តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានលុបចោលគោលនយោបាយអនុគ្រោះជនភាគតិចក្នុងការទទួលនិស្សិតចូលរៀននៅតាមមហាវិទ្យាល័យនានា ដោយបង្ខំឱ្យស្ថាប័នឧត្តមសិក្សារបស់អាមេរិក ត្រូវរកវិធីថ្មីផ្សេង ដើម្បីសម្រេចបាននូវស្ថាប័នអប់រំនិស្សិត ដែលមានភាពចម្រុះគ្នា។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
តុលាការកំពូលដែលមានចៅក្រមភាគច្រើនខាងអភិរក្សនិយមនោះ បានបដិសេធចោលផែនការទទួលនិស្សិតចូលសិក្សារបស់សាកលវិទ្យាល័យ Harvard និងសាលវិទ្យាល័យ North Carolina ដែលជាមហាវិទ្យាល័យឯកជននិងរដ្ឋ ដែលមានអាយុកាលយូរជាងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិក។
ប្រធានតុលាការកំពូលលោកចៅក្រម John Roberts បាននិយាយថា សាកលវិទ្យាល័យជាច្រើន បានប្រព្រឹត្តខុសអស់ពេលជាយូរមកហើយ ដែលថាគុណតម្លៃនៃអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ មិនផ្អែកទៅលើការប្រកួតប្រជែង ការកសាងជំនាញ ឬក៏មេរៀនដែលគេបានរៀនសូត្រនោះឡើយ តែបែរជាស្ថិតនៅលើពណ៌សម្បុរស្បែករបស់គេទៅវិញ។ ប្រវត្តិរដ្ឋធម្មនុញ្ញរបស់យើង មិនអត់ឱនទៅលើការអនុវត្តដូចនេះនោះឡើយ»។
ចៅក្រមតុលាការកំពូលលោកស្រី Sonia Sotomayor បានលើកមតិជំទាស់ដោយនិយាយថា ការអនុវត្តនោះ កើតមានឡើងជាច្រើនទសវត្សរ៍មកហើយ សម្រាប់ការចម្រើនទៅមុខដ៏សំខាន់ និងធ្លាប់តែកើតមានយ៉ាងដូចនេះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden និយាយថាលោកមិនយល់ស្រប «យ៉ាងខ្លាំង, យ៉ាងខ្លាំង» នឹងការសម្រេចចិត្តរបស់តុលាការកំពូលក្នុងការបញ្ឈប់គោលនយោបាយអនុគ្រោះជនភាគតិចនៅក្នុងការចូលរៀននៅមហាវិទ្យាល័យ។ លោក Biden បាននិយាយថា ក្រុមចៅក្រមតុលាការកំពូលបានបោះចោលអ្វីដែលបានអនុវត្ត «រាប់ទសវត្សរ៍មុន» ហើយការរើសអើងផ្អែកលើពូជសាសន៍នៅតែបន្តកើតមាននៅក្នុងប្រទេសអាមេរិក៕