ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​ជំរុញ​ឲ្យ​ហាមឃាត់​ការ​សេព​គ្រឿង​ស្រវឹង​៥​ឆ្នាំ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​​ក្នុង​ក្រុង​ដាច់​ស្រយាល​មួយ​នៅ​អូស្ត្រាលី


សមាជិក​នៃ​សហគមន៍​ជនជាតិ​ដើម​អូស្ត្រាលី​ក្នុង​ភូមិ Ramingining កំពុង​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ពួកគេ ​ក្នុង​តំបន់ East Arnhem Land ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
សមាជិក​នៃ​សហគមន៍​ជនជាតិ​ដើម​អូស្ត្រាលី​ក្នុង​ភូមិ Ramingining កំពុង​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ពួកគេ ​ក្នុង​តំបន់ East Arnhem Land ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤។

វេជ្ជបណ្ឌិត​កំពុង​តែ​ជំរុញ​ឲ្យ​ហាមឃាត់​ការ​សេព​គ្រឿង​ស្រវឹង​រយៈពេល​៥​ឆ្នាំ​នៅ​ក្នុង​ក្រុង Tennant Creek ប្រទេស​អូស្ត្រាលី ដែល​កំពុង​មាន​វិបត្តិ។ រដ្ឋាភិបាល​ដែនដី​ខាង​ជើង​មួយ​នេះ​បាន​ដាក់​កំហិត​មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង​រយៈពេល​ពីរ​សប្តាហ៍​នៅ​ក្នុង​ក្រុង​នេះ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​​នូវ​អំពើ​ហិង្សា​ដែល​កើតឡើង​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង ប៉ុន្តែ​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ជឿ​ថា ចាំ​បាច់​ត្រូវ​មាន​យន្តការ​ដែល​តឹងរ៉ឹង​ជាង​នេះ។​​​​

ការ​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​ទាំងស្រុង​លើ​ច្បាប់​ស្តីពី​ការ​សេព​គ្រឿង​ស្រវឹង​ក្នុង​ក្រុង Tennant Creek ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អូស្ត្រាលី បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ថា មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ទារក​ជនជាតិ​ដើម​ម្នាក់​អាយុ​២​ឆ្នាំ និង​មាន​ការ​ធ្វើ​អត្តឃាត​ជាច្រើន​ទៀត។ ​

ក្រុម​វេជ្ជបណ្ឌិត​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​សាធារណៈ​មួយ​អំពី​របៀប​ដែល​ពួកគេ​អាច​ព្យាបាល​ស្ត្រី​មាន​គភ៌​ជាច្រើន​ដែល​ស្រវឹង​និង​ជនជាតិ​ដើម​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​វាយប្រហារ​ឬ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ ក្នុង​ពេល​កំពុង​ស្រវឹង។ ក្រុម​វេជ្ជបណ្ឌិត​ទាំង​នោះ​ក៏​ព្យាបាល​កុមារ​តូចៗ​ដែល​មាន​រោគសញ្ញា​មួយ​ចំនួន​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង ​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​និង​ផ្នែក​បញ្ញា​ស្មារតី​នៅ​ពេល​ដែល​ទារក​កើត​មក ដែល​កើត​ឡើង​ដោយសារ​តែ​ស្ត្រីមាន​គភ៌សេព​គ្រឿង​ស្រវឹង​ហួស​កម្រិត​ផង​ដែរ។ ​

ក្រុង Tennant Creek មាន​ប្រជាជន​ប្រមាណ​៣០០០​នាក់។ ប្រហែល​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​គឺ​ជា​ជនជាតិ​ដើម​អូស្ត្រាលី ហើយអត្រា​គ្មាន​ការងារ​ធ្វើ​របស់​ពួកគេ​មាន​កម្រិត​ខ្ពស់ មាន​បញ្ហា​សុខភាព និង​មាន​សមាជិក​គ្រួសារ​ច្រើន​រស់​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ ខណៈ​ដែល​សហគមន៍​នេះ​ក៏​កំពុង​ជួប​ប្រទះ​នឹង​ការ​បំពាន​គ្រឿង​ស្រវឹង​និង​អំពើ​ហិង្សា។ ​នៅ​ទូទាំង​ប្រទេស អ្នកស្រុក​ជនជាតិ​ដើម​របស់​អូស្ត្រាលី​មាន​ប្រហែល​បី​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ប៉ុន្តែ​តួលេខ​ឧក្រិដ្ឋកម្ម​ក្នុង​ចំណោម​ពួកគេ​មាន​ភាគរយ​ខ្ពស់​ទៅ​វិញ។

អាជ្ញាធរ​នៅ​ភាគ​ខាងជើង​អូស្ត្រាលី​និយាយ​ថា ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយនេះ ដែល​មាន​ការ​ដាក់​កំហិត​ទៅ​លើ​ការ​លក់​គ្រឿង​ស្រវឹង​ បាន​ធ្វើ​ឲ្យ​ក្រុង Tennant Creek មាន​សុវត្ថិភាព​ជាង​មុន។ ក្នុង​អំឡុង​ពេល​នោះ មាន​ការ​ដាក់​កម្រិត​ទៅ លើ​ម៉ោង​ដែល​អាច​លក់​គ្រឿង​ស្រវឹង​បាន ​និង​បរិមាណ​ស្រាបៀរ​ឬស្រា​ដែលអតិថិជន​អាច​ទិញ​បាន។ ​

លោក Steve Edgington អភិបាល​ក្រុង Tennant Creek និយាយ​ថា មាន​ការ​យល់​ឃើញ​ខុសគ្នា​ទៅ​លើ​គំនិត​នេះ​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន។ ​

«ប៉ូលិស​ក្នុង​ស្រុក​កំពុង​តែ​ប្រាប់​ខ្ញុំ​ថា ការ​ដាក់​កំហិត​នេះ​មាន​ប្រសិទ្ធភាព​ណាស់។ ការ​លក់​គ្រឿង​ស្រវឹង​តែ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ពិត​ជា​បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​និង​ការ​សេព​គ្រឿង​ស្រវឹង។ សមាជិក​សហគមន៍​ផ្សេង​ទៀត​គិត​ថា ការ​ដាក់​កំហិត​នេះ​គួរ​តែ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ ហើយ​អ្នក​ខ្លះ​និយាយ​ថា ការ​ដែល​អាច​ទិញ​ស្រាបៀរ​មួយ​យួរ​ក្នុង​មួយ​ថ្ងៃ​នៅ​តែ​ច្រើន​ហួសហេតុ ហើយ​ពួកគេ​ចង់​ឃើញ​ការ​ដាក់​កំហិត​ឲ្យ​លើស​ពី​នេះ។ ដូច្នេះ​ខ្ញុំ​ឭ​គំនិត​ខុសៗ​គ្នា​ពី​អ្នក​ផ្សេងៗ​នៅ​ក្នុង​សហគមន៍​នេះ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​វេជ្ជបណ្ឌិត​ព្រមាន​ថា ដំណោះស្រាយ​រយៈពេល​វែង​ដើម្បី​កាត់បន្ថយ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​គឺ​ចាំបាច់​ណាស់។ ក្រុម​វេជ្ជបណ្ឌិត​ទាំង​នោះ​ក៏​បាន​ទទូច​ឲ្យ​មាន​ការ​ហាមឃាត់​រយៈពេល​៥​ឆ្នាំ​ទៅ​លើ​ការ​សេព​គ្រឿង​ស្រវឹង ​ក្នុង​ក្រុង​ដែល​មាន​ចម្ងាយ​១០០០​គីឡូម៉ែត្រ​ប៉ែក​ខាង​ត្បូង​ទីក្រុង Darwin ដែល​នឹង​អាច​ជួយ​ដល់​អ្នក​ស្រុក​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

គ្រឿង​ស្រវឹង​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ជាច្រើន​ ដោយ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​មេដឹកនាំ​កុលសម្ព័ន្ធ។ ការ​រត់ពន្ធ​គ្រឿង​ស្រវឹង​ទៅ​ក្នុង​តំបន់​ទាំង​នេះ​ដែល​គេ​ហៅ​ថា «តំបន់​ស្ងួត» អាច​នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ។

ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នេះ អ្នក​រស់នៅ​ក្នុង​ក្រុង Tennant Creek ទាំង​មូល ត្រូវ​បាន​ដាក់​កំហិត​ទៅ​លើ​ការ​សេព​គ្រឿង​ស្រវឹង៕​

ប្រែសម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG