ហ្សាការតា ឥណ្ឌូនេស៊ី៖ នយោបាយក្នុងស្រុកកំពុងធ្វើឲ្យមានភាពតានតឹងកាន់តែធំឡើងរវាងថៃ និងកម្ពុជា។ ក៏ប៉ុន្តែ ខណៈដែលអ្នកខ្លះយល់ថា ជម្លោះព្រំដែននាពេលបច្ចុប្បន្ននេះអាចនាំឲ្យមានការប្រឈមមុខខាងយោធា អ្នកខ្លះទៀតយល់ថា វាគ្រាន់តែជាការធ្វើដើម្បីចំណេញផ្នែកនយោបាយ។
ប្រាសាទព្រះវិហារដែលមានរចនាបទបែបហិណ្ឌូ ដែលតាំងនៅព្រំដែនកម្ពុជា ថៃ ជាប្រភពនៃការរង្កៀសចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ១៩៦២ អង្គការសហប្រជាជាតិបានកាត់សេចក្តីថា ប្រាសាទបុរាណនេះស្ថិតនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែដីភាគច្រើននៅជុំវិញនោះជាទឹកដីរបស់ថៃ។
ជម្លោះលើតំបន់នោះ ត្រូវបានបញ្ឆេះឡើងនៅឆ្នាំ២០០៨ ដោយមានការប៉ះទង្គិចគ្នាបន្តិចបន្តួចយូរៗម្តងរវាងកងទ័ពនៃប្រទេសទាំងពីរចាប់តាំងពីពេលនោះមក។
ក៏ប៉ុន្តែ ភាពតានតឹងរវាងកងទ័ពនៃប្រទេសទាំងពីរបានកើនឡើងកាន់តែខ្លាំងនៅខែធ្នូ នៅពេលដែលសកម្មជនជាតិថៃ៧នាក់ដែលបានចូលរួមជាមួយសម្ព័ន្ធភាពប្រជារាស្រ្តដើម្បីលទ្ធិប្រជាធិបតេយ្យដែលគេស្គាល់ថា ពួកអាវលឿងបានទៅតំបន់ព្រំដែនមានជម្លោះមួយទៀត ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន។
លោក ផាវីន ឆាឆាវ៉ាលផុងពុង (Pavin Chachavalpongpun ) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៅសឹង្ហបូរី និយាយថា សកម្មជនថៃចង់បង្កើតឲ្យមានវិបត្តិដើម្បីប្រមូលផ្តុំការគាំទ្រខាងនយោបាយសម្រាប់ការបោះឆ្នោតដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំនេះ។ លោកនិយាយទៀតថា ការដែលកម្ពុជាចាប់ខ្លួនពួកសកម្មជន និងការគម្រាមកំហែងចោទប្រកាន់ពួកគេពីបទចារកម្ម កម្ពុជាបានផ្តល់ឲ្យសកម្មជននូវ អ្វីដែលពួកគេចង់បាន។ លោកផាវីន ថ្លែងដូច្នេះថា៖
«កម្ពុជាមានប្រតិកម្មខ្លាំងហួស ប៉ុន្តែនិយាយឲ្យយុត្តិធ៌មសម្រាប់កម្ពុជា នេះជាបញ្ហានយោបាយក្នុងស្រុករបស់ថៃ។ ហើយចលនានៅក្នុងប្រទេសថៃ បានព្យាយាមទាញប្រទេសកម្ពុជាធ្លាក់ចូលក្នុងជម្លោះនេ»។
តុលាការកម្ពុជា បានដោះលែងសកម្មជនប្រាំនាក់ក្នុងចំណោមសកម្មជនប្រាំពីរនាក់។ សកម្មជនពីរនាក់ទៀត បានត្រូវឃុំខ្លួនដើម្បីកាត់ទោស ហើយសាលក្រមរឿងក្តីរបស់ពួកគេ អាចចេញនៅថ្ងៃពុធនេះ។ មួយសប្តាហ៍កន្លងមកនេះ ពួកបាតុករអាវលឿងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងបាងកកទាមទារឲ្យរដ្ឋាភិបាលថៃយកតំបន់មានជម្លោះនោះមកវិញដោយកម្លាំង។ កម្ពុជាបានធ្វើការឆ្លើយតបដោយបង្កើនកម្រិតកងទ័ពនៅតាមព្រំដែន។
លោកខាល ថេយ័រ (Carl Thayer) ជាអ្នកឯកទេសខាងភូមិភាគអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យញូសោធវ៉េលស៍ (New South Wales) នៅបណ្ឌិតសភាពការពារប្រទេសអូស្រ្តាលី។ លោកនិយាយថា ទោះបីមានការបង្កហេតុកាល ពីពេលថ្មីៗនេះក៏ដោយ ក៏មានបុព្វហេតុបន្តិចបន្តួចដែលត្រូវព្រួយកង្វល់អំពីការប៉ះទង្គិចខាងយោធានោះ។ លោកបន្តថា៖
«រឿងទាំងនេះជារឿងតូចតាច ហើយភាគីទាំងពីរ បានបំផ្លើសឲ្យមានអារម្មណ៍ថា ទឹកដីរបស់គេស្ថិតនៅក្រោមការគម្រាមកំហែង ដែលតាមការពិតមិនមែនដូច្នោះទេ។ អ្វីដែលមានតាំងពីដើមមកគឺនៅតែដដែល»។
លោកហៅស្ថានភាពនាពេលបច្ចុប្បន្ននេះថាជាឆាកល្ខោននយោបាយហើយលោកនិយាយទៀតថា ពួកមេដឹកនាំយោធាថៃបានចង្អុលបង្ហាញថាស្ថានភាពនោះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី។ ក៏ប៉ុន្តែ លោកផាវិន និយាយថា រដ្ឋាភិបាលថៃ អាចត្រូវគេបង្ខំឲ្យរក្សាការគាំទ្រពួកអាវលឿង។ លោកនិយាយថា៖
«បើរដ្ឋាភិបាលថៃប្រកាសសង្គ្រាមជាមួយប្រទេសកម្ពុជា វាជារឿងមិនសមហេតុផលទេ។ មានមូលហេតុជាច្រើន ដែលរដ្ឋាភិបាលគួរដកថយវិញ ។ ក៏ប៉ុន្តែ ខ្ញុំមិនដឹងថាតើវាយឺតពេលបន្តិចហើយឬទេ» ។
ទាំងលោក ផាវីន ទាំងលោក ថេយរ៍ និយាយថា ភាពតានតឹង មានកម្រិត ខ្ពស់ ភាគច្រើនកើតឡើងដោយសារស្ថានភាពនយោបាយក្នុងប្រទេសថៃដែលមានការបែងចែកយ៉ាងខ្លាំង។
ពួកអាវលឿងដែលត្រូវគេចាត់ទុកជាអ្នកទីក្រុង និងអ្នកមានវណ្ណៈថ្នាក់កណ្តាលភាគច្រើនបានកាន់កាប់ការិយាល័យដ៏សំខាន់របស់រដ្ឋាភិបាលនៅឆ្នាំ២០០៨ ហើយបានបិទអាកាសយាន្តដ្ឋានក្នុងទីក្រុង ។ ការប្រឆាំងតវ៉ារបស់ពួកគេ បានធ្វើឲ្យមានការបណ្តេញរដ្ឋាភិបាលពីរ ដែលមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស្ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ចេញពីអំណាច ហើយបាននាំឲ្យមានការបង្កើតរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
នៅឆ្នាំ២០១០ ពួកអាវក្រហមរាប់ម៉ឺននាក់ដែលតំណាងឲ្យពួកអ្នកស្រុកជាច្រើននៃតំបន់ជនបទ បានធ្វើការប្រឆាំងតវ៉ាដោយខ្លួនឯងនៅក្នុងទីក្រុងបាងកកទាមទារឲ្យមានការបោះឆ្នោតថ្មី។ បន្ទាប់ពីបាតុកម្មអស់រយៈពេលពីរខែ យោធាថៃ បានធ្វើអន្តរាគមន៍ ហើយមនុស្ស៩០នាក់បានស្លាប់នៅក្នុងការប្រឈមមុខគ្នានោះ។
លោកផាវីន និយាយថា យុទ្ធសាស្រ្តរបស់ពួកអាវលឿងដែលមានបំណងបង្រួបបង្រួមជនជាតិថៃប្រឆាំងសត្រូវរួមក្នុងប្រទេសកម្ពុជានោះ តាមពិត អាចនឹងបំបែកពួកគេពីសម្ព័ន្ធភាពក្នុងគណៈបក្សប្រជាធិបតេយ្យដែលជាគណៈបក្សកំពុងកាន់អំណាច។ លោកផាវីននិយាយថា៖
«ប្រសិនបើអស់លោកអ្នកពិនិត្យឲ្យកាន់តែស៊ីជម្រៅ នេះជាការបែកបាក់នៅក្នុងក្រុមរាជានិយម ហើយខ្ញុំគិតថា វរជនទីក្រុងបាងកក វរជនតាមប្រពៃណី មិនរីករាយនឹងការដែលឃើញមានការបែកបាក់ក្នុងក្រុមរាជានិយមដែលមានគំនិតដូចគ្នានោះទេ» ។
អ្នកវិភាគទាំងនេះ និយាយថា ភាពតានតឹងរវាងកម្ពុជា និងថៃនឹងទំនងបន្ត
រហូតដល់ការបោះឆ្នោតថ្មីដែលត្រូវកំណត់ធ្វើក្នុងប្រទេសថៃហើយគណៈបក្សនយោបាយនានាផ្តោតម្តងទៀតលើបញ្ហាក្នុងស្រុក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន