Moedlareuth, អាល្លឺម៉ង់៖ នៅថ្ងៃទី៣ ខែតុលា ប្រទេសអាល្លឺម៉ង់បានប្រារព្ធពិធីរំឭកខួបលើកទី២០ឆ្នាំនៃការបង្រួបបង្រួមប្រទេស។ នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រហែលជាគ្មានកន្លែងណាទៀត ដែលយល់អំពីផលប៉ះពាល់នៃការបែងចែកទឹកដីដោយសារវាំងននដែក ហៅ Iron Curtain ដូចភូមិ ម៉ូដឡារ៉យ (Moedlareuth)ដ៏តូច នោះទេ។ ភូមិនេះដែលមានប្រជាជនប្រមាណតែ៥០នាក់ ត្រូវបានបែងចែកជាពីរ បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ អស់រយៈពេលបួនទស្សវត្សរ៍។
ប៉មយាមល្បាតពីរដែលគេបោះបង់ចោល ជញ្ជាំងពណ៌សដ៏វែងមួយ របងដែលគ្របទៅដោយលួសបន្លា និងបង្គោលព្រំដែននៅឈរជានិមិត្តរូបបង្ហាញពីការឈឺចាប់ ដែលប្រជាជនទទួលរងអស់រយៈពេលជាង៤០ឆ្នាំ។
បន្ទាប់ពីការចុះចាញ់ដោយឥតលក្ខខណ្ឌរបស់អាល្លឺម៉ង់ នៅឆ្នាំ១៩៤៥ ក្រុមសម្ព័ន្ធមិត្របានធ្វើការបែងចែកប្រទេសអាល្លឺម៉ង់ ទៅជាតំបន់យោធាចំនួនបួន។ បារាំងកាន់កាប់តំបន់ភាគនិរតី អង់គ្លេសភាគពាយព្យ សហរដ្ឋអាមេរិកភាគខាងត្បូង និងសហភាពសូវៀតកាន់កាប់ភាគខាងកើត។
រដ្ឋពីរបានផុះឡើង គឺអាល្លឺម៉ង់ខាងលិច ដែលកាន់លទ្ធិប្រជាធិបតេយ្យសភានិយម។ រដ្ឋនេះ គឺជាសមាជិកអង្គការអូតង់ និងជាសមាជិកស្ថាបនិកនៃអ្វីដែលបានក្លាយជាសហភាពអឺរ៉ុប ហើយក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកមួយផងដែរ។ ចំណែកអាល្លឺម៉ង់ខាងកើត បានកាន់លទ្ធិផ្តាច់ការបែបស្តាលីន ហើយបានចងសម្ព័ន្ធភាពជាមួយសហភាពសូវៀត។
ខណៈពេលដែលប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែករបង និងបន្ទាប់មកជញ្ជាំងត្រូវបានសាងសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងភូមិម៉ូដឡារ៉យ ដែលបែងចែកអាល្លឺម៉ង់ខាងកើតចេញពីខាងលិច ហើយនៅក្នុងករណីមួយនោះ គឺបំបែកបងប្អូនប្រុសពីរនាក់។
អាល្លឺម៉ង់ត្រូវបានបង្រួបបង្រួមមកវិញ នៅក្នុងឆ្នាំ១៩៩០ បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើត និងការបើកជញ្ជាំងប៊ែកឡាំង។
ឥឡូវនេះ ភូមិម៉ូដឡឺរ៉យគឺជាសារមន្ទីរមួយ ដែលទាក់ទាញភ្ញៀវចំនួនប្រមាណ៦ម៉ឺននាក់ក្នុងមួយឆ្នាំ ឲ្យមកទស្សនាពិព័រណ៍ក្នុងលំហអាកាសរបស់ខ្លួន។
មានខ្សែភាពយន្តឯកសារមួយ ដែលបង្ហាញពីព្រឹត្តិការណ៍នៃការបែងចែក។ អ្នកនាំភ្ញៀវម្នាក់ Heiko Ultsch និយាយថាខ្សែភាពយន្តនេះបានទាក់ទាញអារម្មណ៍អ្នកទស្សនាជាច្រើននាក់។
«មានមនុស្សនៅយំនៅឡើយ បន្ទាប់ពីពួកគេបានមើលខ្សែភាពយន្ត នៅក្នុងសារមន្ទីរនោះ។ បន្ទាប់ពីការបញ្ចាំងខ្សែភាពយន្ត មនុស្សជាច្រើននិយាយថា យើងមិនគួរភ្លេចនូវអ្វីដែលបានកើតឡើងនៅភូមិម៉ូដឡឺរ៉យ ឬនៅក្នុងប្រទេសអាល្លឺម៉ង់នោះទេ»។
អ្នកទេសចរណ៍ជាតិអាមេរិកាំងមួយរូប គឺនាង Amy Ladd បាននិយាយថា នាងមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលអ្នកភូមិដែលនៅចម្ងាយពីរបីរយម៉ែត្រពីគ្នា មិនអាចមកលេងគ្នាទៅវិញទៅមកបាន។
«ខ្ញុំមិនអាចស្រមៃឃើញទាល់តែសោះ ថាតើវាមានសភាពយ៉ាងដូចម្តេច នៅពេលដែលខ្ញុំត្រូវបានប្រាប់ថា អ្នកមិនអាចឆ្លងទៅម្ខាងទៀតបានទេ នៅពេលភ្លាមនោះ»។
កាលពី២០ឆ្នាំមុន ការបែងចែកនេះត្រូវបានបញ្ចប់ ហើយប្រទេសអាលឺម៉ង់បានរួបរួមឡើងវិញជាផ្លូវការ។ Terry Green គឺជាអ្នកទស្សនាដែលមកពីរដ្ឋ Florida។
«ខ្ញុំគិតថាការបង្រួបបង្រួមគឺពិតជារឿងមួយដ៏អស្ចារ្យ សម្រាប់ជនជាតិអាលឺម៉ង់។ ប្រជាជនអាល្លឺម៉ង់ខាងកើតមិនមានជីវិតរស់នៅសមរម្យនោះទេ នៅមុនពេលមានការបង្រួបបង្រួម។ ជាក់ស្តែងនាពេលឥឡូវនេះ ពួកគេកំពុងតែទទួលបាននូវផលប្រយោជន៍ខ្លះពីអរិយធម៌លោកខាងលិច»។
ជនជាតិអាល្លឺម៉ង់លោក Berg Ozminski និយាយថា កូនៗរបស់លោកមិនទាំងទទួលអារម្មណ៍ថាមានការប៉ះពាល់ ពីការបែងចែករវាងខាងលិចនិងខាងកើតនោះផងទេ ពីព្រោះព្រឹត្តិការណ៍នេះកើតឡើងនៅមុនពេលដែលពួកគេកើត។
«វាមិនមានភាពខុសប្លែកគ្នាទេរវាងខាងលិចនិងខាងកើត សម្រាប់មនុស្សវ័យក្មេង ពីព្រោះពួកគេកើតមកក្នុងស្ថានភាពតែមួយ។ ប្រសិនបើអ្នកសួរខ្ញុំ ថាតើការបង្រួបបង្រួមបានរួចរាល់ហើយឬនៅ ខ្ញុំនឹងនិយាយថាចប់សព្វគ្រប់ហើយ»។
ទោះជាយ៉ាងនេះក្តី ការមិនសប្បាយចិត្តចំពោះការបង្រួបបង្រួម នៅតែមាននៅឡើយសម្រាប់ភាគីទាំងសងខាង។ ភាពគ្មានការងារធ្វើនៅអាល្លឺម៉ង់ខាងកើត គឺមានកំរិតខ្ពស់ជាងឆ្ងាយណាស់ បើប្រៀបធៀបទៅនឹងអាល្លឺម៉ង់ខាងលិច។ ហើយជនជាតិអាលឺម៉ង់ខាងលិចមួយចំនួនបានត្អូញត្អែរថា ពួកគេត្រូវបង់ថ្លៃចំណាយទៅលើការបង្រួបបង្រួម។ ប្រវត្តិវិទូ Juliane Schutterle មានប្រសាសន៍ថា៖
«ការស្ទង់មតិមួយបាននិយាយថា ៤៥ភាគរយនៃជនជាតិអាល្លឺម៉ង់ខាងកើត មានអារម្មណ៍ថាពួកគេមិនបានទទួលផលចំណេញអ្វីពីការបង្រួបបង្រួមនេះទេ។ ប៉ុន្តែនេះមានន័យថា ប្រជាជនជាងពាក់កណ្តាលមិនបានគិតដូច្នេះទេ។ ខ្ញុំគិតថា ពួកគេមិនជាមានការខកចិត្តអ្វីប៉ុន្មាននោះទេ»។
ប្រវត្តិវិទូរូបនេះនិយាយថា ការរិះគន់នេះបានមើលរំលងទៅលើអ្វី ដែលមានសារៈសំខាន់ច្រើនជាងនេះឆ្ងាយណាស់។
«ពួកគេតែងតែគិតថា ‘យើងត្រូវតែចំណាយ យើងត្រូវតែចំណាយ ពួកគេមានផ្លូវយន្តបទទំនើប អគារទំនើប និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗ’។ ចា៎ មនុស្សជាច្រើនប្រហែលជាគិតរបៀបនេះ ប៉ុន្តែនាពេលឥឡូវនេះ យើងមានសេរីភាព ហើយនេះគឺជាសិទ្ធិមនុស្សដ៏មានសារៈសំខាន់បំផុតមួយដែលយើងបានទទួល»។
ប្រជាជនអាល្លឺម៉ង់ជាច្រើនជឿជាក់ថា ដំណើរការនៃការបង្រួបបង្រួមជិតត្រូវបានបញ្ចប់សព្វគ្រប់ហើយ ហើយសង្ឃឹមថា ប្រជាជនអាលឺម៉ង់នឹងឈប់គិតអំពីប្រទេសអាលឺម៉ង់ខាងកើតនិងខាងលិចតទៅទៀត។ ភូមិមួយនេះ ដែលកាលពីមុនត្រូវបានស្គាល់ថាជាទីក្រុងប៊ែកឡាំងតូច បានបង្ហាញយ៉ាងច្បាស់ ថាតើប្រទេសអាល្លឺម៉ង់ដែលនៅពេលមួយនោះត្រូវបានបែងចែក មានសភាពយ៉ាងដូចម្តេច ហើយផ្ទុយមកវិញ ថាតើវាបានវិវឌ្ឍន៍មកដល់ណាហើយនាពេលឥឡូវនេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី