក់សត្វល្អិត បូល វីវិល គេឃើញមានឧបករណ៍ម៉ាស៊ីនបង្វិល បញ្ជូនសណ្ដែកដីច្រើនសន្ឋឹកសម្រាប់បំបែកយកគ្រាប់រួចកិន ធ្វើឡើងដោយ ក្រុមហ៊ុន Sessions Company។ លោកMo Sessions ជាប្រធានរបស់ក្រុមហ៊ុន និយាយថា៖
«ជីលួតជីលា របស់ខ្ញុំបានដឹងថា សណ្ដែកដីជាដំណាំជំនួសកប្បាស។ ដូច្នេះហើយ គាត់បានផ្ដល់ពូជសណ្ដែកដី ហើយយកទៅដាំ នៅរដូវក្ដៅនៃឆ្នាំ១៩១៦។ ចាប់តាំងពីពេលនោះមក គ្រួសាររបស់ខ្ញុំទាំងអស់ បានចាប់ផ្ដើមមុខរបរដាំដើមសណ្ដែកដី»។
ជីលួតជីលារបស់លោកសេសិន ជាមនុស្សមុនគេដែលបានលក់សណ្ដែកដី ហើយបានទទួលប្រាក់ចំណេញ នៅក្នុងក្រុង អិនទ័រប្រាយស៍។ នៅឆ្នាំ១៩១៩ តំបន់នោះផលិតសណ្ដែកដីច្រើនជាងតំបន់ដទៃក្នុងសរអា នាំប្រាក់ចំណូលរាប់លានដុល្លារ ដល់សេដ្ឋកិច្ចតំបន់។
តែកសិករបានទទួលមេរៀនដ៏ពិបាក ដោយគេមិនអាចពឹងផ្អែកទៅលើតែដំណាំមូយមុខបានទេ។ ហេតុដូច្នេះហើយ គេបានដាំដើមពោត ដើមភីច នឹងដើមល្វា។
ច្រើនទសវត្សរ៍ក្រោយមកឧស្សហកម្មដទៃ ដែលមិនមែនកសិកម្ម ក៏បានចូលមកបើកមុខរបរក្នុងក្រុងអិនទ័រប្រាយស៍ដែរ។
ឧទ្ឋម្ភាគចក្របានហោះហើរពីលើទីក្រុងរាល់ៗថ្ងៃ ចេញពីបន្ទាយទាហាននៅក្រៅក្រុង។ បន្ទាយ Fort Rucker ជាមជ្ឈមណ្ឌលបង្ហាត់ហ្វឹកហ្វឺនរៀនបើកឧទ្ធម្ភាគចក្រសម្រាប់យោធា។ អ្នកខ្លះហៅទីនោះថា Mother Rucker ដោយសារតែអ្នកបើកបរយន្ដហោះជាច្រើនទៅមក កាត់តាមខ្លោងទ្វារមជ្ឈមណ្ឌលនោះ។ មេបញ្ជាការរងនៃបន្ទាយលោក Justin Mitchell និយាយថា ចរាចរច្រើនមានន័យថា មានប្រាក់ចំណូលច្រើនដែរ ដល់សហគមន៍ទាំងនោះ។
«មន្ដ្រីយោធាប្ដូរទីកន្លែងក្នុងពេលពីរឆ្នាំម្ដង ឬពីរទៅបីឆ្នាំម្តង។ ហេតុដូច្នេះហើយ លទ្ឋផលចេញពីមនុស្សថ្មីទាំងនោះ ដែលទិញផ្ទះនៅ ទិញរថយន្ដ ទិញសម្លៀកបំពាក់សម្រាប់សាលារៀន បាននាំឲ្យមានការប៉ះពាល់ធំធេង ដល់សហគមន៍អិនទ័រប្រាយស៍ នេះដែរ»។
យើងអាចមើលឃើញទាហានស្លៀកពាក់ឯកសណ្ឋាន ដើរលើផ្លូវក្នុងក្រុងអិនទ័រប្រាយស៍ ដើម្បីទិញវត្ថុប្រើប្រាស់ពីក្នុងហាង នឹងចូលបរិភោគអាហារក្នុងភោជនីយដ្ឋាន។ លោក មិតឆិល ថ្លែងថាបន្ទាយ Fort Rucker ផ្ដល់ថវិកា ១ ពាន់ លានដុល្លារ រាល់ៗឆ្នាំដល់តំបន់។ ភាគច្រើននៃប្រាក់ទាំងនោះ គឺសម្រាប់ថែទាំជួសជុលឧទ្ឋម្ភាគចក្រ ឲ្យហោះហើរបាន។
«គេចំណាយប្រាក់៤ពាន់ដុល្លារដើម្បីហោះហើរឧទ្ឋម្ភាគចក្រក្នុងមួយម៉ោង។ ហើយបូកជាមូយប្រាក់ខែ មនុស្សយ៉ាងតិចបីនាក់ ត្រូវហោះលើមេឃ ហើយត្រូវចាក់សាំង។ រួចមានមនុស្សជាច្រើននាក់ទៀតត្រូវធ្វើជាអ្នកជួសជុលម៉ាស៊ីន ដើម្បីធានាឲ្យឧទ្ធម្ភាគចក្រដំណើរការស្រួល មានសុវត្ថិភាព ហើយអាចហោះហើរបានជាទៀងទាត់ នៅពេលត្រូវការ»។
បន្ទាយ Fort Rucker ប្រើបុគ្គលិកស៊ីវិល១ម៉ឺន៤ ពាន់នាក់ព្រមទាំងអ្នកស៊ីឈ្នួលម៉ៅការ។ លោក ហ្វិល តូមាស ប្រធានសភាពាណិជកម្ម Enterprise កត់សំគាល់ដោយមោទនភាពថា កាលពីពីរឆ្នំាកន្លងទៅនេះ ក្រុងរបស់គាត់ ធ្លាប់មានសេដ្ឋកិច្ចដ៏ខ្លាំងមួយដែរ នៅក្នុងរដ្ឋអាឡាបាម៉ា។
«អត្រាគ្មានការងារធ្វើបានឡើងខ្ពស់ កាលពីមួយឆ្នាំ ឬមួយឆ្នាំកន្លះមុន។ បើនិយាយឲ្យច្បាស់ទៅ អត្រាគ្មានការងារធ្វើរបស់យើងបានចុះទាបបំផុត។ យើងឋឹតនៅក្នុងអត្រាគ្មានការងារធ្វើដ៏ទាបបំផុត ទីបីក្នុងរដ្ឋអាឡាបាម៉ា ក្នុងរយៈពេល៦ទៅ៩ខែរហូតមកទល់នឹងពេលនេះ»។
លោកតូមាស និយាយទៀតថា ក្រុងអិនទ័រប្រាយស៍ បានរៀនធ្វើខ្លួនឲ្យបានរឹងប៉ឹង ដោយទទួលមេរៀនពីសត្វល្អិតបូល វីវិល។ សត្វល្អិតនោះ បានផ្ដល់មេរៀនឲ្យទីក្រុងនេះ អំពីតម្លៃសេដ្ឋកិច្ចច្រើនប្រភេទ។
«កសិកម្ម កងយោធា សហគមន៍ពាណិជ្ជកម្ម ឧស្សហកម្ម និងសេវាការងារ ទំាងអស់នេះបូកបញ្ចូលគ្នា តំណាង ២០% នៃសេដ្ឋកិច្ចរបស់យើង។ ហេតុនេះហើយ វាជាការល្អសម្រាប់យើងទាំងអស់គ្នា បើផ្នែកណាមួយមានដំណើរយឺតឬមិនដើរ ផ្នែកដទៃទៀតអាចចូលមកជួយបាន»។
សព្វថ្ងៃនេះ សត្វល្អិត បូល វីវិល បានត្រូវកំចាត់អស់ចេញពីចំការនៅតំបន់ភាគខាងត្បូងសរអា។ តែសត្វនោះវានៅតែកាន់ដំណែងកិត្តិយស នៅក្នុងទីក្រុងអិនទ័រប្រាយស៍។ វិមាននៃរូបចម្លាក់ស្រ្ដីម្នាក់កាន់សត្វល្អិតពណ៌ត្នោតដ៏ធំមួយនោះ បានត្រូវតាំងនៅចំកណ្ដាលផ្លូវ នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋនៃទីក្រុងអិនទ័រប្រាយស៍ (Enterprise) ហើយជាពិសេស នៅក្នុងសេដ្ឋកិច្ចប្រចាំតំបន់។
ប្រែសម្រួលដោយ អ៊ូ ធួក