ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​អាស៊ី​ខាងកើត​ព្រមព្រៀងគ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​នុយគ្លេអ៊ែរ


ពី​​ឆ្វេងទៅ​ស្ដាំ​​ លោក​នាយករដ្ឋ​មន្ដ្រី​ចិន​វ៉ិនចាបាវ​ លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន​ណាវតូ​ខាន​ ហើយនឹង​លោក​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​ លីម្យុងបាក់​​​ (Lee Myung-bak)​ ​ចាប់​ដៃ​រលាក់​ នៅ​សន្និសីទ​កាសែត​​រួម​​ នា​ទី​ក្រុង​តូក្យូ​ ថ្ងៃ​ទី​២២​ឧ​សភា​ ឆ្នាំ​២០១
ពី​​ឆ្វេងទៅ​ស្ដាំ​​ លោក​នាយករដ្ឋ​មន្ដ្រី​ចិន​វ៉ិនចាបាវ​ លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន​ណាវតូ​ខាន​ ហើយនឹង​លោក​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​ លីម្យុងបាក់​​​ (Lee Myung-bak)​ ​ចាប់​ដៃ​រលាក់​ នៅ​សន្និសីទ​កាសែត​​រួម​​ នា​ទី​ក្រុង​តូក្យូ​ ថ្ងៃ​ទី​២២​ឧ​សភា​ ឆ្នាំ​២០១

មេដឹកនាំ​នៃ​ប្រទេស​ជប៉ុន​ ចិន​និង​កូរ៉េ​ខាងត្បូង​បាន​បញ្ចប់​សន្និ​សីទកំពូល​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​រដ្ឋធានី​តូក្យូ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​ព្រម​ព្រៀង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​បញ្ហា​មួយ​ចំនួន​ក្នុង​តំបន់​ រួមមាន​សុវត្ថិភាព​នុយគ្លែអ៊ែរ​និង​ពាណិជ្ជកម្ម​ផង។សន្និសីទកំពូល​កើត​មាន​ឡើង​ទើបតែ​ពីរ​ខែបន្ទាប់​ពី​ការ​រំញ្ជួយ​ផែនដី​និង​រលកយក្ស​ស៊ូណាមី​ (Tsunami) ​ដ៏​ធំ​មួយ​ដែល​បាន​បំផ្លាញ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ប្រទេស​ជប៉ុន។

សន្និសីទកំពូល​នេះ​ជា​ការជួប​ប្រជុំ​លើក​ដំបូង​នៃ​មេដឹកនាំ​បី​ប្រទេស​ចាប់​តាំង​ពីគ្រោះ​មហន្តរាយ​ក្នុង​ខែ​មីនា​មក។ នាយក​រដ្ឋមន្រ្តី​ជប៉ុន​ណាវតូ​ខាន​ (Naoto​ Kan​) ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទនោះ​ បាន​សន្យា​ចែករំលែក​ព័ត៌មាន​លម្អិតពី​វិបត្តិ​នុយ​គ្លែអ៊ែរ ដៃឈី ​(Daiichi) ​ក្នុង​ទីក្រុង​ហ៊្វូគូស៊ីម៉ា ​(Fukushima) ​ជាមួយ​ប្រទេស​ជិតខាង​ទាំងពីរ​នេះ។

ចិន​និង​កូរ៉េ​ខាងត្បូង​កាល​ពី​ពេលមុន​បាន​រិះគន់​ជប៉ុន​ចំពោះ​ការ​បញ្ចេញ​ទឹក​មាន​ជាតិ​វិទ្យុសកម្ម​រាប់​ពាន់តោន​ចូល​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដោយ​មិន​បានប្រាប់​ប្រទេស​ទាំងនោះ​ជាមុន។ លោក​ខាន​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការមិន​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​អម្លុងពេល​សន្និសិទ​កំពូល​នោះ។

លោក​ វ៉ិនចាបាវ (Wen ​Jiabao) ​នាយក​រដ្ឋមន្រ្តី​ចិននិង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លីម្យុងបាក់ (Lee​ Myung ​Bak​) បាន​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ជួប​ជាមួយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅក្នុង​តំបន់​មាន​មហន្តរាយ​ហើយ​នឹង​គោរព​វិញាណក្ខន្ធ​ដល់​មនុស្ស​២​ម៉ឺន​៤​ពាន់​នាក់ដែល​បាន​សម្លាប់​ឬ​បាត់​ខ្លួន។

ប្រទេស​ទាំងពីរ​ស្ថិត​ក្នុង​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​ស្នើ​សុំ​ជួយ​ប្រទេស​ជប៉ុន​ភ្លាម​ៗ​បន្ទាប់​ពី​ការ​រញ្ជួយ​ផែនដី​មាន​កម្លាំង​៩.0 ។

លើ​បញ្ហា​ពាណិជ្ជកម្មលោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ ណាវតូខាន​បាន​ប្រាប់​ពួកអ្នក​យកព័ត៌មានថា​មេដឹកនាំ​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​បង្កើន​ការ​ប្រុងប្រៀប​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រី​ភាគី។

«លោក​ ខាន​មាន​ប្រសាសន៍​ថា​កិច្ច​ព្រមព្រៀង​នោះ​នឹង​ជួយ​លើកស្ទួយ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​បីហើយនឹង​ជួយ​ទ្វីប​អាស៊ី​ទាំងមូល»។

ទោះបីមាន​ការទាក់ទង​ពាណិជ្ជកម្ម​ក៏​ដោយ​បញ្ហា​ប្រវត្តិសាស្រ្តជាពិសេស​ការធ្វើ​អា​ណា​និគម​របស់​ជប៉ុន​ក្នុង​ផ្នែក​ភាគ​ច្រើន​របស់​អាស៊ី​ក្នុង​ពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​២០​នៅ​តែជា​រឿង​រសើប។

សេចក្តី​ប្រកាស​រួម​ចុង​ក្រោយ​របស់​សន្និសីទកំពូល​ប្រាប់​ឲ្យ​ដឹង​ថា​ប្រទេស​ទាំង​បី​នឹងពង្រីកការ​ផ្លាស់​ប្តូរ​វប្បធម៌​និង​ទេសចរណ៍​ដើម្បី​បង្កើន​ចំណង​ទាក់ទង​មិត្តភាព។ ប្រទេស​ទាំងបី​នេះ​ក៏​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ថាមពល​ដែល​អាច​ផលិតថែម​ទៀត​ហើយ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​ជិតស្និទ្ធឡើងថែម​ទៀតលើ​សុវត្ថិភាព​ខាង​នាវាចរ​ហើយ​រុករក​និង​ការជួយ​សង្គ្រោះ។

មេដឹកនាំ​ទាំ​ងបី​ក៏​បាន​ពិភាក្សា​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ភាគ​ឦសានដែរ។​មេដឹកនាំ​ទាំង​បី​បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​ការបន្ត​ការ​ចរចា​៦​ភាគី​ដែល​បាន​ជាប់គាំង​ស្តី​ពី​កម្មវិធី​នុយ​គ្លែអ៊េរ​ដ៏​ចម្រូង​ចម្រាស់​របស់ប្រទេស​កូរ៉េខាង​ជើង។

មេ​ដឹកនាំ​ទាំងបី​បានធ្វើ​ការ​ពិភាក្សា​អំពី​អ្វី​ដែល​នាយករដ្ឋ​មន្រ្តី​ចិន​ វ៉ិន ​បាន​ហៅ​ថា​ការ​ផ្លាស់ប្តូរ​ទស្សនៈ​ដោយ​ឥត​លាក់លាម​ស្តីពី​កូរ៉េ​ខាង​ជើង។ លោក​ វ៉ិន ​បាន​និយាយ​ឡើងវិញ​ពី​សារៈសំខាន់​នៃ​ការបន្ត​ការ​ពិភាក្សា​ដើម្បី​ធ្វើ​ឲ្យ​ការចរចា​នោះ​ចាប់ផ្តើម​ឡើង​វិញ។

លោក​ ខាន​ លោក ​វ៉ិន​ និង​លោក​ លី​បាន​សម្តែង​នូវ​សេចក្តី​ព្រួយ​កង្វល់​លើ​ការ​អះអាង​របស់​កូរ៉េ​ខាង​ជើង​ពី​កម្មវិធី​សម្រិត​សម្រាំង​ជាតិ​អ៊ុយរ៉ានីញ៉ូមហើយបាននិយាយ​ឡើង​វិញ​នូវ​បំណង​ប្រាថ្នា​របស់​អស់​លោក​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មានអាវុធ​នុយគ្លេអ៊ែរ។

នៅ​ខាងក្រៅ​សន្និសីទកំពូលជំនួប​ទ្វេភាគី​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដែរ។ នាយករដ្ឋ​មន្រ្តី​ចិនបាន​ថ្លែង​ត្រួសៗ​ប្រាប់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ស្តីពី​ទស្សនកិច្ច​របស់​លោក​ គិមជុងអ៊ិល (Kim​ Jong Il)​ កាល​ពី​ពេលថ្មីៗ​នេះ​ទៅកាន់​ប្រទេស​ចិន​ហើយ​បាន​យល់ព្រម​បន្ធូ​រ​បន្ថយ​ការ​រឹតត្បិត​ដែល​ត្រូវ​បាន​ដាក់​ទៅលើការ​នាំចូល​ម្ហូប​អាហារ​បន្ទាប់​ពី​ឧបទ្ទវហេតុ​នុយគ្លែអ៊ែរ​ហ្វ៊ូគូស៊ីម៉ា។

មេដឹកនាំ​ទាំងអស់​ក៏បាន​ចាប់ផ្តើម​ប្រុងប្រៀប​រៀបចំ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ ខាន ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ពេលណា​មួយ​នៅ​ចុងឆ្នាំ​នេះ។

ជំនួប​រវាង​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​មាន​ការ​ជឿនលឿន​ទៅមុខ​ដល់​ការប្រគល់​ឯកសារ​ប្រវត្តិសាស្រ្ត​ជាង​១​ពាន់​២​រយ​ក្បាល​ដែល​ជប៉ុន​បាន​យក​ទុក​ចាប់តាំង​ពីខ្លួន​បាន​បញ្ចប់​ការ​ត្រួតត្រា​អាណានិគម​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​១៩៤៥។ ប្រទេស​ទាំងពីរ​ក៏​បាន​ពិភាក្សា​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​ឡើងវិញ​នៅ​តំបន់​ដែល​ទ​ទួល​រង​មហន្តរាយ​ភាគ​ឦសាន​នៃ​ប្រទេស​ជប៉ុន។

សន្និសីទកំពូល​នេះ​ជា​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី​៤រ​វាង​ប្រទេស​ទាំង​បី។​សន្និសីទកំពូល​លើក​ទី​៥​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ។

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG