ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត​ឯកសារ​​អាមេរិក​បង្ហាញ​សង្គ្រាម​តាមរយៈទស្សនៈ​យុទ្ធជន​អាមេរិក


អ្នក​និពន្ធ​រឿង​លោក Sebastian Junger (ឆ្នេង) និង​អ្នក​ថត​រូប​លោក​ Tim Hetherington (ស្តាំ) នៅ​ក្នុង​ពេល​បំពេញ​ការងារ​ឲ្យ​ទស្សនាវដ្តី​ Vanity Fair Magazine នៅ​ជំរុំ​យោធា​ 'Restrepo' មួយ។
អ្នក​និពន្ធ​រឿង​លោក Sebastian Junger (ឆ្នេង) និង​អ្នក​ថត​រូប​លោក​ Tim Hetherington (ស្តាំ) នៅ​ក្នុង​ពេល​បំពេញ​ការងារ​ឲ្យ​ទស្សនាវដ្តី​ Vanity Fair Magazine នៅ​ជំរុំ​យោធា​ 'Restrepo' មួយ។

ភាព​យន្ត​ឯក​សារដែលមាន​ចំណង​ជើង​ថា រ៉េស្ត្រេប៉ូ (Restrepo) បាន​បង្ហាញ​អំពី​ការ​ពិត​នៃ​សង្រ្គាម​តាម​រយៈបទ​ពិសោធន៍​របស់​កង​អនុសេនា​តូច​អាមេ​រិក​មួយ​ នៅអាហ្គា​នីស្ថាន។

អំពើ​ហឹង្សា​ជា​ផ្នែក​មួយ​នៃជីវិត​ប្រចាំ​ថ្ងៃរបស់កង​អនុ​សេនា​តូចដែល​មាន​សមាជិក​ចំនួន១៥​រូបមួយ​នេះ​ ដែល​ត្រូវ​បានចាត់​តាំង​ឲ្យ​ប្រចាំការនៅ​ក្នុង​តំបន់​ជ្រលង​កូរេនហ្កាល (Korengal Valley) ​ភាគខាងកើត​នៃអាហ្កានីស្ថាន​ក្នុង​រវាង​ឆ្នាំ​២០០៧​និង២០០៨។

ភាព​យន្ត​នេះ​ចាប់​ផ្តើមដោយការ​ផ្ទុះគ្រឿង​ផ្ទុះមួយ​គ្រាប់ដែល​កង​ទ័ពនៅ​ក្នុង​រថ​ពាស​ដែក​មួយបាន​ជួប​ប្រទះ។​ ​លោក​ សេបាស្ទាន ចាំងហ្គ័រ (Sebastian Junger) ដែលបាន​សរសេរសៀវ​ភៅដែល​លក់​ដាច់​ជាង​គេ​បំផុតមួយ​ដែល​មានចំណងជើង​ថា «ព្យុះ​ល្អ​ឥត​ខ្ចោះ» (The Perfect Storm) និយាយ​ថា ខ្សែ​ភាព​យន្ត​ឯក​សារ​នេះ​មិន​បាន​ធ្វើ​ការ​វិនិ​ច្ឆ័យ​អ្វី​ទាំង​អស់។​ លោក​ថ្លែង​ថា៖

«យើង​ចង់​ផលិតភាព​យន្ត​មួយ​សម្រាប់​អ្នក​ទស្សនា ដែល​បង្ហាញ​ពីបទ​ពិសោធន៍​ផ្ទៃក្នុង​ដ៏​ពេញ​លេញ​នៃសង្រ្គាម អំពី​ការ​ប្រយុទ្ធរបស់យុទ្ធជន​។ កង​ទ័ព​មិនជជែក​ដេញ​ដោល​គ្នា​អំពី​សំណួរនយោ​បាយ​ទូលំ​ទូលាយ​ទេ ខណៈដែល​ពួក​គេ​កំពុង​ប្រយុទ្ធ។ ពួក​គេដឹង​តែ​ពី​ធ្វើ​»។

ភាព​យន្ត​ឯក​សារតាម​ថត​សកម្ម​ភាពរបស់​កងអនុ​សេនា​តូច​លេខ​២ កង​អនុសេនា​ធំ​ចម្បាំង​ ក្រុម​ប្រយុទ្ធកង​ពល​តូច​អាកាស​លេខ​១៧៣​ ខណៈដែល​ពួក​គេ​សាងសង់ប៉ុស្តិ៍ប្រចាំ​ការ​មួយនៅ​លើ​កំពូល​ភ្នំ​ ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ទី​តាំង​របស់​ពួក​តាលីបាន។

ពួក​គេ​បាន​ដាក់​ឈ្មោះភាពយន្តនោះថា រ៉េសត្ត្រេប៉ូ (Restrepo) ដោយ​យកតាមឈ្មោះ​របស់កង​ទ័ព​ម្នាក់​ឈ្មោះ ហ័ន រ៉េស្ត្រេប៉ូ (Juan Restrepo) ដែល​ជា​ពេទ្យ​ទាហាន​វ័យ​២០​ឆ្នាំ​រូប ​ត្រូវ​បាន​សម្លាប់​កាលពីការ​ដាក់​ពង្រាយ​កង​ទ័ពដំបូង។

ផលិតករ​ភាព​យន្ត​លោក ហេធ័រីនតុន (Hetherington) ​និយាយ​ថា​ កង​ទ័ព​ទាំង​នេះ​បាន​សម្របខ្លួនទៅ​នឹង​ស្ថាន​ភាពជាក់​ស្តែងដ៏ឃោរ​ឃៅ​មួយ​។ លោក​មាន​ប្រសាសន៍​ថា៖

«អ្នក​អាច​និយាយ​ថា សង្រ្គាម​គឺ​ជា​ភាព​អាម៉ាស​មួយ។ វា​បំផ្លាញ​អ្វីៗទាំងឡាយ ប៉ុន្តែក្នុង​ពេល​ជា​មួយ​គ្នា​នោះ សង្រ្គាម​ក៏ធ្វើ​ឲ្យ​អ្នក​មានមនុស្សធម៌ដែរ។ នេះ​ក៏​ជា​អ្វីដែល​ប្រជា​ពល​រដ្ឋ​ពិ​បាក​យល់ដែរ»។

ផលិតករ​ភាព​យន្ត​ម្នាក់ៗ​បាន​ប្រើម៉ាស៊ីនថត​វីដេអូតូចៗ ដើម្បី​ថត​យក​រូប​ភាព​នៃ​ការ​វាយ​ប្រហាររបស់​ពួកតាលីបាន ប្រកប​ដោយ​ហឹង្សា ចូលរួមការ​ប្រជុំ​ប្រ​ចាំ​សប្តាហ៍​ជា​ច្រើន​ម៉ោង​ដ៏​គួរឲ្យ​ធុញជា​មួយ​នឹង​ប្រ​ជាពលរដ្ឋ​នៅ​តាមមូល​ដ្ឋាន។ លោកចាំងហ្គ័រ ​និយាយ​ថា ភាពយន្ត​បាន​បង្ហាញ​ពី​ភាព​មិន​ប្រាកដ​ប្រជា ការ​ភ័យ​ខ្លាច និង​ការ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ ដែល​កង​ទ័ព​ជួប​ប្រទះ​ក្នុងសង្រ្គាម។ លោក​បន្តថា៖

«ពី​សង្រ្គាម​មួយ​ទៅ​សង្រ្គាម​មួយ ពី​មួយ​សត​វត្ស​រ៍ទៅ​មួយ​សត​វត្សរ៍ ខ្ញុំគិត​ថា​ វាមិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នោះ​ទេ។ វា​គឺ​ជា​បទ​ពិសោធន៍នៃ​ក្រុមយុវជន ដែល​ប្រឈមនឹង​ការ​ស្លាប់​ និងការ​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​គិត​ថា មាន​សមាស​ភាព​សំខាន់​មួយក្នុងបទពិសោធន៍​នេះ​ ដែល​ពិត​ជា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នោះ​ទេ»។

ផលិតករ​ភាព​យន្ត​និយាយ​ថា ភាព​យន្តនេះមិន​ប្រឆាំង ​ហើយ​ក៏​មិន​គាំ​ទ្រ​សង្រ្គាម​ដែរ ហើយ​លោក ហេធ័រីនតុន និយាយ​ថា តាម​រយៈភាព​យន្ត​នេះ ជន​ស៊ី​វិល​ដឹងពី​បទ​ពិសោធន៍​របស់​កង​ទ័ពនៅ​ឯ​សមរភូមិ​មុខ។

«យើង​ទាំង​ពីរ​នាក់​យល់ថា ប្រជា​ពល​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ត្រូវ​ដឹងឲ្យបាន​គ្រប់​ជ្រុង​ជ្រោយអំពី​អ្វី​ដែល​ពួក​គេ​បានសុំឲ្យយុវជនទាំង​នេះ​ធ្វើ​ នៅ​ពេល​ពួក​គេបញ្ជូនយុវជនទាំង​នេះ​ទៅ​កាន់​សមរភូមិ។ ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ការ​ពិត​ទាំង​នេះ។ ហើយ​យើង​ចង់​ឲ្យភាពយន្តរបស់​យើង​ក្លាយ​ទៅ​ជា​ស្ពាន​មួយភ្ជាប់រវាង​សាធារណ​ជន និង​ភាព​ជា​កង​ទ័ព»។

លោក​និយាយ​ថា​ ការ​ធ្វើ​របៀប​នេះ​អាច​នាំ​ឲ្យ​មានការ​សន្ទនាប្រកប​ដោយ​ការ​យល់​ដឹង​ដ៏​ប្រសើរមួយ​ អំពី​ការ​ចំណាយ​ និងលទ្ធផល​នៃ​សង្រ្គាម។ ​អ្នក​រិះ​គន់​បាន​សរសើរ​ភាពយន្តនេះថា ​ជា​រូប​ភាព​ដ៏គ្រោត​គ្រាត​ និងតឹង​តែងមួយ។ មនុស្ស​មួយ​ចំនួន​បានរអ៊ូ​ថា ភាពយន្ត​នេះបង្ហាញឲ្យ​ឃើញ​នូវ​បទ​ពិសោធន៍តិចតួច​នៅអា​ហ្កា​នីស្ថានពី​ទស្សនៈ​របស់​ជន​ជាតិ​អាមេរិកម្នាក់។ ហេធ័រីនតុន និង​ចាំងជ័រ ​សារភាព​ថា ការ​លើក​ឡើង​ច្រើន​អំពី​សង្រ្គាម​គឺ​ហួសពី​ដែន​កំណត់​របស់​ពួក​គេ​ ហើយ​និយាយ​ថា គោល​បំណង​របស់​ភាព​យន្ត​នេះ​គឺ​ដើម្បី​ប្រាប់​អំពី​រឿង​រ៉ាវ​របស់​កង​ទ័ព៕៚

ប្រែសម្រួល​ដោយ ឌី ខាំបូលី

XS
SM
MD
LG