សាលាក្ដីខ្មែរក្រហមបើកសវនាការលើបណ្ដឹងសាទុក្ខ ខៀវ សំផន
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានបើកសវនាការលើបណ្ដឹងសាទុក្ខនៃសំណុំរឿង ០០២/០២ ប្រឆាំងលោក ខៀវ សំផន វ័យ ៩០ ឆ្នាំ អតីតប្រធានរដ្ឋនិងជាអតីតមេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅរស់រានមានជីវិត។ លោក ខៀវ សំផន ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញទំនួលខុសត្រូវខ្ពស់បំផុតលើរបបកម្ពុជាប្រជាធិបតេយ្យ ដែលអំឡុងការគ្រប់គ្រងអំណាច មានមនុស្សយ៉ាងហោច ១លាន ៧សែននាក់ស្លាប់។ សវនាការបណ្ដឹងសាទុក្ខនេះគ្រោងចាយពេលទៅពី ៤ទៅ៥ថ្ងៃ ហើយសាលដីកាស្ថាពរនឹងសម្រេច នៅចុងឆ្នាំ ២០២២។ លោក អូន ឆេងប៉រ រាយការណ៍ឱ្យវីអូអេ ពីសាលាក្ដីខ្មែរក្រហម៕