ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បដិសេធ​ចោល​ពាក្យ​ចោទ​ប្រកាន់​​លើ​​លោក​ ដូមីនីក​ ស្រ្តោស៍-ខាន់​ ទទួល​បាន​ទាំង​ការ​សាទរ​និង​ការ​ថ្កោល​ទោស​


អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ ដូមីនីក​ ស្រ្តោស៍-ខាន់​ (Dominique​ Strauss-Kahn) (កណ្តាល)​ចាកចេញ​ពី​តុលាការ​កំពូល​​នៅ​សង្កាត់​មេនហាថិន ក្នុង​ទីក្រុង​ញ៉ូវ យ៉ក ​ជាមួយ​ភរិយា​របស់​លោក​ លោកស្រី​ អាន ស៊ីនក្លែរ៍ (Anne Sinclair) (ឆ្វេង) និងមេធាវី​
អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ ដូមីនីក​ ស្រ្តោស៍-ខាន់​ (Dominique​ Strauss-Kahn) (កណ្តាល)​ចាកចេញ​ពី​តុលាការ​កំពូល​​នៅ​សង្កាត់​មេនហាថិន ក្នុង​ទីក្រុង​ញ៉ូវ យ៉ក ​ជាមួយ​ភរិយា​របស់​លោក​ លោកស្រី​ អាន ស៊ីនក្លែរ៍ (Anne Sinclair) (ឆ្វេង) និងមេធាវី​

បន្ទាប់​ពី​ការ​បដិសេធ​ចោល​ពាក្យ​ចោទ​ប្រកាន់​អំពី​បទ​រំលោភ​ផ្លូវ​ភេទ​ កាល​ពី​ថ្ងៃ​អង្គា​ អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ ដូមីនីក​ ស្រ្តោស៍-ខាន់​ (Dominique​ Strauss-Kahn)​ ត្រូវ​បាន​គេ​រាយការ​មក​ថា​ មាន​ផែនការ​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ ក្នុង​ពេល​ឆាប់ៗ​ ដែល​នៅ​ទី​នោះ​ លោក​នឹង​ប្រឈម​មុខ​និង​ការ​ស៊ើប​អង្កេត ​ពី​បទ​រំលោភ​ផ្លូវ​ភេទ​មួយ​ទៀត។​ ការ​បដិសេធ​ចោល​ពាក្យ​ចោទ​ប្រកាន់​នៅ​ក្នុង​ទី​ក្រុង​ ញូវ យ៉ក​ ទទួល​បាន​ទាំង​ការ​សាទរ​និង​ការ​ថ្កោល​ទោស។

កាល​ពី​ថ្ងៃ​អង្គារ​ អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ IMF​ និង​មាន​សក្តានុពល​អាច​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង​ លោក​ ដូមីនីក​ ស្រ្តៅស៍-ខាន់​ បាន​ប្រារព្ធ​ពិធី​បញ្ចប់​នៃ​អ្វី​ដែល​លោក​ហៅ​ថា​ «ជា​សុបិន្ត​អាក្រក់​សម្រាប់​ខ្ញុំ​និង​គ្រួ​សារ​របស់​ខ្ញុំ»​ បន្ទាប់​ពី​ចៅក្រម​នៃ​តុលាការ​កំពូល​របស់​រដ្ឋ​ ញូវ យ៉ក​ បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​អ្នក​បម្រើ​ម្នាក់​នៅ​ក្នុង​សណ្ឋាគារ។

ចៅក្រម​ ម៉ៃឃើល​ អូបឺស​ (Michael​ Obus)​ យល់​ស្រប​ជា​មួយ​អនុសាសន៍​របស់​រដ្ឋអាជ្ញា​ ដែល​សុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ ពីព្រោះ​រដ្ឋអាជ្ញា​លែង​មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ដើម​បណ្តឹង​ នាង​ ណាហ្វីសាទូ​ ឌីអាឡូ​ (Nafissatou​ Diallo)​ ដែល​ជា​អន្តោ​ប្រវេសន្ត​ជាតិ​ ហ្គីនៀ​ (Guinea)​ ត​ទៅ​ទៀត។

មេធាវី​របស់​លោក​ ស្រ្តៅស៍-ខាន់​ គឺ​លោក​ បែនហ្សាមីន​ ប្រាហ្វមែន​ (Benjamin​ Brafman)​ បាន​សាទរ​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​«សេចក្តី​ក្លាហាន» ​របស់​លោក​រដ្ឋអាជ្ញា​ សៃរ័ស​ វ៉ានស៍​ ជូញ័រ​ (Cyrus​ Vance​ Jr)។

«វាគឺ​ជា​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​មួយ​ ដែល​មាន​រដ្ឋអាជ្ញា​ម្នាក់​បាន​ក្រោក​ឈរ​នៅ​ក្នុង​បន្ទប់​តុលាការ​ជា​សាធារណ​មួយ​ ហើយ​បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​មួយ​ ដោយ​បាន​ធ្វើ​សេចក្តី​សម្រេច​ថា​ សាក្សី​ដែល​បាន​ប្តឹង​មិន​មាន​លក្ខណៈ​ដែល​គួរ​ជឿ​ទុក​ចិត្ត​បាន​ទេ។»

ការិយាល័យ​របស់​លោក​ វ៉ានស៍​ (Vance)​ ដែល​កាល​ពី​ដំបូង​បាន​ព្យាយាម​ធ្វើ​ការ​កាត់​ទោស​យ៉ាង​ខ្លាំង​ក្លា​ ត្រូវ​បាន​ទុក​ចោល​ឱ្យ​ការពារ​ខ្លួន​ឯង​ ពី​ការ​តវ៉ា​ប្រឆាំង​ពី​សំណាក់​ក្រុម​ស្រ្តី​និង​អង្គការ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​កំណើត​អាហ្វ្រីក​មួយ​ចំនួន។

យ៉ាសមីន​ ហាសាន់​ (Yasmeen​ Hassan)​ នៃ​ក្រុម​អង្គការ​សិទ្ធិ​ស្រ្តី​អន្តរជាតិ​ដែល​មានឈ្មោះ​ថា​ «ភាព​ស្មើ​គ្នា​នា​ពេល​ឥឡូវ»​ (Equality​ Now)​ បាន​និយាយ​ថា​ សេចក្តី​ថ្លែងការណ៍​ខុស​ជា​ច្រើន​របស់​នាង​ ឌីអាឡូ​ (Diallo)​ ដែល​រួម​ទាំង​ការ​ភូត​កុហក​របស់​នាង​ ដែល​ថា​នាង​ត្រូវ​បាន​រំលោភ​កាល​ពី​ពេល​មុន​ និង​ការ​ផ្លាស់​ប្តូរ​ពាក្យ​សំដី​អំពី​សកម្ម​ភាព​របស់​នាង​ ភ្លាមៗ​បន្ទាប់​ពី​ការ​អះអាង​អំពី​ការ​ចាប់​រំលោភ​ភេទ​ មិន​គួរ​បំផ្លាញ​ឱកាស​របស់​នាង​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​នោះ​ទេ។

«សារ​ត្រូវ​បាន​បញ្ជូន​យ៉ាង​ច្បាស់​ថា​ មាន​តែ​ប្រភេទ​ជន​រង​គ្រោះ​ខ្លះ​តែ​ប៉ុណ្ណោះ​ ពោល​គឺ​អ្នក​ដែល​មាន​ការ​គោរព​ខ្ពង់​ខ្ពស់​ នឹង​ត្រូវ​បាន​គិត​គូរ​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ការិយាល័យ​របស់​រដ្ឋអាជ្ញា»។

ហាសាន់​ (Hassan)​ បាន​កត់​សម្គាល់​ថា​ ពាក្យ​សំដី​របស់​នាង​ ឌីអាឡូ​ (Diallo)​ ចំពោះ​ការ​អះអាង​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ មិន​បាន​ផ្លាស់​ប្តូរ​ទេ។

លោក​ស្រី​និយាយ​ថា​ គណៈវិនិច្ឆ័យ​គួរ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ​ភស្តុតាង​ ដោយ​ធ្វើ​ការ​បង្ហាញ​ ឌីអីនអេ​ (DNA)​ និង​ទឹកកាម​របស់​លោក​ ស្រ្តៅស៍-ខាន់​ (Strauss-Kahn)​ នៅ​លើ​ឯកសណ្ឋាន​និង​ខោ​ក្នុង​របស់​នាង​ ឌីអាឡូ​ (Diallo)។​ គណៈវិនិច្ឆ័យ​គួរ​ត្រូវ​បាន​ផ្តល់​ឱកាស​ក្នុង​ការ​ពិនិត្យ​មើល​ហេតុការណ៍​រយៈ​ពេល​ខ្លី​ប្រហែល​ ១៥​នាទី​ ដែល​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ភេទ​បាន​កើត​ឡើង។

«តើ​លោក​អ្នក​ជឿ​ថា​ អ្នក​បម្រើ​ក្នុង​សណ្ឋាគារ​ម្នាក់​ អាច​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​ មើល​ឃើញ​ភ្ញៀវ​ម្នាក់​ ហើយ​ព្រម​ព្រៀង​ធ្វើ​ការ​បំរើ​ភេទ​ដោយ​ប្រើ​មាត់​ជា​មួយ​ភ្ញៀវ​ ហើយ​ចាក​ចេញ​ទៅ​វិញ​តែ​ប៉ុណ្ណោះ?»។

ប៉ុន្តែ​ ស្តូត​ ស្លូតនិក​ (Stuart​ Slotnick)​ ដែល​ជា​អតីត​រដ្ឋអាជ្ញា​មួយ​រូប​ បាន​និយាយ​ថា​ ការិយាល័យ​រដ្ឋអាជ្ញា​មិន​មាន​ជម្រើស​ទេ​ ប៉ុន្តែ​ត្រូវ​តែ​ស្វែង​រក​ការ​បដិសេធ​ចោល​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ ដោយ​សារ​ក្រុម​រដ្ឋអាជ្ញា​ខ្លួន​ឯង​ លែង​មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ជន​រង​គ្រោះ​ទៀត​ហើយ។

«ជា​អកុសល​ វា​អាច​មាន​ករណី​មួយ​ចំនួន​ ដែល​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ឬ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ហើយ​មនុស្ស​ទាំង​នេះ​មិន​អាច​ឲ្យ​គេ​ជឿ​បាន​ទេ​ ពីព្រោះ​ពួក​គេ​មិន​អាច​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ ហើយ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​សាច់​រឿង​របស់​ពួក​គេ​ ដែល​អ្នក​មិន​អាច​ធ្វើ​ការ​កាត់​ទោស​បាន​ទេ​ ទោះ​បី​ជា​ឧក្រិដ្ឋកម្ម​ប្រហែល​ជា​បាន​កើត​មាន​ឡើង​មែន​ក៏​ដោយ»។

ដូច​ដែល​លោក​ ស្លូតនិក​ (Slotnick)​ ចង្អុល​បង្ហាញ​ គោល​ការណ៍​មួយ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​សហរដ្ឋ​អាមេរិក​គឺ​ថា​ វា​មាន​ភាព​ប្រសើរ​ជាង​ ដែល​អ្នក​មាន​កំហុស​ម្នាក់​ទទួល​បាន​សេរីភាព​ ជាជាង​អ្នក​ដែល​គ្មាន​កំហុស​ម្នាក់​ ត្រូវ​បាន​កាត់​ទោស​ទៅ​វិញ។​ ដូច្នេះ​ គ្រោះ​ថ្នាក់​នៃ​ការភ័ន្តច្រឡំ​ គឺ​តែង​តែ​ត្រូវ​បាន​ថ្លឹង​ថ្លែង​ដោយ​មាន​ការ​អនុគ្រោះ​ទៅ​ភាគី​ចុង​ចោទ​ច្រើន​ជាង។​ ប៉ុន្តែ​ ហាសាន់​ (Hassan)​ និយាយ​ថា​ រដ្ឋអាជ្ញា​ក្នុង​ទី​ក្រុង​ ញូវ យ៉ក​ ជា​ញឹក​ញាប់​ បាន​ចាត់ទុក​ជន​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ថា​ «មិន​អាច​ទុក​ចិត្ត​បាន»​ ហើយ​ថា​ ស្រ្តី​ឥឡូវ​នេះ​នឹង​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ច្រើន​ឡើង​ជាង​មុន​ ក្នុង​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​នេះ​ឡើង។

«មិន​មាន​អ្នក​ណា​ម្នាក់​នឹង​ឡើង​មក​ប្តឹង​ទៀត​ទេ​ បន្ទាប់​ពី​រឿង​នេះ។​ អ្វី​ដែល​យើង​បាន​ឃើញ​គឺ​ថា​ មនុស្ស​ម្នាក់​ដែល​បាន​ចេញ​មក​និយាយ​ ពួក​គេត្រូវ​បាន​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​ចុង​ចោទ​ទៅ​វិញ​ ហើយ​រឿង​អតីតកាល​របស់​ពួកគេ​ត្រូវ​បាន​បើក​ពិនិត្យ​មើល​ជា​សាធារណៈ​ និង​ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​សារព័ត៌មាន។​ ខ្ញុំ​មិន​គិត​ថា​ ជន​រង​គ្រោះ​ពី​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​ទាំង​ឡាយ​ បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ដាក់​ពាក្យ​បណ្តឹង​នោះ​ទេ។​ ដូច​ដែល​មាន​រួច​មក​ហើយ​ ស្ថិតិ​របស់​ក្រសួង​យុត្តិធម៌​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ជាង​៦០​ភាគរយ​នៃ​ករណី​ចាប់​រំលោភ​មិន​ត្រូវ​បាន​រាយការណ៍​ទេ។​ ខ្ញុំ​គិត​ថា​ តួរ​លេខ​នឹង​កើន​ឡើង​ខ្ពស់​ជាង​នេះ​ បន្ទាប់​ពី​រឿង​នេះ»។

ការិយល័យ​របស់​លោក​ វ៉ានស៍​ (Vance)​ គ្រោង​នឹង​ជួប​ប្រជុំ​ជា​ឯកជន​មួយ​ ជា​មួយ​ក្រុម​ស្រ្តី​ នៅ​ថ្ងៃ​ពុធ​ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​របស់​ខ្លួន​នៅ​ក្នុង​ករណី​នៃ​ការ​ចាប់​រំលោភ។​ កាល​ពី​ពេល​មុន​នេះ​ ការិយាល័យ​លោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​និយាយ​ថា​ ការិយាល័យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កាត់​ទោស​ករណី​នៃ​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​ ដែល​រួម​ទាំង​ករណី​របស់​ជន​រងគ្រោះ​ទាំង​ឡាយ​ណា​ដែល​«មាន​អតីតកាល​មិន​ល្អ»​ ឱ្យ​តែ​រដ្ឋអាជ្ញា​ជឿ​ជាក់​ថា​ ពួក​គេ​បាន​ប្រាប់​រឿង​រ៉ាវ​ពិត​ប្រាកដ​មែន។

ចំណែក​ខាង​លោក​ ស្រ្តោស៍-ខាន់​ (Strauss-Kahn)​ វិញ​ លោក​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ លោក​កំពុង​ពិចារណា​អំពី​ការ​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​តប​ទៅ​ នាង ​ឌីអាឡូ​ (Diallo)​ វិញ។​ នៅ​ពេល​ដែល​លោក​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ លោក​ក៏​នឹង​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​មួយ​ករណី​ទៀត​ ដែល​អ្នក​ដាក់​ពាក្យ​បណ្តឹង​ ជា​អ្នក​និពន្ធ​ឈ្មោះ​ ទ្រីសតាន​ បាណុន​ (Tristane​ Banon)​ និយាយ​ថា​ រឿង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៣៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG