ក្រុមអ្នកវិភាគ និងក្រុមបុគ្គលិកសង្គ្រោះនិយាយថា ការខ្វះ ការព្យាករណ៍ត្រឹមត្រូវ តម្លៃម្ហូបអាហារខ្ពស់ ប្រជាពលរដ្ឋដែលគេមិនយកចិត្តទុកដាក់ ភាពក្រីក្រ និងអសន្តិសុខបានធ្វើឲ្យការរាំងស្ងួតនៅក្នុងតំបន់អាហ្វ្រិកខាងកើតកាន់តែមហន្តរាយដល់មនុស្ស។
លោក អ៊ុន្នី គ្រីស្សណាន់ (Unni Krishnan) អ្នកសម្របសម្រួលការឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់គម្រោងការអន្តរជាតិដែលមានមូលដ្ឋាននៅអង់គ្លេសជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលិកទីភ្នាក់ងារសង្រ្គោះជាច្រើន ដែលលើកឡើងសេចក្តីព្រួយបារម្ភណ៍អំពីស្ថានភាពធ្ងន់ធ្ងរបច្ចុប្បន្ន។ លោកមានប្រសាសន៍ថា៖
«ដូចជាយើងនិយាយនៅថ្ងៃនេះថាមនុស្សនៅអាហ្វ្រិកខាងកើត ជាង១០លាននាក់កំពុងឆ្លងកាត់វិបត្តិដ៏អាក្រក់មួយនៅក្នុងជីវិត ហើយនេះគឺជាភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។ កុមារត្រូវការជាខ្លាំងនូវម្ហូបអាហារ អាហារូបត្ថម្ភ ទឹកបរិភោគ និងយន្តការទ្រទ្រង់ជីវិតផ្សេងៗទៀត។ យើងចាំបាច់បំពេញមុខងារក្នុងពេលឥឡូវនេះ ព្រោះស្ថានការណ៍វាធ្ងន់ធ្ងរខ្លាំងណាស់»។
ក្រុមបុគ្គលិកសង្គ្រោះនិយាយថា ការរាំងស្ងួតនៅឆ្នាំនេះបានបង្កើតឲ្យមានទុរ្ភិក្សនៅតាមព្រំដែនត្រីកោណនៃប្រទេសអេត្យូពី កិនយ៉ា និងសូម៉ាលី។ ផ្នែកនៃព្រំប្រទល់ប្រទេស ឌ្យីប៊ូទី (Djibouti) និង អ៊ូហ្កានដា (Uganda) ក៏រងផលប៉ះពាល់ដោយទុរភិក្សដែរ។
នៅសូម៉ាលីក្រុមបុគ្គលិកសង្គ្រោះនិយាយថា ផលប៉ះពាល់ពីការរាំងស្ងួតមានភាពធ្ងន់ធ្ងរឡើងដោយសារវាបានរួមផ្សំជាមួយនឹងការឡើងថ្លៃម្ហូបដែលត្រូវបានប៉ាន់ស្មានថា បានឡើងជាង២០០ភាគរយនៅក្នុងឆ្នាំមុន សង្គ្រាមដែលនៅតែមានបន្ត និងប្រព័ន្ធសុខភាពដែលស្ទើរតែគ្មានសោះ។
កុមារម្នាក់ក្នុងចំណោមកុមារបីនាក់ នៅសូម៉ាលីភាគខាងត្បូងទទួលរងការខ្វះអាហារូបត្ថម្ភជាខ្លាំង។ ជនជាតិសូម៉ាលីច្រើនពាន់នាក់ត្រូវបានរាយការណ៍ថា កំពុងភៀសខ្លួនទៅកិនយ៉ា និងអេត្យូពីជារៀងរាល់ថ្ងៃ។ ជនរងគ្រោះនៃការរាំងស្ងួតជាច្រើននាក់បានផ្លាស់ទីកន្លែង។
កុមារក្មេងៗជាង២លាននាក់នៅអាហ្វ្រិកខាងកើតត្រូវបានរាយការណ៍ថាខ្វះអាហារូបត្ថម្ភ ហើយកុមារចំនួនកន្លះលានត្រូវបានប៉ាន់ស្មានថា ត្រូវការជាចាំបាច់នូវការសង្គ្រោះជីវិតជាបន្ទាន់។
ចំពោះលោក គ្រីស្សណាន់ នៃគម្រោងការអន្តរជាតិនិយាយថា វាជាការរំឭកឡើងដ៏ក្រៀមក្រំមួយ ដែលថាមានសេចក្តីត្រូវការច្រើនថែមទៀតត្រូវធ្វើឲ្យបានស្រេចដើម្បីទប់ស្កាត់ភាពរាំងស្ងួតកុំឲ្យក្លាយទៅជាមហន្តរាយ។ លោកថ្លែងថា៖
«ការរាំងស្ងួតគឺជាបាតុភូតដែលកើតមានឡើងវិញមួយនៅក្នុងតំបន់ ដូច្នេះរឿងនេះត្រូវការទស្សនៈវិស័យវែងឆ្ងាយទៅមុខ និងការឆ្លើយតបដែលមានរយៈពេលយូរ។ យើងគិតថា ការឆ្លើយតបនោះ មិនមែនដូចការរត់ប្រណាំងរយម៉ែត្រនោះទេ តែវាប្រៀបបានទៅនឹងការរត់ប្រណាំងចម្ងាយផ្លូវវែងមួយ។ វាជាការសំខាន់នៅក្នុងការពិនិត្យមើលវិធានការកាត់បន្ថយ គ្រោះមហន្តរាយយូរអង្វែងដែលដោះស្រាយបញ្ហាធ្វើកសិកម្ម។ មានបច្ចេកវិជ្ជាថ្មីដែលគេអាចធ្វើកសិកម្មបានដោយមានទឹកតិចតួច ប៉ុន្តែជាអកុសលបច្ចេកវិជ្ជានេះមិនមាននៅក្នុងតំបន់អាហ្វ្រិកមួយនេះទេ»។
លោក គ្រីស្សណាន់ មានប្រសាសន៍ថា ការដោះស្រាយជម្លោះ ភាពក្រីក្រ ការខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការសិក្សាអប់រំ ជាចំណែកនៃដំណោះស្រាយ។ ក្រុមបុគ្គលិកសង្គ្រោះផ្សេងៗទៀតសង្កត់ធ្ងន់ថា កសិករគួរតែបែរទៅយកចិត្តទុកដាក់លើដំណាំដែលឆាប់ផ្តល់ផលដូចជាស្រូវមីយេ និងដើមស្តៅ ហើយការដាក់អាងផ្ទុកទឹកភ្លៀង និងគម្រោងធារាសាស្ត្រ។
ប្រែសម្រួលដោយ នុច សារីតា