វ៉ាស៊ីនតោន — ខ្សែភាពយន្តឯកសារ «យប់មិញបងឃើញអូនញញឹម» បង្ហាញពីទិដ្ឋភាពផ្លាស់ទីរបស់ប្រជាពលរដ្ឋខ្មែរចំនួន ៤៩៣គ្រួសារ ចេញពីអគារ «ស» ឬដែលត្រូវបានស្គាល់ជាទូទៅថាអគារប៊ូឌិញដ៏ទ្រុឌទ្រោម នៅរាជធានីភ្នំពេញ។
ប៉ុន្តែទិដ្ឋភាពនៃការរើឥវ៉ាន់ និងផ្លាស់ទីនេះ ក៏អមមកជាមួយនូវក្តីអាលោះអាល័យ ការចងចាំ និងអនុស្សាវរីយ៍របស់ពលរដ្ឋខ្មែរ ស្រីប្រុស ចាស់ក្មេង ដែលបានធំដឹងក្តី និងកសាងជីវិតគ្រួសារនិងជីវភាពរស់នៅរបស់ពួកគេ អស់រយៈពេលជាងច្រើនទសវត្សរ៍មកហើយ នៅក្នុងអគារដ៏ចាស់មួយនេះ។
ខ្សែភាពយន្តនេះ ដែលត្រូវបានដឹកនាំផលិតដោយលោក នាង កាវិច បានឈ្នះពានរង្វាន់អន្តរជាតិ NETPAC សម្រាប់ភាពយន្តល្អបំផុតពីតំបន់អាស៊ី នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ Rotterdam នៅប្រទេសហូឡង់ កាលពីខែកុម្ភៈកន្លងទៅ និងពានរង្វាន់ Special Jury Award សម្រាប់ខ្សែភាពយន្តឯកសារអន្តរជាតិខ្នាតវែង នៅក្នុងមហោស្រពភាពយន្តពីតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំទីក្រុង Los Angeles កាលពីខែឧសភាកន្លងទៅ។
ចាប់តាំងពីត្រូវបានផលិតឡើងនៅដើមឆ្នាំ២០១៩មក ខ្សែភាពយន្តឯកសារនេះត្រូវបានយកទៅចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិក្នុងតំបន់និងអន្តរជាតិជាច្រើន ដោយទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក នាង កាវិច ដែលលោកក៏ជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុនផលិតភាពយន្ត Anti-Archive នៅកម្ពុជា។
លោកបានប្រាប់ VOA ថា៖ «ដូចខ្ញុំជាសិល្បៈករ ចំពោះខ្ញុំ ខ្ញុំមានអារម្មណ៍រំភើប ហើយសប្បាយ ពីព្រោះមុនដំបូង ខ្ញុំអត់គិតថា នៅពេលខ្ញុំធ្វើទៅ វាហ្នឹងមានអ្នកចាប់អារម្មណ៍ ឬក៏មានអ្នកសួរសំណួរអីទេ ព្រោះនេះវាជារឿងផ្ទាល់ខ្លួនរបស់យើង។ តែនៅពេលគេចាប់ផ្តើមនិយាយទៅ ខ្ញុំថា នៅស្រុកនេះគេយល់ដែរ ហើយការគិតរបស់គេ ក៏ទូលំទូលាយ។ ហើយគេតែងតែលើកទឹកចិត្តយើង ទីមួយដែលយើងបានធ្វើរឿងហ្នឹង ហើយទីពីរ ដូចថា គាត់ធ្លាប់តែគិតរឿងសម័យរបបខ្មែរក្រហម ប៉ុន្តែតាមពិតទៅ ស្រុកខ្មែរយើងវាមានរឿងអីផ្សេងពីនេះដែរ»។
ខ្សែភាពយន្តឯកសារ «យប់មិញបងឃើញអូនញញឹម» ដែលជាចំណងជើងបទចម្រៀងមួយបទរបស់លោក ស៊ិន ស៊ីសាមុត ក្នុងអំឡុងទសវត្សរ៍៦០ ជាគ្រាដែលអគារប៊ូឌិញនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ បង្កប់នូវអតីតកាលដ៏វែងឆ្ងាយរបស់ផលិតករខ្សែភាពយន្តឯកសារនេះផ្ទាល់។
លោក នាង កាវិច បានធំដឹងក្តីនៅក្នុងអគារប៊ូឌិញនេះ។ លោកនិងក្រុមគ្រួសាររបស់លោករស់នៅក្នុងអគារ B បន្ទប់លេខ ៣៧ តាំងពីពេលដែលលោកកើតនៅឆ្នាំ ១៩៨៧មកម៉្លេះ។ ដូចគ្នានឹងអ្នករស់នៅជាច្រើននាក់ផ្សេងទៀតក្នុងអគារដ៏ទ្រុឌទ្រោមមួយនេះ ឪពុករបស់ផលិតកររូបនេះ បានចាប់ទីតាំងមករស់នៅក្នុងអគារនេះ នៅពេលដែលរដ្ឋាភិបាលថ្មីបានកោះហៅក្រុមអ្នកសិល្បៈចាស់ៗដែលរួចរស់ពីរបបខ្មែរក្រហម មកតាំងពីទីលំនៅនៅទីនោះ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។
អគារ«ស» ឬអគារប៊ូឌិញនេះ ត្រូវបានរចនាបថឡើងនៅក្នុងអំឡុងទសវត្សរ៍១៩៦០ ដោយស្ថាបត្យករខ្មែរលោក លូ បានហាប់ និងស្ថាបត្យករជនជាតិសូវៀត Vladimir Bodiansky មុនរបបខ្មែរក្រហមបានកាន់កាប់ប្រទេសនិងជម្លៀសប្រជាពលរដ្ឋចេញពីអគារនេះនៅទីក្រុងភ្នំពេញ ទៅកាន់តំបន់ជនបទ នៅខែមេសា ឆ្នាំ១៩៧៥។ នេះបើតាមឯកសារយោងរបស់ខ្សែភាពយន្តឯកសារ «យប់មិញបងឃើញអូនញញឹម»។
ក្រោយពីខ្មែរក្រហមត្រូវបានផ្តួលរំលំដោយការឈ្លានពានរបស់កងទ័ពវៀតណាមនៅដើមឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋជាច្រើននាក់បានចាប់ផ្តើមវិលត្រឡប់ចូលទីក្រុង ហើយអ្នកខ្លះបានចូលមករស់នៅក្នុងអគារប៊ូឌិញនេះ។ ក្នុងនោះរួមមានឪពុកម្តាយរបស់លោក នាង កាវិច ផងដែរ។
នៅខែឧសភា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តផ្តល់សិទ្ធិពេញលេញដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យឯកជនបរទេសមួយ ដើម្បីអភិវឌ្ឍអគារដ៏ទ្រុឌទ្រោមនេះទៅជាសំណង់អគារផ្ទះជួលបែបទំនើប។
សូមចុចមើលកម្រងរូបភាពនៃការផ្លាស់ទីរបស់ពលរដ្ឋនៅអគារប៊ូឌិញ
នៅពេលដែលលោកបានទទួលដំណឹងថា ក្រុមគ្រួសារនិងអ្នកជិតខាងលោកត្រូវបង្ខំចិត្តផ្លាស់ទីពីអគារនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចលក់អគារនេះទៅឲ្យក្រុមហ៊ុនអភិវឌ្ឍឯកជន ភ្លាមៗនោះលោក នាង កាវិច ក៏សម្រេចចិត្តថតចងក្រងបទពិសោធន៍ផ្លាស់ទីរបស់ក្រុមគ្រួសារលោក និងពលរដ្ឋដែលរស់នៅក្នុងអគារនេះ ដោយមិនមានគោលបំណងផលិតជាខ្សែភាពយន្តអី្វនោះទេ។
លោកបានប្រាប់ VOA ថា៖ «មុនដំបូងខ្ញុំអត់ដឹងថា ខ្ញុំត្រូវថតពីអីទេ ព្រោះខ្ញុំគិតថា បើសិនជាខ្ញុំមិនថតទេ ថ្ងៃក្រោយទៅគឺខ្ញុំលែងបានថតហើយ ព្រោះអំឡុងពេលហ្នឹង ប្រជាជនទាំងអស់ ហើយគ្រួសាររបស់ខ្ញុំហ្នឹង គាត់ត្រូវរៀបចំឥវ៉ាន់អីចឹងទៅណា។ ហើយដោយសារតែខ្ញុំនៅទីហ្នឹងយូរពេកទៅ ខ្ញុំឃើញប្រជាជននិងគ្រួសារខ្ញុំ មានអារម្មណ៍ថា ស្រមៃគិត ដូចថា យើងមានអនុស្សាវរីយ៍ជាមួយអគារប៊ូឌិញច្រើន»។
ក្នុងរយៈពេលប្រហែលជាងមួយខែ ចាប់តាំងពីចុងខែឧសភា រហូតដល់ខែសីហា ឆ្នាំ២០១៧ នៅពេលដែលអគារនេះត្រូវបានបំផ្លាញចោលទាំងស្រុង លោកនាង កាវិច បានថតវីដេអូ និងសម្ភាសក្រុមគ្រួសារលោក និងអ្នកជិតខាងលោក ដែលសរុបមានរយៈពេលប្រហែលជាង ៤០ម៉ោង។
លោកបានរៀបរាប់ថា រាល់ពេលដែលលោកមើលវីដេអូដែលលោកបានថតនៅអគារប៊ូឌិញនោះ ទិដ្ឋភាពទាំងនោះបានរំឭកលោកពីអតីតកាលកាលពីពេលលោកនៅក្មេង និងការចងចាំជាច្រើនដែលលោកមានជាមួយនឹងអគារនេះ។
លោកនាង កាវិច បានឲ្យដឹងថា លោកសម្រេចចិត្តផលិតខ្សែភាពយន្តឯកសារនេះឡើង ដើម្បីចងក្រងជាកម្រងឯកសារអំពីអគារចាស់ៗរបស់កម្ពុជាដែលត្រូវបានបំផ្លាញចោលដោយសារការអភិវឌ្ឍថ្មីៗ និងដើម្បីការចងចាំរបស់ពលរដ្ឋដែលបានកសាងជីវិតក្រុមគ្រួសារ និងបានរស់នៅក្នុងអគារចាស់ៗដែលមានលក្ខណៈប្រវត្តិសាស្ត្រនៅកម្ពុជា។
លោក កាវិច បានប្រាប់ VOA ថា៖ «ខ្ញុំគិតថា វាសំខាន់ដែរ ព្រោះទី១ អគារដែលខ្ញុំនៅ វាមានអាយុកាលនិងមានប្រវត្តិសាស្ត្រទាក់ទងជាមួយនឹង architect [ស្ថាបត្យកម្ម] ខ្មែរយើង។ ហើយដូចរាល់ថ្ងៃ អគារចាស់ៗភាគច្រើន ត្រូវបានគេវាយចោល ធ្វើអីផ្សេងអីចឹង។ ទី២ ខ្ញុំគិតថា ពេលថ្ងៃក្រោយទៅ បើសិនយើងចង់បានឯកសារទាក់ទងនឹងអគារចាស់ៗ ខ្ញុំគិតថា វាមានសារៈសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ»។
នៅពេលថតខ្សែភាពយន្ត «យប់មិញបងឃើញអូនញញឹម» ដែលមានរយៈពេល ៧៨នាទីនេះ លោក នាង កាវិច បានប្រាប់ឲ្យដឹងពីអារម្មណ៍របស់ពលរដ្ឋដែលធ្លាប់រស់នៅទីនេះ ហើយត្រូវផ្លាស់ទីទៅកន្លែងថ្មីថា៖
«ខ្ញុំបានជួបអ្នកខ្លះ ដែលគាត់មានអារម្មណ៍ស្រណោះស្រណោកជាមួយផ្ទះរបស់គាត់ ដែលគាត់ធ្លាប់នៅតាំងពីឆ្នាំ តាំងពីបែកប៉ុល ពត មក។ អីចឹងចំពោះគាត់ អ្វីដែលគាត់ធ្លាប់មានជាមួយអគារប៊ូឌិញហ្នឹង គឺវាមានច្រើន ដូចអ្នកខ្លះគាត់ស្រមៃថា ផ្ទះដែលគាត់នៅរាល់ថ្ងៃហ្នឹង គាត់ចាត់ទុកជាឪពុកម្តាយរបស់គាត់ ព្រោះគាត់គិតថា បើអត់ផ្ទះហ្នឹងទេ គឺពិបាក ជីវិតគាត់នឹងពិបាក មិនដឹងតែលតោលដល់ណា»។
ហើយសម្រាប់ឪពុកលោកផ្ទាល់វិញ ផលិតកររូបនេះបានលើកឡើងថា៖ «ដូចប៉ាខ្ញុំ គាត់អត់និយាយអីទេ ប៉ុន្តែនៅពេលដែលចាប់ផ្តើមរើឥវ៉ាន់ចុះទៅ បានគាត់មានអារម្មណ៍ថា អត់ចង់ក្រឡេកមើលមកក្រោយ ព្រោះក្រឡេកមើលមកក្រោយទៅ វាធ្វើឲ្យគាត់ចេះតែនឹក ស្រមៃអីចឹង»។
នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ លោក នាង កាវិច និងក្រុមការងារ នឹងរៀបចំគម្រោងចាក់បញ្ចាំងខ្សែភាពយន្តឯកសារអំពីអគារប៊ូឌិញដែលត្រូវបានបំផ្លាញចោលនេះ ទៅកាន់ពលរដ្ឋដែលធ្លាប់រស់នៅក្នុងអគារនេះពីមុន។
លោកបានបញ្ជាក់ពីគោលបំណងនៃការបញ្ចាំងខ្សែភាពយន្តនេះទៅកាន់ប្រជាពលរដ្ឋខ្មែរថា៖ «ខ្ញុំចង់អញ្ជើញអ្នកនៅជិតខាងខ្ញុំ ហើយអ្នកនៅក្នុងអគារប៊ូឌិញពីមុន ដើម្បីឲ្យគាត់បានមើល។ ខ្ញុំគិតថា បើគាត់បានមើលទៅ គាត់អាចចែករំលែកបទពិសោធន៍ ឬរំលែកពីអារម្មណ៍របស់គាត់អីចឹង។ហើយខ្ញុំក៏គិតថា អគារចាស់ៗ ខ្មែរយើងមិនទាន់ដឹងថា វាមានសារៈសំខាន់យ៉ាងម៉េចខ្លះទេ។ តែនៅពេលដែលយើងបាត់បង់ហើយ បានយើងចាប់ផ្តើមគិតថា វាមានសារៈសំខាន់។ ហើយបើយើងអាចការពារ និងអភិរក្ស ខ្ញុំគិតថា វាជារឿងមួយដែលយើងត្រូវពិភាក្សាគ្នាអីចឹង»។
ផលិតករវ័យក្មេងរូបនេះក៏សង្ឃឹមថា ប្រជាពលរដ្ឋទូទៅគួរតែស្វែងយល់ឲ្យបានច្រើនពីសារៈសំខាន់នៃប្រវត្តិសំណង់អគារចាស់ៗដែលនៅសេសសល់ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មុននឹងអគារទាំងអស់នេះត្រូវបានបំផ្លាញចោល ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍថ្មី៕