ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ថា​ផែនការ​ថវិកា​របស់​លោក Trump អាច​ធ្វើ​ឱ្យ​ទីផ្សារ​តានតឹង


អនុ​ប្រធាន​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប (ECB) លោក Luis de Guindos ថ្លែង​អំឡុង​ថ្ងៃទីពីរ​នៃកិច្ចប្រជុំ​រដ្ឋ​មន្ត្រី​នៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហភាពអឺរ៉ុបក្នុងប្រទេស​បែរឡាំងប្រទេស​អាល្លឺម៉ង់កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២០។
អនុ​ប្រធាន​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប (ECB) លោក Luis de Guindos ថ្លែង​អំឡុង​ថ្ងៃទីពីរ​នៃកិច្ចប្រជុំ​រដ្ឋ​មន្ត្រី​នៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហភាពអឺរ៉ុបក្នុងប្រទេស​បែរឡាំងប្រទេស​អាល្លឺម៉ង់កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២០។

អនុ​ប្រធាន​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប (ECB) លោក Luis de Guindos បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​ចំណាយ​ថវិកា​របស់​លោក Donald Trump ដែល​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សហរដ្ឋ​អាមេរិក អាច​ធ្វើ​ឱ្យ​មាន​ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិក​កាន់តែ​ខ្លាំង​ឡើង​និង​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​នៅ​លើ​ទីផ្សារ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក de Guindos បាន​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ធនាគារ​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​ថា សហរដ្ឋ​អាមេរិក​មាន​អនុបាត​បំណុល​សាធារណៈ​ជិត​ស្មើ​នឹង ១០០% នៃ​ផលទុន​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស និង​ឱនភាព​ចំណាយ​ជិត ៧%។

លោក de Guindos ថ្លែង​ថា៖ «ប្រធានាធិបតី​ជាប់ឆ្នោត [លោក Trump] បាន​សន្យា​កាត់​ពន្ធ​និង​ប្រហែល​ជា​មិន​កាត់​ចំណាយ​សាធារណៈ​ទេ»។

លោក de Guindos បាន​បន្ថែម​ថា ផែនការ​ចំណាយ​របស់​លោក Trump នឹង​ធ្វើ​ឱ្យ​ឱនភាព​កើនឡើង​និង «បង្ក​ក្តីបារម្ភ​នៅលើ​ទីផ្សារ»។

តាំងពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ដើម​ខែ​នេះ​មក លោក Trump មិន​ទាន់​បាន​ប្រកាស​បេក្ខជន​ដែល​នឹង​ត្រូវ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លោក​នៅឡើយ​ទេ។

ប៉ុន្តែ ប្រធានាធិបតី​ជាប់ឆ្នោត​រូប​នេះ​បាន​តែងតាំង​លោក Elon Musk ដែល​ជា​អ្នកមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក និង​អ្នក​ជំនួញ​លោក Vivek Ramaswamy ឱ្យ​ដឹកនាំ​ក្រសួង​ប្រសិទ្ធផល​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី។ រដ្ឋបាល​ថ្មី​របស់​លោក Trump បាន​ស្នើ​អ្នក​ទាំងពីរ​ឱ្យ​កាត់​ផ្តាច់​ការិយាធិបតេយ្យ​ជ្រុល​ហួសហេតុ​និង «ការ​ចំណាយ​ខ្ជះខ្ជាយ» ខណៈ​លោក Musk បាន​សន្យា​កាត់​ចំណាយ​ចំនួន ២ លាន​លាន​ដុល្លារ​ចេញពី​ថវិកា​រដ្ឋាភិបាល​សហព័ន្ធ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG