តំណាងប្រទេសអ្នកផ្តល់ជំនួយនិងមន្ត្រីសង្គមស៊ីវិលនិយាយថាបញ្ហាសេចក្តីព្រាងច្បាប់អង្គការដ៏ចម្រូងចម្រាសមិនទាន់ដឹងថានឹងត្រូវគេលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកផ្តល់ជំនួយឬយ៉ាងណាទេ។
ក្រុមប្រទេសអ្នកផ្តល់ជំនួយនិងមន្ត្រីរដ្ឋាភិបាលគ្រោងជួបប្រជុំពិភាក្សាគ្នានៅព្រឹក ថ្ងៃពុធនេះដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួនដែលរដ្ឋាភិបាលបាន សន្យាកែទម្រង់។ តែទោះជាយ៉ាងក៏ដោយសេចក្តីព្រាងច្បាប់អង្គការសមាគមដែលរដ្ឋាភិបាលកម្ពុជាប៉ុនប៉ងបង្កើតហើយត្រូវក្រុមសង្គមស៊ីវិល និងតំណាងប្រទេសផ្តល់ជំនួយដូចជាស.រ.អបានជំទាស់យ៉ាងខ្លាំងនោះមិនត្រូវគេដឹងថា នឹងក្លាយជារបៀបវារៈនៃកិច្ចប្រជុំនោះទេ។
អ្នកនាំពាក្យស្ថានទូតស.រ.អ.លោក Mark Wenig បានបដិសេធធ្វើអត្ថាធិប្បាយពីប្រធានបទ ដែលស.រ.អនឹងលើកមកជជែកក្នុងពេលកិច្ចប្រជុំក្រុមប្រទេសផ្តល់ជំនួយដោយថ្លែងថា៖
«ខ្ញុំមិនអាចនិយាយលម្អិតអំពីអ្វីដែលយើងត្រូវ ហើយនឹងមិនត្រូវលើកមកពិភាក្សានៅឯកិច្ចប្រជុំអ្នកផ្តល់ជំនួយដែលមិនមែនជាកិច្ចប្រជុំសាធារណៈនោះទេ»។
ទោះជាយ៉ាងក៏ដោយលោក Wenig បង្ហាញពីជំហររបស់ស.រ.អដែលចង់ឃើញ រដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញចំពោះភាពចាំបាច់នៃច្បាប់អង្គការនេះ ដោយបញ្ជាក់ថាប្រសិនបើចាំបាច់ ច្បាប់នេះត្រូវអនុម័តនិងអនុវត្ត ទៅតាមការសន្យា ដើម្បីពង្រីក ជាជាងការរិតត្បឹត សេរីភាពចំពោះអង្គការសង្គមស៊ីវិលក្នុងកិច្ចប្រតិបត្តិការ។
លោក Wenig ដែលបានអះអាងថាស.រ.អបានធ្វើកិច្ចការយ៉ាងជិតដិតជាមួយដៃគូជាសមាគមនិងអង្គការនានាអំពីច្បាប់ដែលទំនងជាប៉ះពាល់ដល់កិច្ចការរបស់ពួកគេនោះលោកបានសង្កត់ធ្ងន់ថា៖
«ស.រ.អ មានជំនឿដ៏មុតមាំថាការមានសហគមន៍សង្គមស៊ីវិលដ៏ចម្រុះ ឯករាជ្យ និង ខ្លាំងមួយ គឺជាបញ្ហាមិនអាចជៀសវាងបានសម្រាប់លទ្ធិប្រជាធិបតេយ្យហើយនឹងការអភិវឌ្ឍជានិរន្តន៍ចំពោះកម្ពុជា»។
អង្គការនិងសមាគមមិនមែនរដ្ឋាភិបាលជាង៣០០នៅសប្តាហ៍ថ្មីៗបានជំទាស់ នឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលចុងក្រោយ ដែលគេមើលទៅ ឃើញថាមានលក្ខណៈរឹតបន្តឹងសិទ្ធិសេរីភាព និងគំរាមកំហែងដល់សកម្មភាពនានារបស់អង្គការសង្គមស៊ីវិល ដូចជាទាក់ទងនឹងការចុះបញ្ជី ដែលត្រូវបានធ្វើឡើងជាកាតព្វកិច្ច និងមានភាពស្មុគស្មាញ ពុំមានដំណើរការបណ្តឹងឧទ្ធរណ៍សម្រាប់ការបដិសេធការចុះបញ្ជី និងពុំមានការកំណត់និយមន័យទៅលើវាក្យ ស័ព្ទសំខាន់ៗនៅក្នុងច្បាប់ និងផ្នែកជាច្រើនពុំមានភាពច្បាស់លាស់ ព្រមទាំងបានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរ ដើម្បីត្រួតពិនិត្យសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំ និងអនុវត្តសិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល។
ក្រុមមន្ត្រីរដ្ឋាភិបាលធ្លាប់បញ្ជាក់ថាការធ្វើច្បាប់នេះគឺមានគោលបំណងការពារអង្គការសង្គមស៊ីវិលជាង៣.០០០ឲ្យមានរបៀបរបបការងារ មិនមានការរឹតបន្តឹងនោះទេ។
លោក ហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានអះអាងថាច្បាប់នេះនឹងនាំឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញ មតិ ការអភិវឌ្ឍប្រទេសជាដើមនោះបានអះអាងថាច្បាប់នេះមិនគួរទាន់ប្រញាប់ ចេញនោះទេនៅអាណត្តិរដ្ឋាភិបាលបច្ចុប្បន្ននេះ។ លោក បានថ្លែងថា លោក មិនបានដឹងថាតើបញ្ហាសេចក្តីព្រាងច្បាប់នេះនឹងត្រូវពិភាក្សាគ្នាក្នុងពេលកិច្ច ប្រជុំ ក្រុមប្រទេសអ្នកផ្តល់ជំនួយឬយ៉ាងណាទេ។
«មិនទាន់ច្បាស់លាស់ថាតើអាហ្នឹងវាពាក់ព័ន្ធនឹងរឿងហ្នឹងឬអត់។ យើងលើកឡើងថា រដ្ឋាភិបាលគួរពិចារណាឡើងវិញ អាហ្នឹងក៏មិនទាន់ច្បាស់លាស់នៅឡើយ ហើយសង្គមស៊ីវិលមិនទាន់មានជំហរថាតើគួរតែលើកអាហ្នឹងឡើងទេ»។
ទោះជាយ៉ាងណាក៏ដោយថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាពីទីក្រុងភ្នំពេញតាម ទូរស័ព្ទ លោក Kamayana M. Putu នាយកធនាគាអភិវឌ្ឍន៍អាស៊ី ADBប្រចាំ កម្ពុជាបានអះអាងថារបៀបវារៈប្រជុំពុំមានការជជែកអំពីរឿងច្បាប់អង្គការ សមាគមទេ ក៏ប៉ុន្តែតំណាងអង្គការសង្គមស៊ីវិលដែលចូលរួមក្នុងកិច្ចប្រជុំ អាចលើកឡើងបានថាតើ គេអាចជជែកគ្នាបានឬយ៉ាងណា។ លោកថ្លែងថា ប្រធានបទ ដែលត្រូវជជែកគ្នាក្នុងកិច្ចប្រជុំកន្លះថ្ងៃនោះគឺផ្តោតជាសំខាន់ទៅ លើបញ្ហាកែទម្រង់ចំនួនបីដែលបានពិភាក្សាគ្នាកន្លងមកគឺ ទី១ យុទ្ធសាស្ត្រគាំពារបញ្ហាសង្គមថាតើ រដ្ឋាភិបាលត្រូវអនុវត្តរបៀបណា ហើយដៃគូអភិវឌ្ឍន៍ត្រូវចូលរួមយ៉ាងម៉េច ទី២បញ្ហា ធ្វើឲ្យប្រសើរឡើងនូវសមាហរណកម្មនៃគម្រោងរបស់ រដ្ឋាភិបាល ដំណើរការគ្រប់គ្រងផ្នែកថវិកា ទី៣ អំពីវិធីដែលត្រូវ ធ្វើឲ្យប្រសើរ ឡើងនូវប្រព័ន្ធពិភាក្សា រវាង រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ជាដើមដែលលោក Putu បានចាត់ទុកថាកិច្ចប្រជុំ ថ្ងៃពុធនេះ នឹងមានការផ្តល់យោបល់ទៅដល់របាយការណ៍របស់រដ្ឋាភិបាលដែលអាចនាំទៅដល់កិច្ចព្រមព្រៀង។
«ខ្ញុំប្រាកដណាស់ថានឹងមានកិច្ចពិភាក្សាដ៏ល្អរវាងក្រសួងរដ្ឋនានា ហើយនឹងដៃគូអភិវឌ្ឍន៍អំពីបញ្ហាសំខាន់ៗ ហើយនឹងកិច្ចសន្ទនាសម្រាប់ដៃគូរអភិវឌ្ឍន៍ដើម្បីគាំទ្រដល់បញ្ហាកាត់បន្ថយភាពក្រីក្រនិងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា»។
ក្រុមប្រទេសផ្តល់ជំនួយត្រូវគេចាត់ទុកថាជាសហគមន៍ដ៏មានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាចំពោះការធ្វើកំណែទម្រង់លើវិស័យផ្សេងៗ ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសដែលទើបចេញពីសង្រ្គាមឲ្យមានប្រសិទ្ធភាព។ កម្ពុជាទទួលជំនួយនិងកម្ចីជាង១.០០០លានដុល្លារក្នុងមួយឆ្នាំៗ ពីក្រុមប្រទេសផ្តល់ជំនួយនានា។ ADB ជាស្ថាប័នផ្តល់ជំនួយធំមួយ សម្រាប់កម្ពុជាចំពោះការអភិវឌ្ឍលើវិស័យនានា រួមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច៕