សមាជិកសភាកូរ៉េខាងត្បូងកំពុងទស្សនាការសិក្សាគម្រោងអេកូទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលមានសក្តានុពលធម្មជាតិស្រាប់។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោក Lee Seung Chul សមាជិកសភាកូរ៉េខាងត្បូង បានជួបជាមួយលោកហេង សំរិន ប្រធាន រដ្ឋសភានៅថ្ងៃច័ន្ទនេះ ដើម្បីស្វែងរកការគាំទ្រពីរដ្ឋសភាកម្ពុជា លើការសិក្សាគម្រោងអេកូទេសចរណ៍នៅតាមតំបន់សមុទ្រ ទន្លេ និងព្រៃភ្នំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឆ្នាំ២០០៩ បានជម្រាបលោកប្រធានាធិបតីកូរ៉េខាង ត្បូងអំពីសក្តានុពលធម្មជាតិនៃប្រទេសកម្ពុជា សម្រាប់វិស័យអេកូទេសចរណ៍ ហើយលោក ប្រធានាធិបតី បានយល់ព្រមឱ្យធ្វើការសិក្សាលើគម្រោងនេះ។
លោកLee Seung Chulបានថ្លែងថា លោកនឹងទៅសិក្សាគម្រោងអេកូទេសចរណ៍នៅតាម តំបន់មួយចំនួនដែលមានសក្តានុពលធម្មជាតិស្រាប់ និងជួបជាមួយក្រុមមន្ត្រីខេត្តកោះកុង ខេត្តកំពត ខេត្តសៀមរាប បណ្តាខេត្តជុំវិញបឹងទន្លេសាប និងបណ្តាខេត្តភូមិភាគឦសាន អំពីការសិក្សាគម្រោង អេកូទេសចរណ៍។
លោកគាំម កុសល ប្រធានខុទ្ទកាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថាលោក Lee Seung Chulក៏ស្វែងយល់ពីសារៈប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្វែងរកដៃគូវិនិយោគចម្រុះ។
"គោលបំណងដែលលោកមកជួបនេះគឺដើម្បីសុំការគាំទ្រពីសម្តេច ហេង សំរិន និងពីរដ្ឋ សភារបស់យើង ហើយសម្តេចបានឯកភាព (ការសិក្សាលើគម្រោងអេកូទេសចរណ៍) ធ្វើយ៉ាងណា ដើម្បីឱ្យកម្ពុជាមានផ្នែកអេកូទេសចរណ៍"។
លោកស៊ូ ភិរិន អភិបាលខេត្តសៀមរាប បានថ្លែងថា យើងបានរៀបចំគម្រោងយុទ្ធសាស្ត្រគន្លឹះ សម្រាប់ការអភិវឌ្ឍន៍ផ្នែកអេកូទេសចរណ៍។ យើងបានត្រៀមបង្ហាញលោក Lee Seung Chul អំពីគម្រោងអេកូទេសចរណ៍ និងសក្តានុពលរបស់វា។
"យើងដាក់ជូនគម្រោងពិភាក្សាក្នុងន័យការភិវឌ្ឍន៍ដើម្បីជួយប្រជាពលរដ្ឋរបស់យើងនៅក្នុងអេកូ -ទេសចរណ៍នេះ។ យើងទទួលស្វាគមន៍ចំពោះគណៈប្រតិភូដែលធ្វើអេកូទេសចរណ៍យ៉ាងរាក់ទាក់ និងការគោរពគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើងទាំង២"។
លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគីរីបានបញ្ជាក់ថា យើងត្រូវការដៃគូអភិវឌ្ឍន៍គម្រោងអេកូទេសចរណ៍។ យើងមិនទាន់មានពិសោធន៍ក្នុងការរៀបចំអេកូទេសចរណ៍នេះទេ។ យើងមិនទាន់បានរៀបចំគម្រោងសម្រាប់ការអភិវឌ្ឍផ្នែកអេកូទេសចរណ៍នៅឡើយទេ ប៉ុន្តែ យើងខិតខំរៀបចំបង្កើតគម្រោងអេកូទេសចរណ៍តាមលទ្ធភាព។
"យើងត្រៀមពិភាក្សាជាក់ស្តែងជាមួយលោក Lee Seung Chul អំពីគម្រោងអេកូទេសចរណ៍នេះ។ យើងមានរមណីយដ្ឋានធម្មជាតិ ដែលយើងសង្ឃឹមថា អាចធ្វើតគម្រោងអេកូទេសចរណ៍បាន"។
លោក ស៊ុន តារា អភិបាលរងខេត្តកោះកុងបានថ្លែងថា យើងមិនទាន់បានសិក្សាលម្អិតពីទីតាំងអេកូទេសចរណ៍ ដោយសារយើងខ្វះខាតលទ្ធភាពខាងថវិកា និងសមត្ថភាពជំនាញ សម្រាប់អេកូទេសចរណ៍នេះ។
"យើងមិនសិក្សាលម្អិត ប៉ុន្តែយើងនៅមានទឹកធ្លាក់ និងឆ្នេរសម្រាប់ទុនល្មម"។
ក្នុងអំឡុងទស្សនកិច្ចរយៈពេល៥ ថ្ងៃ លោក Lee Seung Chul នឹងទស្សនាតំបន់សក្តានុពល ផ្នែកអេកូទេសចរណ៍នៅកម្ពុជា។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕