ខេត្តម៉ានីខាលេន (Manicaland)ភាគខាងកើតនៃប្រទេសហ្សីមបាវេ (Zimbabwe) ប្រហែលបានទទួលរងនូវការខូចខាតយ៉ាងដំណំបំផុតពីការរឹបអូសដីធ្លីអស់រយៈពេល១១ឆ្នាំពីសំណាក់កសិករស្បែកស ដោយលោកប្រធានាធិបតី រ៉ូប៊ើត មូហ្កាបេ (Robert Mugabe)។ ខណៈដែលផលដំណាំប្រចាំឆ្នាំមួយចំនួន មានដូចជាថ្នាំជក់ កំពុងចាប់ផ្តើមងើបឡើងវិញ ក្រុមអ្នកជំនាញមួយចំនួនជឿថា ចំការជាច្រើននៅក្នុងខេត្តម៉ានីខាលេន ត្រូវបានបំផ្លាញក្នុងពេលអនាគតដែលអាចមើលឃើញបាននៅពេលនេះ។
នៅប្រទេសហ្ស៊ីមបាវេភាគខាងកើត រយៈពេលជាច្រើនឆ្នាំនៃការបោះបង់ចោលបានបណ្តាលឲ្យចំការជាច្រើន ដែលធ្លាប់ផលិតផ្លែប៊ើ?(អាវ៉ូកាដូ) គ្រាប់ធញ្ញជាតិម៉ាខាឌឺមៀ កាហ្វេ និងឈើហ៊ុប ស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យសោកស្តាយ។
ដំណាំទាំងនេះត្រូវការពេលរហូតដល់១២ឆ្នាំរាប់ចាប់តាំងពីដាំរហូតដល់អាចប្រមូលផលបាន ហើយកសិករស្ទើរតែទាំងអស់ដែលធ្វើចំការទាំងនេះ ត្រូវបានបណ្តេញចេញ ដោយសារការរំលោភយកដីធ្លីដែលបានចាប់ផ្តើមនៅឆ្នាំ២០០០។ ដំណាំរយៈពេលខ្លីតិចតួចណាស់ អាចដាំដុះល្អនៅតាមផ្នែកនៃដីចោតជំរាលក្នុងខែត្រម៉ានីខាលេន ដែលចំការភាគច្រើននៅហ្ស៊ីមបាវេធ្លាប់រីកលូតលាស់ល្អ។
លោកត្រេវើ ហ្គីវហ្វត (Trevor Gifford) ប្រធានសហភាពកសិករពាណិជ្ជកម្មដែលទើបចប់អណត្តិថ្មីៗនេះ មានប្រសាសន៍ថា ការដាំដំណាំចំការរយៈពេលវែងឡើងវិញមានការលំបាកខ្លាំងពេកខាងការរកហិរញ្ញវត្ថុ។ ដីចំការរបស់លោក ហ្គីវហ្វត ត្រូវរឹបអូសដោយបង្ខំពីរូបលោក កាលពីមួយឆ្នាំមុន។
«តំបន់ម៉ានីខាលេនមានដីចោតជំរាលប្រកបដោយភាពផុយស្រួយ។ តំបន់នេះមានលក្ខណៈអំណោយផលខ្លាំងដល់ការធ្វើចំការ ហើយជាការគួរឲ្យសោកស្តាយ កាលពី១១ឆ្នាំមុន ចំការ ដំណាំ យ៉ាងច្រើនត្រូវបានបំផ្លាញដោយសារការរំលោភបំពាន។ ហើយវាជាការលំបាកខ្លាំងណាស់ក្នុងការនាំយកតំបន់ម៉ានីខាលេនត្រឡប់ទៅរកភាពដើមវិញដែលតំបន់នេះធ្លាប់មាន។ គ្មានសេចក្តីទុកចិត្តទៅលើការវិនិយោគផ្នែកការអភិវឌ្ឍន៍រយៈពេលវែងទេ»។
ប្រទេសហ្ស៊ីមបាវេធ្លាប់ជាប្រទេសផលិតកាហ្វេធំមួយ ប៉ុន្តែទិន្នផលនេះបានដាំក្បាលចុះចំនួនជាង៩០ភាគរយ ហើយឥឡូវនេះ មានតែអ្នកផលិតដើម្បីពាណិជ្ជកម្ម ចំនួន៥ទេ ដែលនៅសេសសល់ ដែលមានដំណើរការមុនពេលមានការរឹបអូសដីធ្លី។
មានក្រុមអ្នកដាំកាហ្វេទ្រង់ទ្រាយតូច ដែលជាជនជាតិស្បែកខ្មៅជាច្រើន ដែលនិយាយថាពួកគេចង់ពង្រីក ហើយដែលអាចទាញយកគុណប្រយោជន៍ពីជំនួយរបស់សហភាពអឺរ៉ុប ដែលបានជួយឧបត្ថមគាំទ្រដល់ឧស្សាហកម្មកាហ្វេនៅហ្ស៊ីមបាវេជាយូរមកហើយ។ ប៉ុន្តែក្រុមអ្នកដាំកាហ្វេតូចតាចមិនអាចទាញប្រយោជន៍ពីតម្លៃកាហ្វេដែលកើនឡើងខ្ពស់នាពេលបច្ចុប្បន្ននេះទេ ដោយសារតែដំណាំដែលពួកគេផលិត មានបរិមាណតិចតួចសម្រាប់ការនាំចេញដោយមិនចាំបាច់មានផលិតផលបន្ថែមពីក្រុមកសិករធំៗជាងខ្លួននោះ។
«កសិករដាំកាហ្វេទ្រង់ទ្រាយតូច ដែលបានដាំចាប់តាំងពីឆ្នាំ១៩៨៤មក ប្រុសឬស្រី ដឹងច្បាស់ថា ប្រសិនបើគ្មានផលសរុបជាក់លាក់ពីក្រុមអ្នកផលិតដើម្បីពាណិជ្ជកម្មទេ ពួកគេនឹងគ្មានអ្វីទាំងអស់ ដោយសារតែពួកគេនឹងមិនអាចផលិតកាហេ្វស្រដៀងគ្នា ឲ្យបានពេញធុងទម្ងន់១៨តោននោះបានទេ»។
លោកហ្គីវហ្វត ថ្លែងថាក្រសួងកសិកម្ម ដែលគ្រប់គ្រងដោយគណបក្ស ZANU-PF របស់លោក មូហ្គាបេ បានរារាំងរូបលោកនិងសហភាពអឺរ៉ុបមិនឲ្យលើកទឹកចិត្តដល់កសិករទ្រង់ទ្រាយតូចថ្មីៗឲ្យចាប់ផ្តើមដាំកាហ្វេទេ ដោយសារនោះមានន័យថា កសិករទ្រង់ទ្រាយធំដើម្បីពាណិជ្ជកម្ម ដែលភាគច្រើនជាជនជាតិស្បែកស មានសារសំខាន់សម្រាប់កសិករតួចតាច។
លោក ហ្គីវហ្វត កសិករម្នាក់ក្នុងចំណោមកសិករក្មេងដែលត្រូវបានបណ្តេញចេញ គ្មានប្រាក់បនិ្តចសោះឡើយ ប៉ុន្តែអាចមានប្រាក់ចំណូលជាង២លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើលោកនៅបន្តកិច្ចការកសិកម្មរបស់លោក។ លោកនិយាយថា ចំការនៅម៉ានីខាលេនមិនត្រូវបានកសាងឡើងវិញទេ ហើយនៅតែត្រូវបានបំផ្លិចបំផ្លាញ(តទៅទៀត)។
«ខ្ញុំបានឃើញក្នុងពេលធ្វើដំណើរ មានដូចជាឧស្សាហកម្មក្រូច ដែលគ្មានការកសាងឡើងវិញទេ គឺមានតែបំផ្លាញ និងគ្រាប់ធញ្ញជាតិម៉ាខាឌឺមៀ ដែលគ្មានការដាំឡើងវិញទេ។ ប្រសិនបើអ្នកទៅនិយាយជាមួយក្រុមមនុស្សធ្វើជំនួញឈើធំៗ ការខាតបង់ដែលពួកគេបានទទួលរងពីភ្លើងឆេះកាលពី៤ ឬ៥ឆ្នាំមុន យើងនឹងនាំឈើចូលទៅក្នុងប្រទេសហ្ស៊ីមបាវេ នាពេលអនាគត»។
កសិករចំការពាណិជ្ជកម្មរបស់ហ្ស៊ីមបាវេ មានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ថ្នាក់ពិភពលោកខាងការធ្វើកសិកម្មអតិផលរកប្រាក់ចំណូល ព្រមទាំងមានលក្ខណៈអំណោយផលដល់បរិស្ថាន។ លោកហ្គីវហ្វត មានប្រសាសន៍ថា លោកចង់រស់នៅក្នុងប្រទេសរបស់លោកតទៅទៀត ហើយបន្ថែមទៀតថា លោកនិងសហការីរបស់លោកមួយចំនួនទៀត ចង់កសាងចំការឡើងវិញ៕
ប្រែសម្រួលដោយ លី សុខឃាង