លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា អ្នកទទួលខុសត្រូវមួយរូបនៃមជ្ឈមណ្ឌលឯកសារកម្ពុជានឹងត្រូវចូលផ្ដល់សក្ខីកម្មនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។
សេចក្ដីប្រកាសធ្វើឡើងស្របពេលដែលក្រុមមេធាវីចុងចោទបានទាមទារមិនឈប់ឈរ ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះ ឲ្យតុលាការកោះហៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារខ្មែរក្រហមដ៏ធំជាងគេមួយនេះរបស់ប្រទេសកម្ពុជា ឲ្យចូលផ្ដល់សក្ខីកម្មដើម្បីផ្ទៀងផ្ទាត់ពីភាពអាចទទួលយកបាន ភាពដូចគ្នានឹងឯកសារដើម។ ឯកសារទាំងនេះត្រូវប្រើជាភស្ដុតាងក្នុងការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនបីនាក់ក្នុងសំណុំរឿង០០២។
លោកចៅក្រម និល ណុន បញ្ជាក់ថា ការផ្ដល់សក្ខីកម្មរបស់អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលឯកសារកម្ពុជានោះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ភាគីការពារក្ដី ក៏ប៉ុន្ដែការកោះហៅលោកឆាំង យុ អាចស្ថិតក្នុងការពិចារណានៅថ្ងៃក្រោយតែប៉ុណ្ណោះ។ នៅពេលឥឡូវនេះតុលាការបានកោះ អញ្ជើញមន្រ្តីម្នាក់ដែលដាក់លេខសម្គាល់ថាសាក្សីW 766។
«ដោយសាក្សី W 766 នេះ ក៏ជាមន្ដ្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដូច្នេះចំពោះការកោះហៅលោកប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាមកផ្ដល់សក្ខីកម្មនៅពេលណា គឺអង្គជំនុំជម្រះនឹងជម្រាបជូនភាគីក្រោយពេលដែលអង្គជំនុំជម្រះបានស្ដាប់សក្ខីកម្មរបស់សាក្សី w 766 រួចហើយ»។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្ដល់ឯកសារប្រមាណជា ៥០០.០០០ ឯកសារដល់សាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាងក្នុងការកាត់ទោសអតីតមេដឹកនាំកំពូលនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតអស់យ៉ាងតិចចំនួន ១,៧លាននាក់ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទបីនាក់គឺអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋ និងនួន ជា អតីតប្រធានសភាបានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងកោះហៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលនេះឲ្យចូលបំភ្លឺលើឯកសាររបស់ខ្លួនទាំងនោះ។ លោក ឆាំង យុ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទថា គាត់នឹងគោរពតាមការសម្រេចរបស់ចៅក្រមនៃសាលាដំបូង។ក៏ប៉ុន្ដែនៅថ្ងៃអង្គារម្សិលម៉ិញនេះសហព្រះរាជអាជ្ញាជាតិ និងអន្ដរជាតិបានប្រឆាំងជំទាស់នឹងការស្នើសុំនេះ។
នៅថ្ងៃនេះទៀត សហមេធាវីការពារជនជាប់ចោទចាស់ជរាទាំងបីបានទទូចឡើងវិញឲ្យលោក ឆាំង យុ ចូលផ្ដល់សក្ខីកម្ម។
លោក សុន អរុណ សហមេធាវីកម្ពុជារបស់ នួន ជា បានដាក់លក្ខខណ្ឌថា ក្រុមរបស់លោកនឹងនៅតែបន្តប្រឆាំងនឹងឯកសារដែលស្រង់ចេញពីមជ្ឈមណ្ឌលឯកសារកម្ពុជាប្រសិនបើលោកឆាំង យុ ពុំមានវត្តមានក្នុងតុលាការនោះទេ។
«ត្រូវ DC-Cam មកបញ្ជាក់ពីការចារលើឯកសារទាំងនោះ និងផ្ដល់នូវឯកសារច្បាប់ដើមដល់អង្គជំនុំជម្រះដើម្បីពិនិត្យជាយថាភូតរបស់វា បើមិនដូច្នោះ យើងនៅតែរក្សាជំហរដដែលក្នុងការជំទាស់ទៅនឹងឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលដាក់ជូនដោយការិយាល័យសហព្រះរាជអាជ្ញានេះ»។
ការជជែកជំទាស់ទៅនឹងឯកសារដែលបានមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្លាយទៅជាចំណុចស្នូលនៃការដេញដោលក្នុងការកាត់ទោសសំណុំរឿង០០២ ក្នុងសប្ដាហ៍នេះ។ អៀង សារី និង នួន ជា បានស្នើសិទ្ធិមិនចូលរួមសវនាការដោយផ្ទាល់។ គឺមានតែខៀវ សំផន ម្នាក់ទេដែលមានវត្តមានជាប់លាប់ក្នុងបន្ទប់កាត់ក្ដី៕