ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​តុលាការ​កំពូល​បង្កើន​ទោស​ឌុច​ពី​១៩​ឆ្នាំ​ដល់​មួយ​ជីវិត


តុលាការ​កំពូលគាំទ្រ​ដោយ​អ.ស.ប.​កាត់ទោស​ខ្មែរក្រហម​បាន​សម្រេច​នៅថ្ងៃសុក្រ​ទី៣​ខែកុម្ភៈ​ថា កាំង ហ្កិកអ៊ាវ ហៅឌុច អតីត​ប្រធាន​គុកទួលស្លែង​ត្រូវ​ជាប់​ពន្ធនាគារ​មួយជីវិត ពី​បទ​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​ជាង​១ម៉ឺន​២ពាន់​នាក់​នៅ​ទួលស្លែង និង​ជើងឯក។
តុលាការ​កំពូលគាំទ្រ​ដោយ​អ.ស.ប.​កាត់ទោស​ខ្មែរក្រហម​បាន​សម្រេច​នៅថ្ងៃសុក្រ​ទី៣​ខែកុម្ភៈ​ថា កាំង ហ្កិកអ៊ាវ ហៅឌុច អតីត​ប្រធាន​គុកទួលស្លែង​ត្រូវ​ជាប់​ពន្ធនាគារ​មួយជីវិត ពី​បទ​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​ជាង​១ម៉ឺន​២ពាន់​នាក់​នៅ​ទួលស្លែង និង​ជើងឯក។

សាលក្រម​តុលាការ​កំពូល​ដែល​បង្កើន​ទោស​មេគុក​ទួលស្លែង កាំង ហ្កេកអ៊ាវ​ ហៅឌុច​ពី​១៩ឆ្នាំ​ដល់​មួយ​ជីវិត​ត្រូវ​បាន​ស្វាគមន៍​ដោយ​ជនរងគ្រោះ។ នេះជា​ការ​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​របស់សហ​ព្រះរាជ​អាជ្ញា និង​បណ្តឹង​របស់​ឌុច។

តុលាការ​កំពូលគាំទ្រ​ដោយ​អ.ស.ប.​កាត់ទោស​ខ្មែរក្រហម​បាន​សម្រេច​នៅថ្ងៃសុក្រ​ទី៣​ខែកុម្ភៈ​ថា កាំង ហ្កេកអ៊ាវ ហៅឌុច អតីត​ប្រធាន​គុកទួលស្លែង​ត្រូវ​ជាប់​ពន្ធនាគារ​មួយជីវិត ពី​បទ​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​ជាង​១ម៉ឺន​២ពាន់​នាក់​នៅ​ទួលស្លែង និង​ជើងឯក។

នេះជា​ការ​សម្រេច​ទាក់ទង​នឹង​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជ​អាជ្ញា​ដែលជំនាស់​នឹង​សាលក្រម​ក្នុងឆ្នាំ២០១០​របស់​សាលា​ដំបូង​ដាក់ទោស​ឌុច​៣៥ឆ្នាំ​ដែលកាត់កង​ទៅ​នៅ​សល់១៩​ឆ្នាំ។​ កាលណោះ​ ជនរង​គ្រោះ​បាន​ទាម​ទារ​ឲ្យ​ដាក់​ទោស​ឌុច​ជាប់​ពន្ធនាគារ ​«មួយជីវិត»។

លោក​គង់ ស្រ៊ីម ប្រធាន​អង្គ​ជំនុំ​ជម្រះ​បាន​ប្រកាស​នៅ​សវនាការ​នេះ​ថា៖

«ផ្តន្ទាទោស​លោក​កាំង ​ហ្កេក​ អ៊ាវ ដាក់ពន្ធនាគារ​អស់​មួយជីវិត​ ដោយ​ចាប់​គិតពី​ថ្ងៃ១០ ​ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ត​ទៅ»។

ឌុច​ អាយុ​៦៩ឆ្នាំ​ត្រូវ​កាត់ទោស​ពីបទ​ធ្វើឃាត ធ្វើ​ទារុណ​កម្ម រំលោភ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​សម្លាប់​មនុស្ស​ជាង​រវាង​ពី១លាន៧​សែន​នាក់​ទៅ​២លាន​២សែន​នាក់។

សាលក្រម​តុលាការ​សាលា​កំពូល​នេះ​ត្រូវ​ជន​រងគ្រោះ​និង​សហ​ព្រះរាជ្ញា​អបអរ​សាទរ។

លោក​Andrew Cayley សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖

«ខ្ញុំគិត​ថា ថ្ងៃនេះ យើងអាច​បង្ហាញ​ការ​ពេញចិត្ត​ជាមួយ​នឹង​ការ​សម្រេច​ចុង​ក្រោយ​នេះ។ យើង​បាន​ជោគជ័យ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​របស់យើង។​ យើង​បាន​ជោគជ័យ​ក្នុង​ការ​ធានា​ថា ការ​សម្រេច​បន្តគ្នា​អាច​ទទួល​បាន​លទ្ធផល​ល្អ»។

សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​របស់​លោក​គឺ​អ្នកស្រី​ជា លាង​បន្ថែម​ថា នេះ​ជា​ជោគជ័យ​របស់​សហ​ព្រះរាជ្ញា។

«អ្នករួច​ពីស្លាប់​ដែល​រង់ចាំ​យុត្តិធម៌​ ឥឡូវនេះ​គេ​ទទួល​បាន​យុត្តិធម៌​ហើយ។​ នេះ​ជា​ជោគ​ជ័យ​របស់​ជនរង​គ្រោះ និង​យុត្តិធម៌»។

អ្នក​រួចជីវិត​ពីគុក​ទួលស្លែង​បាន​ចូលរួម​ក្នុង​ការ​សម្រេច​ចុង​ក្រោយ​នេះ។​ លោកប៊ូ​ ម៉េង និយាយ​ថា៖

«ពេញចិត្ត​១០០% ​និង​បាន​ផ្សព្វផ្សាយ​នូវ​តុលាការ​វិសាមញ្ញ​នេះទៅក្នុង​ពិភព​លោក​ថា ជា​តុលាការ​គម្រូ​មួយ​នៅក្នុង​ពិភព​លោក»។

ដៃគូរបស់លោកគឺលោកជុំ ម៉ៃ អាយុ៨១ឆ្នាំ បន្ថែមថា៖

«វាត្រឹមត្រូវ​ហើយ​ដូចចៅក្រម​សាលា​កំពូល​គាត់​សម្រេច​ហ្នឹង​គឺ​ថា​ វា​ត្រឹមត្រូវ​១០០% យុត្តិធម៌​១០០%»។

គួរឲ្យស្តាយ លោក វ៉ាន់ ណាត អតីត​អ្នករួច​ជីវិត​ពីគុក​ទួលស្លែង​ បានស្លាប់ មុន​ការ​សម្រេច​ចុងក្រោយ​កាត់ទោស​អ្នក​ធ្វើ​ទារុណកម្ម​លោក​នេះ។

កញ្ញា​សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ និយាយ​ថា៖

«ខ្ញុំ​បាន​រំពឹងថា គាត់​ត្រូវ​មាន​ទោស​មួយ​ជីវិត ដូច្នេះ​មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​តុលាការ​មិន​បាន​ពិចារណា​ពី​កិច្ច​សហការ​របស់គាត់ ដែល​គួរ​បន្ថយ​ទោស និង​ការ​ដែល​តុលាការ​យោធា​ឃុំឃាំង​គាត់​ខុស​ច្បាប់​ជាច្រើន​ឆ្នាំ​នោះ។ ខ្ញុំភ្ញាក់ផ្អើល​ដែល​ចៅក្រម​មិន​ទទួល​ស្គាល់​ការ​ឃុំឃាំង​គាត់​ខុសច្បាប់ និង​កិច្ច​សហការ​របស់​គាត់»។

លោក Stephen J. Rapp​ឯកអគ្គ​រដ្ឋទូតទូតគោចរណ៍​ស.រ.អា.​អំពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ​និយាយ​ថា​ សាលក្រម​នេះ​ជាជំហាន​ដ៏ធំ​បញ្ចប់​យុគ្គសម័យ​ខ្មៅងងឹត​នេះ។

«នេះជា​ថ្ងៃអស្ចារ្យ​ដែល​សំណុំរឿង​ទី១ ដ៏សំខាន់​នេះ​បានបញ្ចប់។ នេះជា​ជំហាន​ដ៏ធំ​ទៅរក​យុត្តិធម៌​ និង​ការ​បង្រួបបង្រួម​ង្រួម​ជនជាតិ​ខ្មែរ»។

ក្រៅពី​ឌុច នៅមាន​នួន​ ជា អតីត​ប្រធាន​សភាខ្មែរ​ក្រហម ខៀវ សំផន អតីតប្រមុខ​រដ្ឋ ខ្មែរ​ក្រហម ​និង អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ កំពុងជាប់​នៅ​ក្នុង​ការ​ឃុំឃាំង​សម្រាប់​ការ​កាត់ទោស​សំណុំ​រឿង​០០២។

រីឯ​ប៉ុល ពត មេដឹកនាំ​កំពូល​របស់ខ្មែរក្រហម​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៨៕

XS
SM
MD
LG